ទេស សម្បត្តិ ធ្លាប់ត្រូវបានបដិសេធដោយភ្នំពេញក្រោន មុនចុះកុងត្រាអាជីពជាមួយបឹងកេត

មាស សុផាណារ៉ុង April 28, 2020


 

ភ្នំពេញ៖ ខ្សែការពារកណ្តាលរបស់ក្លិបបឹងកេត បានបង្ហើបថារូបគេត្រូវបានក្លិបភ្នំពេញក្រោន បដិសេធខ្លួនបន្ទាប់ពីបានធ្វើតេស្តជាមួយក្រុមមានមូលដ្ឋាននៅរាជធានីភ្នំពេញ មួយនេះ មុនពេលចូលរួមជាមួយក្រុមយុវជនសាលាបាល់ទាត់ជាតិបាទី នៅឆ្នាំ២០១៥។

បន្ទាប់ពីត្រូវបានក្លិបភ្នំពេញក្រោន បដិសេធ យុវជនវ័យ ១៩ឆ្នាំរូបនេះ ស្ទើរតែបោះបង់ចោលក្តីសុបិនចង់ក្លាយជាកីឡាករបាល់ទាត់អាជីព ប៉ុន្តែបងប្រុសរបស់គេ ទេស បូណា តែងតែគាំទ្រឲ្យបន្តក្តីសុបិនរបស់ខ្លួនបន្តទៀត។

កីឡាករសមាជិកក្រុមជម្រើសជាតិកម្ពុជា បានចំណាយពេលជិត ៥ឆ្នាំនៅឯមជ្ឈមណ្ឌលសាលាបាល់ទាត់ជាតិបាទី មុនពេលចុះកិច្ចសន្យាអាជីពជាមួយ ក្លិបបាល់ទាត់បឹងកេត នៅឆ្នាំ២០១៩ និងបានជួយឲ្យក្រុមឈ្នះពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ជាលើកដំបូងក្នុងរដូវកាលដំបូងរបស់គេជាមួយក្លិបថែមទៀតផង។

ទេស សម្បត្តិ បានប្រាប់សារព័ត៌មាន camsports.org ថា៖ «ខ្ញុំស្រលាញ់បាល់ទាត់តាំងពីខ្ញុំនៅក្មេង។ នៅពេលខ្ញុំចាប់ផ្តើមលេងបាល់ទាត់វាមិនមែនជាកីឡាដែលខ្ញុំចូលចិត្តជាងគេនៅស្រុកកំណើតរបស់ខ្ញុំ ខេត្តកំពង់ស្ពឺ ទេ។ មិត្តភក្តិខ្ញុំ និងខ្ញុំបានបង្កើតក្រុមមួយដើម្បីចូលរួមការប្រកួតនៅខេត្តរបស់យើង។ រាល់ពេលមានការប្រកួតយើងជិះកង់ប្រហែល ៥ ឬ ៦ គីឡូម៉ែត្រ ដើម្បីចូលរួមលេង។ យើងបានលើកពាន ហើយបន្ទាប់មកខ្ញុំបានចូលរួមការធ្វើតេស្តនៅភ្នំពេញក្រោន។ ខ្ញុំមិនត្រូវបានគេជ្រើសរើសទេ ហើយម្តាយរបស់ខ្ញុំបានប្រាប់ខ្ញុំឲ្យនៅឆ្ងាយពីបាល់ទាត់។ មួយឆ្នាំក្រោយមកខ្ញុំបានចូលរួមជាមួយបាទី។»

ខ្សែការពារកណ្តាលដ៏រឹងមាំដដែលរូបនេះបន្តទៀតថា៖ «ដំបូងឡើយម្ដាយខ្ញុំមិនដែលចង់ឲ្យខ្ញុំធ្វើជាកីឡាករបាល់ទាត់ទេ តែបងប្រុសខ្ញុំបានព្យាយាមពន្យល់គាត់ ហើយជួយខ្ញុំឲ្យសម្រេចក្តីសុបិនរបស់ខ្ញុំ។ ខ្ញុំមានការខកចិត្តយ៉ាងខ្លាំងបន្ទាប់ពីភ្នំពេញក្រោន បានបដិសេធខ្ញុំ ហើយខ្ញុំគិតថា ខ្ញុំនឹងមិនធ្វើវាបានទៀតឡើយ។ សូមអរគុណដល់បងប្រុសរបស់ខ្ញុំ ដែលបានលើកទឹកចិត្ត និងជំរុញខ្ញុំ ដូច្នេះខ្ញុំបានព្យាយាមម្តងទៀតនៅពេលខ្ញុំហ្វឹកហាត់នៅបាទី។»

«ខ្ញុំបានហ្វឹកហាត់ដំបូងក្នុងនាមជាខ្សែប្រយុទ្ធ ប៉ុន្តែគ្រូបង្វឹកជនជាតិជប៉ុនរបស់ខ្ញុំបាននិយាយថា ខ្ញុំខ្ពស់ និងមាំទាំ ដូច្នេះគាត់បានសុំអោយខ្ញុំលេងជាខ្សែការពារកណ្តាល។ ខ្ញុំមានបំណងប្រាថ្នាចង់ក្លាយជាកីឡាករបាល់ទាត់អាជីព ហើយខ្ញុំបានប្រាប់ខ្លួនឯងថាខ្ញុំនឹងមិនបោះបង់ចោលឡើយ។ គ្រួសាររបស់ខ្ញុំតែងតែលើកទឹកចិត្ត និងគាំទ្រខ្ញុំហើយនេះពិតជាមានសារៈសំខាន់ណាស់សម្រាប់អាជីពរបស់ខ្ញុំ។» ទេស សម្បត្តិ បានរំឭកពីការចាប់ផ្ដើមដំបូងរបស់ខ្លួន នៅមជ្ឈមណ្ឌលសាលាបាល់ទាត់ជាតិបាទី៕

 

អត្ថបទ៖ សុភ័ក្ត្រ

មតិយោបល់