លោក ស៊ុំ វណ្ណា រំពឹងទទួលបានពេលវេលាគ្រប់គ្រាន់ មុនលីគចាប់ផ្ដើមវិញ

មាស សុផាណារ៉ុង April 29, 2020


 

ភ្នំពេញ៖ លោក ស៊ុំ វណ្ណា គ្រូបង្គោលក្លិបភ្នំពេញក្រោន បានអះអាងថា ក្លិបណាហាត់មុន ឬក្រោយ លោកមិនសូវជាក្ដីបារម្ភទេ សំខាន់លោករំពឹងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) នឹងផ្ដល់ពេលវេលាគ្រប់គ្រាន់សម្រាប់ក្លិបនីមួយៗ ប្រមូលផ្ដុំហ្វឹកហាត់ និងស្ដារកម្លាំងកីឡាករ មុនលីគកំពូលកម្ពុជា ចាប់ផ្ដើមការប្រកួតឡើងវិញ។

បុរសវ័យ ៣៩ឆ្នាំខាងលើ និយាយថា៖ «ក្រុមមួយចំនួន ដែលចាប់ផ្ដើមហាត់មុន ខ្ញុំគិតថាការហាត់នោះក៏មានកម្រិតដែរ គាត់មិនអាចឲ្យកីឡាករទាំងអស់ ទៅហាត់ជុំគ្នាទេ យ៉ាងច្រើនគាត់ហាត់ Fitness ឬអ្វីផ្សេងៗ ហើយកីឡាករ ក៏មិនលើសពី ១០នាក់ដែរ ទៅតាមការបែងចែកពួកគាត់។ គ្រាន់តែគាត់ចាប់ផ្ដើមមុន ការប្រមូលផ្ដុំកម្លាំងមកវិញ វាបានល្អប្រសើរជាងយើង ហើយបើលីគ ចាប់ផ្ដើមក្នុងពេលឆាប់ៗ វាមិនទាន់ទេ។ តែខ្ញុំគិតថា CNCC នឹងផ្ដល់ឱកាសឲ្យក្រុមផ្សេងៗ យ៉ាងហោចណាស់ ២ ឬ ៣សប្ដាហ៍ ឬ ១ខែ ដើម្បីឲ្យកីឡាករត្រៀមកម្លាំងបានល្អ ទាំងក្លិបចាប់ផ្ដើមមុន និងចាប់ផ្ដើមក្រោយ។»

អតីតគ្រូបង្វឹកក្រុមវេស្ទើនភ្នំពេញដដែល បានប្រមើរថា លីគកំពូលកម្ពុជា អាចនឹងចាប់ផ្ដើមការប្រកួតវិញ នៅចុងខែឧសភា ឬដើមខែមិថុនា ហើយបើដូច្នេះ ក្រុមខ្លួនត្រូវប្រឈមច្រើន ក្នុងការស្វែងរកកម្លាំងសមស្រប ដែលធ្លាប់ធ្វើពីមុន ព្រោះអំឡុងពេលផ្អាកប្រមូលផ្ដុំហ្វឹកហាត់ កីឡាករខ្លួនអាចបាត់បង់នូវអ្វីដែលខ្លួនធ្លាប់មានយ៉ាងហោច ៦០%។ នេះគឺជាក្ដីបារម្ភមួយ ខណៈបច្ចុប្បន្នលោក ស៊ុំ វណ្ណា បានបន្ដដាក់ផែនការឲ្យកីឡាករហាត់នៅផ្ទះ ដោយរង់ចាំសេចក្ដីប្រកាសពីក្រសួងសុខាភិបាល និង CNCC ទើបលោកធ្វើការប្រមូលផ្ដុំវិញ។

គ្រូបង្វឹកដឹកនាំក្រុមឈរកំពូលតារាងបណ្ដោះអាសន្ន គិតត្រឹមសប្ដាហ៍ទី៥ ឆ្នាំ២០២០ បន្ថែមថា៖ «កីឡាករអាជីព បើគាត់ឈប់ ៤ ឬ ៥សប្ដាហ៍ហើយ ពួកគាត់ធ្វើតែ Fitness ឬអ្វីផ្សេងៗ នៅតែក្នុងផ្ទះ ឬទីសាធារណៈសមស្របណាមួយ វាមិនពេញលេញសម្រាប់ការលេងកម្រិតខ្ពស់នោះទេ ។ បើលេងកម្រិតខ្ពស់ គឺត្រូវការពេលវេលាគ្រប់គ្រាន់។ ចឹងខ្ញុំសង្ឃឹមថា CNCC និងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា នឹងផ្ដល់ពេលវេលាគ្រប់គ្រាន់ សម្រាប់ហ្វឹកហាត់ ឆ្ពោះទៅរកបន្ដការប្រកួតលីគ និងពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ឆ្នាំ២០២០។»

គួរបញ្ជាក់ថា មកទល់ពេលនេះ លីគកំពូលកម្ពុជា ឆ្នាំ២០២០ បានផ្អាកការប្រកួតជាង ១ខែមកហើយ (មិនរាប់ការសម្រាក FIFA DAY) ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ (COVID-19)។ តែបច្ចុប្បន្នជំងឺរាតត្បាតជាសកលនេះ បានធូរស្រាលច្រើននៅកម្ពុជាហើយ ដោយក្នុងចំណោម ១២២ករណី បានជាសះស្បើយ ១១៩ករណី នៅសល់តែ ៣ករណីប៉ុណ្ណោះ។ យ៉ាងណាមិញ ចំពោះការត្រឡប់មកវិញ នៃលីគកំពូលកម្ពុជា នឹងបន្ដការប្រកួតវិញពេលណា នៅមិនទាន់កំណត់កាលបរិច្ឆេទថ្មីនោះទេ ស្របពេលបច្ចុប្បន្នរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល បានបន្ដអំពាវនាវឲ្យបញ្ជៀសការជួបជុំ ឬការប្រមូលផ្ដុំមនុស្សច្រើននៅឡើយ៕

 

អត្ថបទ៖ បុត្រា

មតិយោបល់