អង្គរថាយហ្គឺរ បន្តបរិច្ចាគប្រាក់ដល់អ្នកគាំទ្រដែលភាគច្រើនប៉ះពាល់ដោយកូវីដ១៩ នៅខេត្តសៀមរាប
មាស សុផាណារ៉ុង April 29, 2020
សៀមរាប៖ ក្លិបបាល់ទាត់អង្គរថាយហ្គឺរ ក្រោមគំនិតផ្ដួចផ្ដើមរបស់ប្រធានក្លិប លោក Akihiro Kato បានបន្តបរិច្ចាគថវិកាជាថ្មីម្ដងទៀតដល់អ្នកគាំទ្រផ្លូវការរបស់ខ្លួន ដែលភាគច្រើនរងផលប៉ះពាល់ដោយសារកូវីដ១៩ នៅខេត្តសៀមរាប។
កាលពីសប្ដាហ៍កន្លងទៅ ក្លិបមានមូលដ្ឋាននៅខេត្តសៀមរាប មួយនេះបានបរិច្ចាគថវិកា ចំនួន ១ម៊ឺនដុល្លារអាមេរិក គ្រាដែលសមាជិកក្រុមគាំទ្រភាគច្រើនធ្វើការក្នុងវិស័យទេសចរណ៍ ដែលកំពុងជួបវិបត្តិសេដ្ឋកិច្ចមិនមានប្រាក់ចំណូល ទើបម្ចាស់ក្លិបសម្រេចបរិច្ចាគថវិកាផ្ទាល់ខ្លួន ដើម្បីទិញជាអង្ករទុកចែកជួយអ្នកគាំទ្រ ដែលក្រុមអ្នកគាំទ្រទាំងនោះធ្លាប់ជាអ្នកគាំទ្រដ៏ស្ម័គ្រស្មោះធ្លាប់ចំណាយពេលវេលាដ៏មានតម្លៃរបស់ខ្លួន និងចំណាយថវិកាផ្ទាល់ខ្លួន ចូលរួមទស្សនាគាំទ្រដល់ក្លឹបទាំងការប្រកួតនៅក្នុងទឹកដី និងនៅក្រៅទឹកដី។
ដោយឡែកកាលពីល្ងាចថ្ងៃទី២៨ ខែមេសា ក្លិបបានប្រកាសបន្ថែមការបរិច្ចាគ ២៥,០០០ដុល្លារអាមេរិក បន្ថែមទៀត ដែលបានមកពីការកៀងកររបស់ម្ចាស់ក្លិប លោក AKihiro Kato និងដៃគូរបស់លោក ៣រូបផ្សេងទៀតសុទ្ធសឹងតែជាជនជាតិជប៉ុន។
ទឹកប្រាក់ទាំងនេះ នឹងត្រូវធ្វើការបែងចែកទៅដល់ក្រុម Tiger Army ចំនួន ១ម៊ឺនដុល្លារ និង ១៥,០០០ ដុល្លារទៀត ក្លិបនឹងធ្វើការបញ្ជាទិញអង្គរ ដើម្បីផ្ដល់ទៅឲ្យអ្នកគាំទ្រជាការសម្រួលបន្ទុកមួយកម្រិត៕
រូបភាព៖ Angkor Tiger Football Club
អត្ថបទ៖ ណារ៉ុង