បុរសសញ្ជាតិកូឡុំប៊ី ដំបូងគេប្រកបអាជីពនៅលីគកំពូលកម្ពុជា នឹកគ្រប់វិនាទីនៃបាល់ទាត់ ក្រោយខកខានការប្រកួតទើប ២សប្ដាហ៍

មាស សុផាណារ៉ុង April 4, 2020


 

ភ្នំពេញ៖ ខ្សែបម្រើក្លិបបាល់ទាត់ភ្នំពេញក្រោន Andres Nieto បានសារភាពថាខ្លួនពិតជានឹករលឹកបាល់ទាត់គ្រប់ពេល បន្ទាប់ពីការប្រកួតលីគកំពូលកម្ពុជា ត្រូវបានផ្អាកដោយសារវិបត្តិកូវីដ១៩ (កូរ៉ូណាវីរុស)។

កីឡាករសញ្ជាតិកូឡុំប៊ី រូបនេះបានចូលរួមជាមួយក្រុមរហស្សនាមសឹង្ហក្រហម នៅរដូវកាលនេះ ហើយបានក្លាយជាកីឡាករសំខាន់ម្នាក់របស់ក្លិប សម្រាប់ការចាប់ផ្តើមលីគដ៏គួរអោយចាប់អារម្មណ៍របស់ពួកគេ បានរួមចំណែកនាំឲ្យក្រុមរបស់លោក ស៊ុំ វណ្ណា ឈរនៅលើកំពូលតារាងនៃលីគកំពូលកម្ពុជា ដោយឈ្នះ ៤ដង និងស្មើម្ដង ពីការប្រកួត ៥លើកដំបូងរបស់ពួកគេ ដើម្បីបង្ហាញថាពួកគេក៏ជាបេក្ខភាពប្រជែងពាន នៅរដូវកាលនេះផងដែរ។

ក្នុងកិច្ចសម្ភាសន៍ Andres Nieto បានប្រាប់សារព័ត៌មាន camsports.org ថា៖ «ជីវិតដែលគ្មានបាល់ទាត់មានភាពស្មុគស្មាញ ហើយវាពិបាកណាស់ដែលមិនអាចធ្វើអ្វីដែលយើងចង់ធ្វើបំផុត និងអ្វីដែលយើងដឹងថាល្អបំផុតដើម្បីធ្វើ។»

«ខ្ញុំនឹកវាគ្រប់វិនាទី និងគ្រប់ពេល ព្រោះវាជាអាជីព និងចំណង់ចំណូលចិត្តរបស់ខ្ញុំ ហើយវាគឺជារឿងតែមួយគត់ដែលខ្ញុំធ្វើ។ បាល់ទាត់គឺស្ថិតនៅក្នុងខួរក្បាលរបស់ខ្ញុំ ហើយគ្រប់ពេលខ្ញុំតែងតែសួរខ្លួនឯងថា ពេលណាវិបត្តិមេរោគនេះបញ្ចប់ ហើយដូច្នេះខ្ញុំអាចត្រលប់ទៅកីឡដ្ឋានវិញ។ ខ្ញុំកំពុងហ្វឹកហាត់នៅផ្ទះយ៉ាងហ្មត់ចត់ និងធ្វើតាមរបៀបហ្វឹកហាត់ដែលក្លិបខ្ញុំបានបញ្ជូនមក។» Nieto បន្ថែម។

បុរសសញ្ជាតិកូឡុំប៊ីដំបូងគេដែលប្រកបអាជីពនៅលីគកំពូលកម្ពុជា រូបនេះបានបន្តទៀតថា៖ «ពិតណាស់ វាជាលើកទីមួយហើយ ដែលខ្ញុំជួបប្រទះរឿងដូចនេះ។ ខ្ញុំមានអារម្មណ៍មិនល្អ ពីព្រោះខ្ញុំឃើញមនុស្សជាច្រើនទទួលផលប៉ះពាល់ពីវីរុសនេះ។ ខ្ញុំមានអារម្មណ៍ថាគ្មានថាមពលខ្លាំង ដែលមិនអាចបំពេញភារកិច្ចប្រចាំថ្ងៃរបស់ខ្ញុំបាន។ ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នាសុខសប្បាយ។ ពួកគេត្រូវការអត់ធ្មត់បន្តិច ហើយឆាប់ៗអ្វីៗនឹងវិលមករកភាពដើមវិញ ដូច្នេះពួកគេនឹងអាចរីករាយនឹងបាល់ទាត់ម្តងទៀត។ ខ្ញុំ​នឹក​ពួកគេ។»

គួររំឭកថា Andres Nieto ត្រូវបានគេចាត់ទុកថា ជាកីឡាករសញ្ជាតិកូឡុំប៊ីដំបូងគេដែលប្រកបអាជីពនៅលីគកំពូលកម្ពុជា ដែលបានផ្លាស់មកចូលរួមជាមួយក្លិបភ្នំពេញក្រោន កាលពីចុងឆ្នាំ២០១៩ ក្នុងកិច្ចសន្យារយៈពេល ១រដូវកាល ខណៈចាប់តាំងពីចូលរួមបានបង្ហាញខ្លួនក្នុងប្រកួតផ្លូវការ ៥ប្រកួត រកគ្រាប់បាល់បាន ៣គ្រាប់ផងដែរ៕

 

អត្ថបទ៖ សុភ័ក្ត្រ

មតិយោបល់