ឃឹម បូរី នឹងព្យួរស្បែកជើងនៅណាហ្គា តែថាលេងយ៉ាងហោច ៣ឆ្នាំទៀត

មាស សុផាណារ៉ុង April 21, 2020


 

ភ្នំពេញ៖ ខ្សែប្រយុទ្ធចាស់វស្សា ឃឹម បូរី បានអះអាងថា ណាហ្គាវើលដ៏ គឺជាក្លិបចុងក្រោយ ដែលខ្លួនបញ្ចប់អាជីពលើវាលស្មៅ តែមុនចូលនិវត្តន៍ ខ្លួនត្រូវការលេងយ៉ាងហោច ៣ឆ្នាំទៀត ។

អតីតម្ចាស់ស្បែកជើងមាសលីគ ឆ្នាំ២០០៨ និយាយថា៖ «គោលដៅរបស់ខ្ញុំ យ៉ាងហោចណាស់ ៣ឆ្នាំទៀត ខ្ញុំត្រូវលេង ។ អញ្ចឹងយើងត្រូវដាក់ផែនការខ្លួនឯង ។ ចំពោះអាជីពបាល់ទាត់របស់ខ្ញុំ ចុងក្រោយគឺនៅណាហ្គាវើលដ៏ហ្នឹងហើយ ដែលខ្ញុំត្រូវចូលនិវត្តន៍។»

កីឡាករវ័យ ៣០ឆ្នាំប្លាយដដែលថា ទន្ទឹមជាមួយការកំណត់ពេលយ៉ាងហោច ៣ឆ្នាំទៀត ទើបពេលព្យួរស្បែកជើងនេះ ខ្លួនក៏ត្រូវខិតខំប្រឹងប្រែងទ្វេដងដែរ ព្រោះបច្ចុប្បន្នកីឡាករក្មេងៗ សុទ្ធតែមានសមត្ថភាព បើមិនដូច្នោះ ក្មេងៗនឹងដណ្ដើមកន្លែងខ្លួនហើយ។

គួរបញ្ជាក់ថា ឃឹម បូរី បានផ្ដើមអាជីពបាល់ទាត់ដំបូង កាលពីឆ្នាំ២០០៧ ជាមួយក្លិបក្រសួងការពារជាតិ មុនផ្ទេរទៅក្លិបភ្នំពេញក្រោន ចន្លោះឆ្នាំ២០១០ ដល់ឆ្នាំ២០១៥។ ចុងក្រោយកីឡាករមានដើមកំណើតពីខេត្តតាកែវ បានផ្ទេរមកលេងឲ្យក្លិបណាហ្គាវើលដ៏ ពីឆ្នាំ២០១៥ មកទល់បច្ចុប្បន្ន ហើយក្លិបនីមួយៗ ឃឹម បូរី សុទ្ធតែធ្លាប់រួមចំណែកលើកពាន មានទាំងលីគ និងពានសម្ដេចតេជោ ហ៊ុន សែន៕

 

រូបភាព៖ ណាហ្គាវើលដ៏ និងផ្ដល់ឲ្យ

អត្ថបទ៖ បុត្រា

មតិយោបល់