អ្នកចាំទីថ្មីបឹងកេត ព្រួយបារម្ភចាមួយ U-19 កម្ពុជា និងការធ្លាក់ទម្រង់លេងខ្លួនឯង ក្រោយពុំសូវបានបង្ហាញមុខ ចំពេលកូវីដ-១៩ កំពុងរាតត្បាត

មាស សុផាណារ៉ុង April 30, 2020


 

ភ្នំពេញ៖ អ្នកចាំទីចំណូលថ្មីរបស់បឹងកេត កីឡាករ ថា ចាន់ឬទ្ធី បានសម្ដែងក្ដីព្រួយបារម្ភខ្លះៗ អំពីកៅអីជាមួយក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម ១៩ឆ្នាំ ក៏ដូចជាការធ្លាក់ទម្រង់លេង ក្រោយចាប់តាំងពីចូលរួមជាមួយបឹងកេត ពុំសូវមានឱកាសបង្ហាញខ្លួន និងចំពេលជំងឺកូវីដ-១៩ កំពុងរាតត្បាត។

ថា ចាន់ឬទ្ធី ត្រូវបានប្រកាសថាបានក្លាយជាសមាជិក របស់បឹងកេត កាលពីដើមខែធ្នូ ឆ្នាំ២០១៩ ក្រោយផ្ទេរចេញពី ក្រុមយុវជនសាលាបាល់ទាត់ជាតិបាទី ជាមួយមិត្តរួមក្រុម ៣រូបផ្សេងទៀតមាន ខ្សែការពារ ជុង មករា, ខ្សែបម្រើការពារ សៅ វ៉ៃហ្វី និងខ្សែប្រយុទ្ធ សៀង ចន្ធា និងដែលថែមទាំងសុទ្ធសឹងតែជាសមាជិកក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម ១៩ឆ្នាំ ដូចគ្នា គ្រាដែលនៅទីនោះគេមានឱកាសបង្ហាញខ្លួនជាញឹកញាប់ជាមួយក្រុម។

យ៉ាងណាមិញ ចាប់តាំងពីចូលរួមជាមួយ បឹងកេត យុវជនដដែលរូបនេះ នៅមិនទាន់មានឱកាសបង្ហាញខ្លួនជាមួយក្រុមម្ដងណានៅឡើយទេ ដោយបានត្រឹមអង្គុយនៅកៅអីបម្រុង ខណៈសាមីខ្លួនក៏មានការព្រួយបារម្ភខ្លះអំពីកៅអីជាមួយក្រុម U-19 កម្ពុជា ក៏ដូចជាការធ្លាក់ទម្រង់លេង។

ថា ចាន់ឬទ្ធី បានប្រាប់សារពត៌មាន camsports.org ថា៖ «ខ្ញុំទើបតែចូលរួមជាមួយក្លិបបឹងកេតថ្មីៗ ទម្រង់លេងរបស់ក្លិបក៏មិនទាន់យល់បានច្រេីនដែរ ហេីយជាបញ្ហាខ្លាំងនោះ គឺមានជំងឺកូវីដ-១៩ កេីតឡេីងមកទៀត វាធ្វេីឲ្យខ្ញុំកាន់តែពិបាក។»

នៅពេលដែលចោទសួរថា តើមានការបារម្ភចំពោះជម្រើសជាតិអាយុក្រោម ១៩ឆ្នាំដែរឬទេ? យុវជនវ័យ ១៨ឆ្នាំរូបនេះ បានឆ្លើយតបដូច្នេះ៖ «វាពិតជាបារម្ភខ្លាំង បេីគេចាប់ផ្តេីមកា្របកួតនៅចុងឆ្នាំនេះ តែបេីគេលេីកទៅឆ្នាំក្រេាយវាពិតជាល្អ។ បេីសិនជាប្រកួតនៅចុងឆ្នាំនេះ វាពិតជាមានពេលតិចតួចណាស់ចំពោះពួកយេីងត្រៀមខ្លួន ព្រោះក៏ដឹងដែរបច្ចុប្បន្នមានជំងឺកូវីដកេីតឡេីង។ ពួកយេីងត្រូវការពេលវេលាគ្រប់គ្រាន់ ដូចជាប្រមូលផ្តុំញឹកញាប់ សមជេីងជាមួយក្រុមខ្លាំងៗ ច្រេីនដេីម្បីយល់ចិត្តគ្នា ក៏ដូចជាទម្រង់លេង។»

គួរដឹងដែរថា ម្នាក់ក្នុងចំណោមសមាជិក ២៣នាក់នៃក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម១៩ឆ្នាំ អ្នកចាំទី ថា ចាន់ឬទ្ធី ក៏បានរួមចំណែកនាំក្រុម U-19 កម្ពុជា ឡើងទៅជុំផ្ដាច់ព្រ័ត្ររពានរង្វាន់ជើងឯកទ្វីបអាស៊ី អាយុក្រោម១៩ឆ្នាំ ( AFC U-19 Championship 2020 ) ជាលើកដំបូង គិតចាប់តាំងពីឆ្នាំ១៩៧៤ មក ហើយដែលគ្រោងប្រកួតនៅខែតុលា​ ចុងឆ្នាំ២០២០ នេះ បើមិនមានអ្វីប្រែប្រួល៕

 

រូបភាព៖ បឹងកេត – Boeung Ket Football Club

អត្ថបទ៖ ណារ៉ុង

មតិយោបល់