លោក សុក វាសនា ទទួលស្គាល់ថាអាស៊ីអឺរ៉ុប មិនទាន់ជាក្រុមដែលប្រជែងពាននៅឡើយ ប៉ុន្តែនៅតែមានបំណងចង់ប្រជែង

មាស សុផាណារ៉ុង April 23, 2020


 

ភ្នំពេញ៖ លោក សុក វាសនា បានទទួលស្គាល់ថា អាស៊ីអឺរ៉ុបយូណាយធីត មិនទាន់ជាក្រុមដែលប្រជែងពានរង្វាន់នៅឡើយទេ ប៉ុន្តែពួកគេនៅតែមានបំណងចង់ប្រជែង ដើម្បីធ្វើឲ្យប្រសើរឡើង។

គ្រូបង្វឹកអាស៊ីអឺរ៉ុបយូណាយធីត បានពន្យល់ថាចក្ខុវិស័យរបស់ក្លិបគឺចូលរួមអភិវឌ្ឍបាល់ទាត់នៅកម្ពុជា ខណៈដែលលោកបានចាត់ទុកសាកលវិទ្យាល័យអាស៊ីអឺរ៉ុប ជាសាកលវិទ្យាល័យឈានមុខគេក្នុងការជួយលើកកម្ពស់វិស័យកីឡានៅកម្ពុជា។

ក្រុមតំណាងសាកលវិទ្យាល័យមួយនេះ កំពុងស្ថិតចំណាត់ថ្នាក់លេខ៨ នៃពានរង្វាន់លីគកំពូលកម្ពុជា ជាមួយនឹងការប្រកួត ៥ដង ឈ្នះ២ ចាញ់២ និងស្មើ១ នៅរដូវកាលនេះ។

គ្រូបង្វឹកវ័យ ៣៩ឆ្នាំរូបនេះបានប្រាប់សារព័ត៌មាន camsports.org ថា៖ «យើងដឹងថាយើងមិនទាន់មានសមត្ថភាពគ្រប់គ្រាន់ក្នុងការប្រជែងជើងឯកលីគនៅឡើយទេ ប៉ុន្តែវាមិនប៉ះពាល់ដល់យើង ឬស្មារតីរបស់យើងទេ។ យើងមានបំណងប្រាថ្នាយ៉ាងខ្លាំងដើម្បីឈ្នះការប្រកួត ហើយយើងព្យាយាមឲ្យអស់ ទល់នឹងនឹងគ្រប់ក្រុមទាំងអស់។»

«អ្វីដែលលើកទឹកចិត្តយើង គឺការតាំងចិត្តរបស់យើងចំពោះបាល់ទាត់។ យើងចង់ក្លាយជាផ្នែកមួយនៃការអភិវឌ្ឍន៍បាល់ទាត់នៅក្នុងប្រទេសកម្ពុជា ហើយយើងចង់ធ្វើឲ្យប្រសើរឡើង និងធ្វើឲ្យខ្លួនយើងកាន់តែរឹងមាំ។ ប្រសិនបើយើងចង់កែលំអយើងត្រូវតែខិតខំហ្វឹកហាត់ និងកាន់តែខ្លាំងឡើងថែមទៀត។» លោក សុក វាសនា បានបន្ថែម។

អតីតគ្រូជំនួយនៅក្លិបព្រះខ័នរាជស្វាយរៀង រូបនេះបន្តទៀតថា៖ «ចក្ខុវិស័យរបស់យើង គឺជំរុញវិស័យបាល់ទាត់កម្ពុជាឲ្យឆ្ពោះទៅមុខ។ អាស៊ីអឺរ៉ុបយូណាយធីត គឺជាសាកលវិទ្យាល័យឈានមុខគេដែលធ្វើការដើម្បីលើកកម្ពស់វិស័យកីឡាជាពិសេសបាល់ទាត់ នៅក្នុងប្រទេសរបស់យើង ហើយអ្នកអាចឃើញថាគ្មានសាកលវិទ្យាល័យណានៅពីលើយើងក្នុងការជួយជំរុញវិស័យបាល់ទាត់ឆ្ពោះទៅមុខនោះទេ។»

«យើងមិនមានបញ្ហាជាមួយនឹងគុណភាពកីឡាករបរទេសរបស់យើងទេ។ កីឡាករបរទេសជាច្រើនបានផ្លាស់ទៅក្លឹបធំៗ បន្ទាប់ពីពួកគេលេងឲ្យពួកយើងខណៈដែលពួកគេចង់បានចំណូលលើសនេះ។ បញ្ហា គឺកីឡាករក្នុងស្រុក ព្រោះវាពិបាកក្នុងការស្វែងរកប្រភេទកីឡាករដែលយើងត្រូវការ។ វាពិបាកក្នុងការបញ្ចុះបញ្ចូលពួកគេឲ្យចូលរួមជាមួយយើងពីព្រោះពួកគេចង់បានប្រាក់ខែច្រើន។» លោក សុក វាសនា បានសង្គត់ធ្ងន់ជុំវិញការចាកចេញកីឡាករបរទេស និងការនាំយកកីឡាករខ្មែរមករួមក្រុម៕

 

រូបភាព៖ អាសុីអឺរ៉ុប យូណាយធីត – AEU

អត្ថបទ៖ សុភ័ក្ត្រ

មតិយោបល់