លោក ប្រាក់ សុវណ្ណារ៉ា បង្ហើបពីផែនការធ្វើឲ្យ ចាន់ វឌ្ឍនាកា ក្លាយជាខ្សែប្រយុទ្ធឆ្នើមនៅបឹងកេត

មាស សុផាណារ៉ុង April 20, 2020


 

ភ្នំពេញ៖ លោក ប្រាក់ សុវណ្ណារ៉ា បង្ហើបពីផែនការជួយ ចាន់ វឌ្ឍនាកា ឲ្យក្លាយជាកំពូលខ្សែប្រយុទ្ធឆ្នើមក្នុងលីគកំពូលកម្ពុជា អំឡុងពេលរយៈពេលដែលលោករួមរស់ជាមួយបឹងកេត ២ឆ្នាំ។

អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជារូបនេះ បានដឹកនាំបឹងកេត អំឡុងរដូវកាល២០១៥ និង២០១៦ ពោលគឺចំពេលដែល ចាន់ វឌ្ឍនាកា ស្ថិតក្នុងទម្រង់លេងដ៏ល្អបំផុត ខណៈដែលរូបគេបានរកគ្រាប់បាល់បញ្ចូលទី ទាំងក្លឹបបឹងកេត និងក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា។

យ៉ាងណាមិញ ខ្សែប្រយុទ្ធជម្រើសជាតិកម្ពុជារូបនេះ ជួបការលំបាកក្នុងអាជីពរបស់ខ្លួនបន្ទាប់ពីរូបគេផ្ទេរទៅចូលរួមជាមួយក្លឹបនៅក្រៅប្រទេស ក្នុងជប៉ុន និងម៉ាឡេស៊ី មុនពេលវិលត្រឡប់មកកាន់បឹងកេត កាលពីរដូវកាលមុន។

ខ្សែប្រយុទ្ធបឹងកេតរូបនេះបានបាត់បង់កៅអីនៅក្រុមជម្រើសជាតិកម្ពុជា ក្រោមការដឹកនាំរបស់គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីន លោក Felix Dalmas ហើយលោក ប្រាក់ សុវណ្ណារ៉ា យល់ថាអវត្តមានរបស់ ចាន់ វឌ្ឍនាកា លែងជាបញ្ហាសម្រាប់កម្ពុជាទៀតហើយ។

លោក ប្រាក់ សុវណ្ណារ៉ា បានប្រាប់ camsports.org ថា៖ «ក្នុងរយៈពេល ២រដូវកាលរបស់ខ្ញុំនៅបឹងកេត ខ្ញុំបានយល់ព្រមជាមួយ លោក បែ មករា ថាយើងនឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដើម្បីធ្វើឱ្យ ចាន់ វឌ្ឍនាកា ក្លាយជាកំពូលខ្សែប្រយុទ្ធឆ្នើមនៅកម្ពុជា ព្រោះយើងមានការយល់ឃើញដូចគ្នា ថាគាត់គឺជាកីឡាករដែលមានទេពកោសល្យ។ យើងបានព្យាយាមយ៉ាងខ្លាំងដើម្បីនាំយកអ្វីដែលល្អបំផុតរបស់គាត់ ប៉ុន្តែគ្មាននរណាម្នាក់ល្អឥតខ្ចោះទេ។ ចំពោះវឌ្ឍនាកា គាត់ត្រូវកែលម្អកម្លាំងរបស់គាត់។»

គ្រូបង្វឹកក្លឹបបាល់ទាត់នគរបាលជាតិ បច្ចុប្បន្នរូបនេះបានបន្តទៀតថា៖ «ខ្ញុំគិតថា គាត់បានផ្លាស់ប្តូរច្រើននៅពេលគាត់លេងអោយក្លឹបនៅឯបរទេស។ គាត់បានព្យាយាមសម្របខ្លួនទៅនឹងបរិយាកាសថ្មី។ នៅបឹងកេត គាត់មិនសូវរត់ច្រើននោះទេ នៅពេលយើងបាត់បង់ការគ្រប់គ្រងបាល់។ ក្នុងអំឡុងពេលការពារក្រុម គាត់បានព្យាយាមសន្សំកម្លាំងរបស់គាត់ ដូច្នេះនៅពេលគាត់ទទួលបានបាល់ គាត់ត្រៀមខ្លួនរួចរាល់ ១០០ភាគរយ ដើម្បីប្រយុទ្ធ។»

«គាត់គឺជាខ្សែប្រយុទ្ធដ៏គ្រោះថ្នាក់ម្នាក់នៅពេលដែលគាត់មានបាល់ ហើយគាត់អាចបញ្ចប់ទីបានយ៉ាងអស្ចារ្យ។ ផែនការរបស់យើងគឺថានៅពេលណាដែលយើងបាត់បង់បាល់ យើងត្រូវផ្តល់ពេលវេលាដល់គាត់ ដើម្បីសន្សំកម្លាំងរបស់គាត់ ដូច្នេះវាមិនចាំបាច់សម្រាប់គាត់ក្នុងការរត់ដើម្បីទទួលបានបាល់មកវិញទេ។ មិនដូចនៅបឹងកេតទេ វឌ្ឍនាកា ត្រូវរត់ច្រើនដើម្បីគាំទ្រ ទាំងការការពារ និងការប្រយុទ្ធ នៅឯក្លឹបក្រៅប្រទេស ដូច្នេះគាត់មិនអាចរក្សាថាមពលរបស់គាត់ក្នុងការប្រយុទ្ធបានទេ។ ចំពោះខ្ញុំ វាមិនមែនមានន័យថាគាត់ធ្លាក់ទម្រង់នោះទេ។» លោកបានបន្ថែម។

«ឥឡូវនេះមានការផ្លាស់ប្តូរច្រើននៅក្នុងវិស័យបាល់ទាត់។ អ្នកត្រូវការពារ និងប្រយុទ្ធក្នុងពេលតែមួយ។ អ្នកអាចមើលឃើញឥឡូវនេះ កីឡាករដែលមានទេពកោសល្យជាច្រើននៅកម្ពុជា។»

«សៀង ចន្ធា គឺជាកីឡាករដែលមានទេពកោសល្យម្នាក់ ដែលអាចបង្កើតការបញ្ចប់ទីបានយ៉ាងអស្ចារ្យ។ គាត់មានអ្វីៗគ្រប់យ៉ាង ហើយគុណភាពរបស់គាត់មិនទាបជាង វឌ្ឍនាកា ឡើយ។ គាត់គឺជាកីឡាករឆ្លាតវៃម្នាក់ដែលមានល្បឿនលឿន។ គាត់ក៏មានចរិតល្អដែរ ហើយគាត់រស់នៅ និងហ្វឹកហាត់បានល្អណាស់។» លោក ប្រាក់ សុវណ្ណារ៉ា បានសង្កត់ធ្ងន់៕

 

រូបភាព៖ បឹងកេត – Boeung Ket Football Club

អត្ថបទ៖ សុភ័ក្ត្រ

មតិយោបល់