ធារី ចន្ថាប៊ីន បង្ហើបឈ្មោះកីឡាករលំដាប់ពិភពលោកមួយរូប ដែលខ្លួនប្រាថ្នាធ្វើតាម

មាស សុផាណារ៉ុង April 27, 2020


 

ភ្នំពេញ៖ ធារី ចន្ថាប៊ីន បានសម្ដែងការកោតសរសើរយ៉ាងខ្លាំងចំពោះ Cristiano Ronaldo ដែលគេព្យាយាមរៀនសូត្រតាមដើម្បីឲ្យមានការរក្សារាងកាយល្អ។ ប្រធានក្រុមជម្រើសជាតិព័រទុយហ្កាល់ ត្រូវបានគេចាត់ទុកថាជាកីឡាករលំដាប់ពិភពលោក ដែលអាចរក្សាទម្រង់លេង និងរក្សារាងកាយបានយូរឆ្នាំ។

ខ្សែបម្រើ Perak FA នៃលីគកំពូលរបស់ម៉ាឡេស៊ី រូបនេះ បានចាត់ទុកតារាឆ្នើមរបស់ Juventus ជាម៉ាស៊ីនសម្រាប់កម្លាំងកាយ និងសមត្ថភាព ក្នុងការធ្វើឲ្យខ្លួនឯងប្រសើរឡើងវិញយ៉ាងឆាប់រហ័ស។

ធារី ចន្ថាប៊ីន បានប្រាប់សារព័ត៌មាន camsports.org ថា៖ «ខ្ញុំចង់ក្លាយជាកីឡាករ [Cristiano] Ronaldo។ កម្រិតការងាររបស់គាត់ ការប្តេជ្ញាចិត្តរបស់គាត់ ទាំងក្នុង និងក្រៅទីលាន ហើយតែងតែផ្តោតលើបាល់ទាត់ និងការកែលំអ។»

«ខ្ញុំព្យាយាមរៀនអំពីការធ្វើឲ្យខ្លួនឯងប្រសើរឡើងវិញតាមគាត់។ ខ្ញុំមានន័យថា វិធីដែលគាត់បានធ្វើឲ្យខ្លួនឯងប្រសើរឡើងវិញ ហើយវាក៏ទាក់ទងនឹងការងាររបស់គាត់ផងដែរ រួមមានការហ្វឹកហាត់ផ្ទាល់ខ្លួន នៅកន្លែងហាត់ប្រាណ និងរបបអាហាររបស់គាត់ ដែលធ្វើឲ្យគាត់ល្អឥតខ្ចោះ និងក្លាយជាម៉ាស៊ីន។» កីឡាករកូនកាត់ខ្មែរបារាំង បានសង្គត់ធ្ងន់៕

 

អត្ថបទ៖ សុភ័ក្ត្រ

មតិយោបល់