ថ្ងៃនេះ ២៣ឆ្នាំមុន លោក ហុក សុចិត្រា បានក្លាយជាកីឡាករកម្ពុជា ដំបូងគេរកគ្រាប់បាល់ក្នុងវគ្គជម្រុះ World Cup

មាស សុផាណារ៉ុង April 27, 2020


 

ភ្នំពេញ៖ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ១៩៩៧ ពោលគឺ ២៣ឆ្នាំមុន អតីតសមាជិកនៃក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា កាលពីអំឡុងឆ្នាំ១៩៩៥ ដល់២០០៣ ត្រូវបានចារឈ្មោះជាកីឡាករកម្ពុជា ដំបូងគេដែលអាចរកគ្រាប់បាល់បាន ក្នុងការប្រកួតវគ្គជម្រុះបាល់ទាត់ពិភពលោក (FIFA World Cup) នេះបើយោងតាមទិន្នន័យប្រកួតកាលពីឆ្នាំ១៩៩៧។

ត្រូវបានចាត់ទុកថាជាកីឡាករកម្ពុជា ដំបូងគេបន្ទាប់ ក្រុមមានរហស្សនាម គោព្រៃ នាពេលបច្ចុប្បន្នមួយនេះ ទើបតែចូលរួមវគ្គជម្រុះបាល់ទាត់ពិភពលោកលើកដំបូង នៅឆ្នាំ១៩៩៧ សម្រាប់វគ្គជម្រុះឆ្នាំ១៩៩៨ (​1998 FIFA World Cup qualification – AFC) ដើម្បីឡើងទៅប្រកួតជុំផ្ដាច់ព្រ័ត្រ នៅប្រទេសបារាំង។

គ្រានោះ កម្ពុជា ស្ថិតនៅពូលទី៥ ជាមួយ អ៊ូបីគីស្ថាន, យេម៉ែន និងឥណ្ឌូនេស៊ី ប្រកួតតាមរូបមន្តវិលជុំសន្សំពិន្ទុ និងប្តូរទឹកដីទៅវិញទៅមក។

អ្វីដែលជាការចាប់អារម្មណ៍ ការប្រកួតបើកឆាក ២ប្រកួតដំបូងរបស់កម្ពុជា មិនអាចរកជ័យជម្នះ ក៏ដូចជាគ្រាប់បាល់ទាត់បញ្ជូលទីគូប្រកួតបានឡើយ ពេលប៉ះឥណ្ឌូនេស៊ី (នៅទឹកដីឥណ្ឌូនេស៊ី) និងពេលប៉ះយេម៉ែន រហូតដល់ប្រកួតទី៣ ទើបកម្ពុជា អាចរកគ្រាប់បាល់បាន ពេលប្រកួតជាមួយ ឥណ្ឌូនេស៊ី នៅលើទឹកដីកម្ពុជាវិញម្ដង ហើយធ្វើបានសម្រេចដោយកីឡាករ ហុក សុចិត្រា ផ្ទាល់នៅនាទី៦៥ ដែលជាគ្រាប់នាំមុខ ពោលគឺចំថ្ងៃទី២៧ ខែមេសា ឆ្នាំ១៩៩៧ និងត្រូវបានចារឈ្មោះជាកីឡាករកម្ពុជា ដំបូងគេដែលអាចរកគ្រាប់បាល់បាន ក្នុងការប្រកួតវគ្គជម្រុះបាល់ទាត់ពិភពលោក តែម្ដង ខណៈលទ្ធផលបញ្ចប់ទៅដោយស្មើគ្នា ១ទល់១។

ក្រៅពីរកបាន ១គ្រាប់ដំបូង លោកក៏អាចរកបាន ១គ្រាប់បន្ថែមទៀតនៅក្នុងព្រឹត្តិការណ៍ដដែលនេះ ពេលប៉ះជាមួយ អ៊ូបីគីស្ថាន ក្នុងជំនួបដែលកម្ពុជា ចាញ់ ១ទល់៤ នៅកម្ពុជា។

 

រូបភាព៖ ឯកសារ

អត្ថបទ៖ ណារ៉ុង

មតិយោបល់