Mizuno Hikaru ឥទ្ធិពលបងប្រុសរបស់ខ្លួន ទើបនាំឲ្យគេចាប់អាជីពជាកីឡាករបាល់ទាត់

មាស សុផាណារ៉ុង April 25, 2020


 

ភ្នំពេញ៖ កីឡាករ Mizuno Hikaru បានបង្ហើបពីរបៀបដែលបងប្រុសរបស់គេ Mizuno Toru ធ្វើឲ្យមានឥទ្ធិពលលើអាជីពបាល់ទាត់របស់ខ្លួន តាំងពីនៅក្មេង។

ខ្សែបម្រើរូបនេះបានចាប់ផ្តើមហ្វឹកហាត់នៅពេលដែលរូបគេបានចូលសាលាមត្តេយ្យ នៅប្រទេសជប៉ុន ប៉ុន្តែគេមិនមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការក្លាយជាកីឡាករអាជីពនោះទេ។

បុរសវ័យ ២៨ឆ្នាំបានដឹងថា វាពិតជារីករាយណាស់ក្នុងការលេងបាល់ទាត់ ហើយបានសំរេចចិត្តសាកល្បងនៅក្នុងអាជីពនេះ ដែលបាននាំឲ្យរូបគេនូវមិត្តភក្តិជាច្រើនមកពីប្រទេសផ្សេងៗគ្នា។

បុរសជនជាតិជប៉ុនរូបនេះ បានប្រាប់សារព័ត៌មាន camsports.org ថា៖ «ខ្ញុំបានចាប់ផ្តើមហ្វឹកហាត់បាល់នៅសាលាមតេយ្យ ដោយសារតែឥទ្ធិពលរបស់បងប្រុសខ្ញុំ។ ខ្ញុំមិនមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការក្លាយជាកីឡាករបាល់ទាត់នោះទេ នៅពេលខ្ញុំចាប់ផ្តើមលេងបាល់ទាត់។ ខ្ញុំលេងដើម្បីការសប្បាយប៉ុណ្ណោះ។»

«បងប្រុសរបស់ខ្ញុំមិនមែនជាកីឡាករបាល់ទាត់នោះទេឥឡូវនេះ ប៉ុន្តែគាត់ចាប់ផ្តើមលេងបាល់មុនខ្ញុំ។ ខ្ញុំគ្រាន់តែដើរតាមគាត់ ព្រោះវាមើលទៅសប្បាយ។ ប្រសិនបើគាត់បានលេងបេស្បល (baseball) ប្រហែលជាខ្ញុំក៏អាចលេងបេស្បល ដែរ។» Mizuno និយាយពីឥទ្ធិពលរបស់បងប្រុសខ្លួន។

ខ្សែបម្រើការពារដដែលរូបនេះ បានបន្ថែមទៀតថា៖ «នៅពេលដែលខ្ញុំលេងនៅ J-League Division 3 ជាមួយ FC Ryukyu វាជាពេលវេលាដ៏លំបាកសម្រាប់ខ្ញុំ។ តាមរយៈបាល់ទាត់ខ្ញុំបានបង្កើតមិត្តជាច្រើននៅតាមប្រទេសផ្សេងៗ។ នេះជាអ្វីដែលខ្ញុំបានបន្សល់ទុក។»

Mizuno Hikaru ត្រូវបានគេស្គាល់នៅក្នុងពានរង្វាន់លីគកំពូលកម្ពុជា ក្នុងឆ្នាំ២០១៦ ពេលដែលរូបគេបានចូលរួមជាមួយ ក្លិបព្រះខ័នរាជស្វាយរៀង មុនពេលផ្លាស់ទៅចូលរួមជាមួយបឹងកេត នៅឆ្នាំ២០១៧ និងបានឈ្នះពានរង្វាន់លីគកំពូលកម្ពុជា ជាមួយបឹងកេត តែម្ដង៕

 

អត្ថបទ៖ សុភ័ក្ត្រ

មតិយោបល់