Dzarma Bata ជុំវិញការប្រកួតដោយបិទទ្វារ ប្រសិនបើបាល់ទាត់ត្រលប់មកវិញ

មាស សុផាណារ៉ុង May 2, 2020


 

សៀមរាប៖ ស្ថានភាពជំងឺកូវីដ១៩ (វីរុសកូរ៉ូណា) នៅកម្ពុជា មានភាពប្រសើរឡើងបន្ទាប់ពីអ្នកជំងឺចំនួន ១២០នាក់ ក្នុងចំណោម ១២២នាក់ បានជាសះស្បើយ ហើយត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ និងក្រសួងសុខាភិបាល មិនបានរាយការណ៍ថាមានករណីវិជ្ជមានថ្មីជាច្រើនថ្ងៃជាប់ៗគ្នាថែមទៀត។

ប្រការនេះអាចផ្តល់ក្តីសង្ឃឹមដល់ការវិលត្រឡប់នៃបាល់ទាត់វិញ ខណៈខ្សែប្រយុទ្ធរបស់អង្គរថាយហ្គឺរ Dzama Bata ថាមិនមានជាបញ្ហាចោទអ្វីនោះទេ ប្រសិនបើលីគកំពូលកម្ពុជា ត្រូវប្រកួតដោយបិទទ្វារ (គ្មានទស្សនិកជនចូលទស្សនា) ព្រោះគាត់ក៏បានបញ្ជាក់ពីសារៈសំខាន់នៃការអនុវត្តការណែនាំវេជ្ជសាស្រ្ត ដើម្បីធានាសុវត្ថិភាពសម្រាប់អ្នករាល់គ្នា។

ទោះយ៉ាងណា គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) មិនទាន់បានបង្ហាញពីផែនការ ឬសេណារីយ៉ូ ដែលស្នើទាក់ទងនឹងថាតើបាល់ទាត់គួរវិលត្រឡប់មកវិញយ៉ាងដូចម្តេច នៅឡើយ។

ពានរង្វាន់លីគកំពូលកម្ពុជា ត្រូវបានផ្អាកដោយសារការរីករាលដាលជំងឺកូវីដ១៩ តាំងពីសប្តាហ៍ទី៥ ដោយភ្នំពេញក្រោន ឈរនៅលើកំពូលតារាង រីឯអង្គរថាយហ្គឺរ ឈរនៅចំណាត់ថ្នាក់លេខ៤។

Dzarma Bata បានប្រាប់សារព័ត៌មាន camsports.org ថា៖ «ពិតជាមិនមានភាពល្អប្រសើរឡើយ ក្នុងការលេងដោយគ្មានអ្នកគាំទ្រ (នៅពីក្រោយបិទទ្វារ) ប៉ុន្តែយើងមិនមានអ្វីដែលត្រូវធ្វើ ក្រៅពីការការពារខ្លួនពីការឆ្លងរាលដាលនៃជំងឺកូវី១៩ ហើយប្រសិនបើអាជ្ញាធរផ្តល់បទបញ្ជា នោះយើងគ្មានជំរើសទេ ប៉ុន្តែដើម្បីយល់ពីមូលហេតុដែលយើងលេងដោយគ្មានអ្នកគាំទ្រ គឺដើម្បីការពារខ្លួនពីស្ថានភាពនេះ។»

«បាទ! ប្រហែលជាស្ថានភាពដែលយើងកំពុងឆ្លងកាត់នេះ ពិតជាអាក្រក់ និងគួរឲ្យសោកស្តាយ ហើយយើងមិនហ្វឹកហាត់ជាមួយគ្នាជាក្រុមដោយសារតែការរីករាលដាលនៃជំងឺ Coronavirus នេះ។ សម្រាប់ខ្ញុំ ខ្ញុំតែងតែហ្វឹកហាត់ខ្លួនខ្ញុំជារៀងរាល់ថ្ងៃ ហើយយើងក៏មានការហ្វឹកហាត់តាមអនឡាញ ជាមួយមិត្តរួមក្រុមរបស់ខ្ញុំផងដែរ ដើម្បីរក្សាកម្រិតកាយសម្បទារបស់ខ្ញុំអោយប្រសើរឡើង។» Bata បានបន្ថែម។

កីឡាករសញ្ជាតិនីហ្សេរីយ៉ា ដដែលរូបនេះ បន្តទៀតថា៖ «ខ្ញុំពិតជានឹកបាល់ទាត់ណាស់ ព្រោះនោះជាអ្វីដែលខ្ញុំចូលចិត្តធ្វើសម្រាប់ជីវិតរបស់ខ្ញុំ ហើយបាល់ទាត់គឺជាផ្នែកមួយរបស់ខ្ញុំ។ ខ្ញុំនឹកស្មៅបៃតង អ្នកគាំទ្រខ្ញុំ និងអ្នកគាំទ្រអង្គរថាយហ្គឺរ។»

«ខ្ញុំមិនអាចរង់ចាំការត្រលប់មកជាន់ស្មៅបៃតងសារជាថ្មី និងឃើញអ្នកគាំទ្ររបស់យើងដែលជាធម្មតាផ្តល់កម្លាំងចិត្ត និងការគាំទ្រដល់ខ្ញុំឡើយ។ ខ្ញុំពិតជាចង់ទៅលើទីលានឆាប់ៗនេះ ហើយសង្ឃឹមថាអ្វីៗនឹងប្រសើរឡើងឆាប់ៗនេះ។» Dzarma Bata សង្គត់ធ្ងន់៕

 

រូបភាព៖ Angkor Tiger Football Club

អត្ថបទ៖ សុភ័ក្ត្រ

មតិយោបល់