ទ័ព គ្រោងចាប់ផ្ដើមហាត់វិញដើមខែក្រោយ បើសិនស្ថានភាពកូវីដ-១៩ ល្អប្រសើរដូចបច្ចុប្បន្ន

មាស សុផាណារ៉ុង April 27, 2020


 

ភ្នំពេញ៖ សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ (ទ័ព) គ្រោងធ្វើការហ្វឹកហាត់ឡើងវិញ នាថ្ងៃទី០១ ខែឧសភាខាងមុខនេះវិញហើយ ប្រសិនបើស្ថានភាពជំងឺកូវីដ-១៩(Covid-19) ល្អប្រសើរដូចបច្ចុប្បន្ន ។ នេះបើតាមការបញ្ជាក់របស់អគ្គលេខាធិការលោក ខូវ ឆាយ ។

លោក ខូវ ឆាយ បានឲ្យដឹងនៅព្រឹកថ្ងៃច័ន្ទនេះថា៖ «ពួកយើងប្រហែល ត្រូវចាប់ផ្តើមហ្វឹកហាត់ឡើងវិញ នៅថ្ងៃទី១ ខែឧសភានេះហើយ បើសិនស្ថានការកូវីដនៅតែមានភាពល្អប្រសើរដូចបច្ចុប្បន្ន។» តែលោកថា យ៉ាងណាទោះហាត់វិញ ក៏មិនទាន់មានលក្ខណៈប្រមូលផ្ដុំដូចមុនដែរ គ្រាន់តែហាត់កម្លាំង និងកាយសម្បទា រហូតដល់មានការប្រកាសឲ្យមានសកម្មភាពកីឡាឡើងវិញ។

គួរបញ្ជាក់ថា មកទល់ពេលនេះ ការប្រកួតក្របខណ្ឌលីគកំពូលកម្ពុជា នៅមិនទាន់កំណត់កាលបរិច្ឆេទ ការប្រកួតនឹងត្រឡប់មកវិញពេលណានោះទេ ហើយក្លិបជាច្រើន ក៏មិនទាន់ធ្វើការប្រមូលផ្ដុំហ្វឹកហាត់វិញដែរ លើកលែងក្លិបការពារតំណែងជើងឯកព្រះខ័នរាជស្វាយរៀង ដែលបានបែងចែកជាក្រុមតូចៗ ហើយធ្វើការហ្វឹកហាត់លក្ខណៈបច្ចេកទេស កាលពីពាក់កណ្ដាលខែមេសាកន្លងទៅ។

ក្រឡេកមកមើលស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជាបច្ចុប្បន្ន គឺមានស្ថានភាពធូរស្រាលច្រើន ជាក់ស្ដែងគិតត្រឹមថ្ងៃទី២៧ ខែមេសានេះ ក្នុងចំណោមករណីរកឃើញវីរុសផ្លូវដង្ហើម ១២២ករណី គឺមាន ១១៩ករណី បានជាសះស្បើយហើយ ពោលគឺនៅសល់ ៣នាក់ប៉ុណ្ណោះ ដែលកំពុងសម្រាកព្យាបាល។ អ្វីដែលពិសេស ជាង ២សប្ដាហ៍កន្លងមកនេះ ពុំមានរកឃើញករណីថ្មីនោះទេ។ នេះបើតាមការបញ្ជាក់របស់ក្រសួងសុខាភិបាល ៕

 

រូបភាព៖ TIFFY ARMY FC Football Club-សមាគមកីឡាបាល់ទាត់ ខ ភ ម

អត្ថបទ៖ បុត្រា

មតិយោបល់