អតីតអាជ្ញាកណ្តាលនៃលីគកំពូលកម្ពុជា៖ «វាជារឿងធម្មតាទេដែលកីឡាករ និងគ្រូបង្វឹក មានប្រតិកម្មមិនសមរម្យចំពោះអាជ្ញាកណ្តាល»

មាស សុផាណារ៉ុង April 21, 2020


 

ភ្នំពេញ៖ លោក ថោង ចាន់កិត្យា បានបង្ហើបប្រាប់ពីរឿងរ៉ាវនៃអាជីពជាអាជ្ញាកណ្តាលរបស់ខ្លួន ដែលលោកធ្លាប់ត្រូវបានគេស្រែក និងមានប្រតិកម្មមិនសមរម្យពីសំណាក់កីឡាករ និងគ្រូបង្វឹក នៅលើទីលាន។

បុរសវ័យ ៣៩ឆ្នាំរូបនេះក៏បានសារភាពផងដែរថា ពេលខ្លះគាត់បានធ្វើខុសក្នុងពេលប្រកួត ប៉ុន្តែតែងតែព្យាយាមអស់ពីសមត្ថភាពដើម្បីកាត់បន្ថយកំហុស និងអនុវត្តយ៉ាងតឹងរឹងនូវវិន័យបាល់ទាត់។

លោក ថោង ចាន់កិត្យា បានក្លាយជាអាជ្ញាកណ្តាលក្នុងឆ្នាំ២០០៣ បន្ទាប់ពីបញ្ចប់វគ្គសិក្សាអាជ្ញាកណ្តាលនៅវិទ្យាស្ថានជាតិអប់រំ មុនពេលសម្រេចចិត្តចូលនិវត្តន៍នៅឆ្នាំ២០១៥។

អតីតអាជ្ញាកណ្តាលនៃលីគកំពូលកម្ពុជា បានរំឭកអតីតកាលរបស់ខ្លួនប្រាប់សារព័ត៌មាន camsports.org យ៉ាងដូច្នេះថា៖ «ខ្ញុំចូលចិត្តលេងបាល់ទាត់ណាស់ ហើយជាធម្មតាខ្ញុំលេងបាល់ទាត់នៅសាលា។ ក្នុងអំឡុងពេលសិក្សានៅវិទ្យាស្ថានជាតិអប់រំ ខ្ញុំបានសិក្សាវគ្គអាជ្ញាកណ្តាលហើយបានក្លាយជាអាជ្ញាកណ្តាលនៅឆ្នាំ២០០៣។»

និយាយពីរឿងនៅលើទីលាន អាជ្ញាកណ្ដាលកម្រិត FIFA រូបនេះបន្ថែម៖ «វាជារឿងធម្មតាទេក្នុងបាល់ទាត់ដែលកីឡាករ និងគ្រូបង្វឹក និយាយ និងធ្វើសកម្មភាពមិនសមរម្យចំពោះអាជ្ញាកណ្តាល ប៉ុន្តែក្នុងនាមជាអាជ្ញាកណ្តាលអ្នកត្រូវតែស្ងប់ស្ងាត់ និងអនុវត្តច្បាប់បាល់ទាត់នៅលើទីលាន។ អ្នកត្រូវប្រយ័ត្ននឹងអាកប្បកិរិយារបស់អ្នកហើយព្យាយាមពន្យល់ពួកគេ ប៉ុន្តែពេលខ្លះអ្នកត្រូវប្រតិកម្មដោយផ្អែកលើស្ថានភាព។ អ្នកត្រូវគ្រប់គ្រងស្ថានការណ៍នៅលើទីលានដើម្បីឲ្យការប្រកួតអាចលេងរហូតដល់ចប់។»

លោកបានបន្ថែមទៀតថា៖ «ខ្ញុំគិតថា អាជ្ញាកណ្តាលពេលខ្លះអាចធ្វើខុសក្នុងពេលប្រកួតហើយសូម្បីតែអាជ្ញាកណ្តាលពិភពលោក ក៏នៅតែមានកំហុសដែរ។ យើងព្យាយាមបង្រួមអប្បបរមានូវកំហុស និងកែលម្អ ប៉ុន្តែវាមិនងាយស្រួលទេដែលពេលខ្លះយើងត្រូវការរត់ច្រើន និងនឿយហត់ ហើយយើងត្រូវធ្វើការសម្រេចចិត្តយ៉ាងឆាប់រហ័ស។»

«ខ្ញុំស្រឡាញ់អាជីពនេះ ហើយខ្ញុំមានបទពិសោធជាង ១០ឆ្នាំក្នុងនាមជាអាជ្ញាកណ្តាល។ ខ្ញុំបានចូលរួមវគ្គសិក្សាជាច្រើន ទាក់ទងនឹងអ្នកវាយតម្លៃអាជ្ញាកណ្តាល ដូច្នេះខ្ញុំអាចធ្វើការដើម្បីជួយអាជ្ញាកណ្តាលវ័យក្មេង និងគ្មានបទពិសោធន៍។»

 

រូបភាព៖ គឹម សុវណ្ណា – Kem Sovanna

អត្ថបទ៖ សុភ័ក្ត្រ

មតិយោបល់