Opeyemi Ajayi៖ «បាល់ទាត់ផ្តល់ឲ្យខ្ញុំនូវអ្វីដែលខ្ញុំចង់បាន»

មាស សុផាណារ៉ុង April 30, 2020


 

ភ្នំពេញ៖ កីឡាករ Opeyemi Ajayi បានធ្វើការពន្យល់ពីរបៀបដែលបាល់ទាត់ មានឥទ្ធិពលលើជីវិតរបស់គេ និងបានអរគុណចំពោះបងប្រុសរបស់ខ្លួន Gbenga Ajayi ខណៈដែលវីរៈបុរសបឹងកេតរូបនេះ បានផ្តល់ការគាំទ្រ និងលើកទឹកចិត្តដើម្បីជួយគេឲ្យសម្រេចក្តីសុបិនក្នុងការក្លាយជាកីឡាករបាល់ទាត់។

ខ្សែប្រយុទ្ធរូបនេះបានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងពានរង្វាន់លីគកំពូលកម្ពុជា កាលពីរដូវកាលមុន នៅពេលដែលគេបានចូលរួមជាមួយក្លិបអាស៊ីអឺរ៉ុបយូណាយធីត ដោយបានចំណាយពេលពាក់កណ្តាលរដូវកាលនៅក្លឹបតំណាងសាកលវិទ្យាល័យមួយនេះ មុនការផ្ទេរទៅចូលរួមជាមួយ ក្លិបវិសាខា នៅជុំទី២ នៃរដូវកាលមុន។

កីឡាករសញ្ជាតិនីហ្សេរីយ៉ារូបនេះបានបង្កើតនូវទម្រង់លេងដ៏អស្ចារ្យ និងរកគ្រាប់បាល់បាន ៤គ្រាប់ ក្នុងជ័យជម្នះ ៥ទល់០ របស់អាស៊ីអឺរ៉ុបយូណាយធីត លើខេត្តកំពង់ចាម ហើយវាអាចជាការប្រកួតដែលធ្វើឲ្យគាត់ទទួលបានការចាប់អារម្មណ៍ពី ក្លិបវិសាខា។

ខ្សែប្រយុទ្ធរបស់វិសាខា បានប្រាប់សារព័ត៌មាន camsports.org ថា៖ «បាល់ទាត់ផ្តល់ឲ្យខ្ញុំនូវសុភមង្គល ជីវិតល្អ និងអ្វីៗស្ទើរតែទាំងអស់ដែលខ្ញុំចង់បាន។ ខ្ញុំបានចាប់ផ្តើមអាជីពបាល់ទាត់របស់ខ្ញុំតាំងពីកម្រិតទាប នៅក្នុងប្រទេសកំណើតរបស់ខ្ញុំនៅទ្វីបអាហ្វ្រិក។ ខ្ញុំមានបំណងប្រាថ្នាចង់ក្លាយជាកីឡាករបាល់ទាត់អាជីពតាំងពីខ្ញុំនៅបឋមសិក្សា។»

«ប្រាកដណាស់ វាពិតជាលំបាកណាស់ ប៉ុន្តែវាងាយស្រួលដោយមានការលើកទឹកចិត្ត និងការគាំទ្រពីបងប្រុសខ្ញុំ។ គាត់បានផ្តល់ឲ្យខ្ញុំនូវភាពក្លាហានទាំងអស់ដែលខ្ញុំត្រូវការដើម្បីធ្វើឲ្យខ្ញុំមិនបោះបង់។» កីឡាករ Opeyemi Ajayi បានសង្គត់ធ្ងន់។

កីឡាករសញ្ជាតិនីហ្សេរីយ៉ាដដែល រូបនេះត្រូវបានដឹងប្រវត្តិថាធ្លាប់ជាកីឡាករដែលមានបទពិសោធន៍ជោគជាំជាមួយក្លឹបជាច្រើននៅលីគបាល់ទាត់ក្នុងប្រទេសថៃ ទាំងលីគកំពូល និងលីគលំដាប់ទី២ ពោលគឺធ្លាប់លេងឲ្យក្លឹបខ្លាំង Bangkok Glass កាលពីអំឡុងឆ្នាំ ២០១៤-២០១៦ Rangsit FC អំឡុងឆ្នាំ ២០១៧, Khoan Kaen FC និងចុងក្រោយកាលពីឆ្នាំទៅរួមរស់ជាមួយ ក្លឹប Samuth Prakan FC នៃលីគលំដាប់ទី៤ថៃ៕

 

អត្ថបទ៖ សុភ័ក្ត្រ

មតិយោបល់