សេត ម៉ាន់ស៊ូត ជុំវិញការទទួលបានការរើសអើងលើកាយសម្បទារបស់ខ្លួន

មាស សុផាណារ៉ុង April 24, 2020


 

ភ្នំពេញ៖ សេត ម៉ាន់ស៊ូត បានបង្ហើបថាគេបានទទួលការរើសអើងលើកាយសម្បទារបស់ខ្លួន ប៉ុន្តែនេះមិនជាការរំខានឡើយ ដោយសារគេមានបំណងចង់ក្លាយជាកីឡាករបាល់ទាត់អាជីព។

ខ្សែបម្រើស្លាបរូបនេះបានចូលរួមជាមួយមជ្ឈមណ្ឌលសាលាកីឡាបាល់ទាត់ជាតិបាទី កាលពីឆ្នាំ២០១៦ មុនពេលចុះកិច្ចសន្យាអាជីពជាមួយណាហ្គាវើលដ៍ នៅឆ្នាំ ២០១៩ ។

កីឡាករវ័យ ២០ឆ្នាំរូបនេះកំពុងខិតខំប្រឹងប្រែងរៀនសូត្រពីមិត្តរួមក្រុមណាហ្គាវើលដ៍ ខណៈរូបគេសង្ឃឹមថានឹងធ្វើឱ្យគ្រូបង្វឹក លោក មាស ចាន់ណា ចាប់អារម្មណ៍ និងទទួលបានឱកាសលេងកាន់តែច្រើននៅក្នុងក្របខ័ណ្ឌលីគកំពូលកម្ពុជា។

ខ្សែបម្រើស្លាបណាហ្គាវើលដ៍ រូបនេះបានប្រាប់សារព័ត៌មាន camsports.org ថា៖ «មជ្ឈមណ្ឌលសាលាបាល់ទាត់ជាតិបាទី គឺជាកន្លែងដ៏អស្ចារ្យមួយ ហើយជាកន្លែងដែលខ្ញុំពិតជាចង់ហ្វឹកហាត់បាល់ទាត់។ វាបានផ្តល់ឲ្យខ្ញុំនូវការហ្វឹកហាត់ដែលមានគុណភាព ហើយវាជាកន្លែងដ៏ល្អសម្រាប់ស្នាក់នៅ – វាជាកន្លែងដ៏ល្អឥតខ្ចោះ។ ខ្ញុំចូលចិត្តរស់នៅទីនោះច្រើន។»

«ក្នុងអំឡុងពេលរបស់ខ្ញុំនៅបាទី ខ្ញុំតែងតែហ្វឹកហាត់យ៉ាងខ្លាំងដើម្បីសំរេចក្តីសុបិន្តរបស់ខ្ញុំ។ ខ្ញុំបានចូលរួមជាមួយណាហ្គាវើលដ៍ ព្រោះវាជាក្លឹបដ៏អស្ចារ្យមួយដែលមានកីឡាករដែលមានបទពិសោធជាច្រើនដែលខ្ញុំអាចរៀនសូត្រពីពួកគាត់បាន។ ពួកគាត់តែងតែលើកទឹកចិត្តខ្ញុំ ហើយប្រាប់ខ្ញុំពីអ្វីដែលខ្ញុំត្រូវកែលម្អ ហើយខ្ញុំតែងតែស្តាប់ដំបូន្មានរបស់ពួកគាត់។ ក្នុងនាមជាកីឡាករវ័យក្មេង ខ្ញុំអាចរៀនបានច្រើនពីពួកគាត់។» ម៉ាន់សូត បន្ថែម។

សេត ម៉ាន់ស៊ូត ត្រូវបានគេចាប់អារម្មណ៍ថាមានកម្ពស់ទាបជាងគេនៅក្នុងក្រុម ខណៈយុវជនដដែលរូបនេះក៏បានបង្ហើបដូច្នេះថា៖ «មានអ្នកខ្លះនិយាយថាខ្ញុំតូចពេកក្នុងការលេងបាល់ទាត់ ប៉ុន្តែខ្ញុំមិនខ្វល់ទេ។ ពួកគេនិយាយដូច្នេះដើម្បីធ្វើឲ្យខ្ញុំមានអារម្មណ៍មិនល្អ ប៉ុន្តែខ្ញុំមិនស្តាប់ច្រើនទេ។ ពួកគេអាចនិយាយអ្វីដែលពួកគេចង់បានពីខ្ញុំ ប៉ុន្តែខ្ញុំគ្រាន់តែខិតខំ និងកាន់តែខ្លាំងជាងអ្នកដទៃ។»

«ខ្ញុំពិតជាមានសំណាងណាស់ដែលមានកីឡាករដែលមានបទពិសោធច្រើននៅជុំវិញខ្លួនខ្ញុំ។ ពួកគេតែងតែប្រាប់ខ្ញុំឲ្យខិតខំ។ គ្រូបង្វឹក មាស ចាន់ណា មានបទពិសោធន៍ច្រើនណាស់ ហើយគាត់បានណែនាំខ្ញុំច្រើន។ គាត់គឺជាគ្រូបង្វឹកដ៏អស្ចារ្យម្នាក់សម្រាប់ខ្ញុំ។ ខ្ញុំនឹងតស៊ូដើម្បីអាចជាប់ជម្រើសដំបូងសម្រាប់ក្រុម។ ខ្ញុំដឹងថាខ្ញុំតូច ដូច្នេះខ្ញុំត្រូវខិតខំធ្វើឲ្យប្រសើរឡើង។ សង្ឃឹមថារាល់ការខិតខំប្រឹងប្រែងរបស់ខ្ញុំនឹងទទួលបាននៅថ្ងៃណាមួយ ហើយឆាប់ៗនេះ។» ម៉ាន់ស៊ូត បង្ហាញពីការតាំងចិត្ត៕

 

រូបភាព៖ Nagaworld FCTV

អត្ថបទ៖ សុភ័ក្ត្រ

មតិយោបល់