Matheus Souza ជុំវិញស្ថានភាពបច្ចុប្បន្ន «ជីវិតមនុស្សគឺខ្ពស់ជាងអ្វីៗទាំងអស់»

មាស សុផាណារ៉ុង April 7, 2020


 

ភ្នំពេញ៖ កីឡាករ Matheus Souza សារភាពថាខ្លួនពិតជានឹកបាល់ទាត់ ប៉ុន្តែទទូចថាជីវិតមនុស្សគឺខ្ពស់ជាងអ្វីៗទាំងអស់ ខណៈដែលពានរង្វាន់លីគកំពូលកម្ពុជា ត្រូវបានផ្អាកដោយសារជំងឺកូវីដ១៩ (Covid-19) ដែលកំពុងរាតត្បាត។

ខ្សែប្រយុទ្ធរបស់ក្លឹបបាល់ទាត់សូលទីឡូអង្គរ ជឿជាក់ថា វាជាកាតព្វកិច្ចសម្រាប់មនុស្សគ្រប់គ្នាធ្វើតាមដំបូន្មានវេជ្ជសាស្រ្តពីវេជ្ជបណ្ឌិត ដើម្បីបង្ការការរីករាលដាលនៃជំងឺនេះ។

Matheus Souza បានប្រាប់សារព័ត៌មាន camsports.org ថា៖ «វាពិតជាលំបាកណាស់ ហើយខ្ញុំរស់នៅក្នុងពេលតែមួយសង្ឃឹមថាអ្វីៗនឹងវិលមករកភាពធម្មតាវិញ។»

«ខ្ញុំវាយតំលៃពី ០ដល់១០ លើអ្វីដែលខ្ញុំនឹកបាល់ទាត់ សម្រាប់ខ្ញុំគឺ ១០។ ខ្ញុំខកខានមិនបានជាន់ទីលាន ហើយធ្វើអ្វីដែលខ្ញុំស្រឡាញ់ជាងគេ ក្រុមរបស់ខ្ញុំរក្សាការហ្វឹកហាត់ ដូច្នេះខ្ញុំរក្សារាងកាយរបស់ខ្ញុំតាមរយៈការធ្វើពីផ្ទះ ដូចជាការហ្វឹកហាត់ជាដើម។» Matheus Souza បានបន្ថែម។

«ខ្ញុំមិនដែលស្ថិតក្នុងស្ថានភាពបែបនេះទេពីមុនមក។ ខ្ញុំមានការព្រួយបារម្ភចំពោះសុខភាពរបស់ប្រជាជន ដូច្នេះក្នុងពេលនេះយើងកំពុងឆ្លងកាត់ពេលវេលាដ៏ក្រៀមក្រំ និងព្រួយបារម្ភ ដែលខ្ញុំសង្ឃឹមថាវានឹងកន្លងផុតទៅឆាប់ៗនេះ។ ខ្ញុំជឿជាក់ថា អ្វីៗនឹងប្រសើរឡើង។»

«ពិភពលោកកំពុងឆ្លងកាត់ពេលវេលាដ៏លំបាក ដែលទាមទារការយកចិត្តទុកដាក់ និងផ្ដោតអារម្មណ៍បំផុតពីយើងទាំងអស់គ្នា។ វាជាការសំខាន់ណាស់ដែលយើងទាំងអស់គ្នាធ្វើតាមដំបូន្មានដែលផ្តល់ដោយអង្គការសុខភាពពិភពលោក។ ការពារអាយុជីវិតមនុស្ស ត្រូវតែខ្ពស់ជាងផលប្រយោជន៍ផ្សេងទៀតទាំងអស់។ ខ្ញុំជឿជាក់ថាយើងអាចប្រយុទ្ធប្រឆាំងនឹងវីរុសនេះបាន ដូច្នេះយើងត្រូវនៅផ្ទះ និងថែរក្សាខ្លួន ដើម្បីឲ្យយើងអាចចាកចេញពីវាបានឆាប់ៗ និងត្រលប់មកជួបគ្នានៅកីឡដ្ឋានវិញ។»

 

រូបភាព៖ Metfone Cambodian League

អត្ថបទ៖ សុភ័ក្ត្រ

មតិយោបល់