Paulo Victor៖ «បាល់ទាត់ បានផ្តល់ឲ្យគ្រួសារខ្ញុំនូវជីវិតប្រសើរជាងមុន»

មាស សុផាណារ៉ុង April 17, 2020


 

ភ្នំពេញ៖ កីឡាករ Paulo Victor ជឿជាក់ថា បាល់ទាត់នឹងអាចផ្តល់ឲ្យរូបគេ និងគ្រួសារ នូវជីវភាពប្រសើរជាងមុន គ្រាដែលរូបគេបានកើតនៅក្នុងសហគមន៍ក្រីក្រ និងរស់នៅដោយគ្មានការគាំទ្រគ្រប់គ្រាន់នៅក្នុងប្រទេសប្រេស៊ីល។

Paulo Victor មានបំណងចង់ក្លាយជាកីឡាករបាល់ទាត់អាជីព តាំងពីនៅមានអាយុ ៦ឆ្នាំ ដូច្នេះរូបគេត្រូវចាកចេញពីស្រុកកំណើតតាំងពីក្មេងដើម្បីបន្តក្តីសុបិនរបស់ខ្លួន។

ខ្សែបម្រើប្រយុទ្ធប្រេស៊ីលរូបនេះ បានចូលរួមជាមួយក្លឹបភ្នំពេញក្រោន ក្នុងពានរង្វាន់លីគកំពូលកម្ពុជា កាលពីរដូវកាលមុន ហើយបានក្លាយជាតួអង្គដ៏សំខាន់របស់ក្រុមរហស្សនាម សឹង្ហក្រហម ក្នុងការពង្រឹងតំបន់ប្រយុទ្ធរបស់គេ។

Paulo Victor បានប្រាប់សារព័ត៌មាន camsports.org ថា៖ «ខ្ញុំចាប់ផ្តើមលេងបាល់ទាត់តាំងពីអាយុ ៦ឆ្នាំមកម៉្លេះ ហើយខ្ញុំចាប់ផ្តើមលេងជាលក្ខណៈហ្វូតសាល ដូចជាកីឡាករប្រេស៊ីលភាគច្រើនដែរ។ នៅពេលខ្ញុំមានអាយុ ១០ឆ្នាំ ទើបខ្ញុំចាប់ផ្តើមលេងបាល់ទាត់នៅលើទីលានធំ។»

«តាំងពីដំបូងខ្ញុំតែងតែជឿជាក់ថា ខ្ញុំនឹងក្លាយជាកីឡាករបាល់ទាត់អាជីព ពីព្រោះវាគឺតែងតែជាក្តីសុបិន្តរបស់ខ្ញុំ ក្នុងការផ្តល់ជីវិតកាន់តែប្រសើរដល់គ្រួសាររបស់ខ្ញុំ តាមរយៈបាល់ទាត់។»

បុរសវ័យ ២៥ឆ្នាំរូបនេះ រំឭកទៀតថា៖ «ខ្ញុំបានរងទុក្ខជាច្រើនមុនពេលដែលខ្ញុំក្លាយជាកីឡាករបាល់ទាត់អាជីព ពីព្រោះទីក្រុងរបស់ខ្ញុំនៅក្នុងប្រទេសប្រេស៊ីលមិនបានគាំទ្រខ្ញុំគ្រប់គ្រាន់ទេ ហើយខ្ញុំបានចាកចេញពីផ្ទះនៅដើមទីក្រុងមួយទៀត។ ដោយសារស្រុកកំណើតខ្ញុំនៅឆ្ងាយពីកន្លែងដែលខ្ញុំហ្វឹកហាត់ អ៊ីចឹងខ្ញុំអាចទៅលេងក្រុមគ្រួសាររបស់ខ្ញុំបានតែម្ដងប៉ុណ្ណោះក្នុងមួយឆ្នាំ។»

«បាល់ទាត់បានផ្តល់ឲ្យខ្ញុំនូវរឿងរ៉ាវល្អៗជាច្រើន និងជួយគ្រួសារខ្ញុំ ហើយខ្ញុំអាចទៅលេងកន្លែងជាច្រើនតាមរយៈបាល់ទាត់។ ខ្ញុំជឿជាក់ថាខ្ញុំនៅតែអាចសម្រេចបានរឿងជាច្រើនបន្ថែមតាមរយៈបាល់ទាត់។»

គួរបញ្ជាក់ថា Paulo Victor បានចាប់ផ្ដើមបាល់ទាត់ដំបូងនៅប្រទេសកំណើតរបស់ខ្លួន បន្ទាប់បានផ្លាស់មកលេងជាមួយ ក្លឹប Goyang Zaicro FC នៅលីគកំពូលកូរ៉េ (K League) កាលពីឆ្នាំ២០១៦ និងក្រោយមកផ្លាស់ទៅប្រទេសកំណើតវិញ អំឡុងឆ្នាំ២០១៨ ហើយចុងក្រោយនៅឆ្នាំ២០១៩ ចូលរួមជាមួយ ភ្នំពេញក្រោន ដល់បច្ចុប្បន្ន៕

 

អត្ថបទ៖ សុភ័ក្ត្រ

មតិយោបល់