ប្រធានសហព័ន្ធបាល់ទាត់អាស៊ាន ជុំវិញការប្រកួតពានប្រចាំតំបន់ក្នុងខណៈកូវីដ១៩ កំពុងរាតត្បាត

មាស សុផាណារ៉ុង March 26, 2020


 

ភ្នំពេញ៖ សហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ (The Asean Football Federation – AFF) កាលពីយប់ថ្ងៃទី២៥ ខែមីនា ម្សិលមិញ បានសម្រេចកែសម្រួលកម្មវិធីប្រកួតពានប្រចាំតំបន់ច្រើនប្រភេទឡើងវិញ បន្ទាប់ពីជំងឺកូវីដ១៩ (COVID-19) កំពុងរីករាលដាលពេញតំបន់ដែល​មាន​ ១​១ប្រទេសជាសមាជិក (និយាយក្នុងវិស័យកីឡា) មួយនេះ ខណៈឯកឧត្តម ខៀវ សាម៉េត ប្រធានសហព័ន្ធកីឡាបាល់ទាត់ប្រចាំតំបន់អាស៊ីអាគ្នេយ៍ បានថ្លែងបញ្ជូលផងដែរ នៅក្នុងករណីដែលកម្ររកើតមានមួយនេះ។

ថ្លែងនៅលើគេហទំព័រផ្លូវការរបស់សហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ aseanfootball.org អនុប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ផងដែររូបនេះ បានលើកឡើងជាចំណុចៗ អំពីការសម្ដែងការតក់ស្លុត ការសម្រេចកែប្រែកម្មវិធីប្រកួត ការចូលរួមទប់ស្កាត់ និងការតាំងចិត្ត។

ឯកឧត្តម ខៀវ សាម៉េត បានលើកឡើងថា៖ «នេះគឺជាពេលវេលាដែលមិនធ្លាប់មានពីមុនមកសម្រាប់ពិភពលោកទាំងមូល រួមទាំងក្រុមគ្រួសារបាល់ទាត់ និងសហគមន៍របស់យើង ប៉ុន្តែយើងនឹងឆ្លងកាត់វាជាមួយគ្នា។ ទោះយ៉ាងណាការឆ្លងកាត់វានឹងតម្រូវឲ្យយើងទាំងអស់គ្នាចូលរួមចំណែក។»

«ដោយសារហានិភ័យនៃការឆ្លងជំងឺនេះ ភាគច្រើនមានលើការប្រមូលផ្តុំដែលមានមនុស្សច្រើន ដូចជាព្រឹត្តិការណ៍បាល់ទាត់ជាដើម យើងបានធ្វើការសម្រេចចិត្តក្នុងការពន្យាពេល ឬនៅពេលណាដែលចាំបាច់ ដើម្បីលុបចោលការប្រកួតនានារបស់យើង ដើម្បីកាត់បន្ថយទំនាក់ទំនងសង្គម ជាមួយគោលដៅដើម្បីការពារសុវត្ថិភាព និងសុខភាព គ្រួសារបាល់ទាត់របស់យើង និងសហគមន៍។ នៅពេលដែលស្ថានភាពកំពុងវិវត្តឥតឈប់ឈរ យើងនឹងបន្តតាមដានយ៉ាងដិតដល់ ហើយយើងនឹងមិនស្ទាក់ស្ទើរក្នុងការផ្លាស់ប្តូរកាលវិភាគប្រកួតរបស់យើងប្រសិនបើចាំបាច់។ នៅក្នុងរាល់ការសំរេចចិត្តរបស់យើង AFF តែងតែផ្តល់អាទិភាពដល់សុខុមាលភាពនៃគ្រួសារបាល់ទាត់ និងសហគមន៍របស់យើង។» បុរសកម្ពុជាដំបូងគេ ដែលជាប់ជាប្រធានសហព័ន្ធបាល់ទាត់អាស៊ីអាគ្នេយ៍ អាណត្តិទី៥ រូបនេះបន្ថែម។

ឯកឧត្តមបានបន្ថែមថា AFF កំពុងតាមដានការវិវឌ្ឍន៍នៃជំងឺកូវីដ១៩ ដោយមានការណែនាំពីអង្គការសុខភាពពិភពលោក (WHO), ក្រសួងសុខាភិបាល, ទីភ្នាក់ងាររដ្ឋាភិបាល, សហព័ន្ធកីឡាបាល់ទាត់ពិភពលោក (FIFA) និងសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) ហើយនឹងផ្តល់ព័ត៌មានថ្មីៗបន្ថែមទៀតនៅពេលចាំបាច់។

«យើងទាំងអស់គ្នាត្រូវចូលរួមចំណែកដើម្បីរក្សាការឆ្លងមេរោគឲ្យនៅទាបបំផុត តាមដែលអាចធ្វើទៅបាន ដូច្នេះ គ្រូពេទ្យ និងគិលានុបដ្ឋាយិកា ដែលកំពុងប្រថុយជីវិតរបស់ពួកគេនៅជួរមុខ អាចទប់ទល់នឹងចំនួនអ្នកជំងឺធ្ងន់ធ្ងរ ហើយដូច្នេះមន្ទីរពេទ្យរបស់យើងនឹងមិនណែនណាន់​តាន់តាប់ឡើយ។ វិធានការណ៍ដែលបានដាក់ចេញដោយរដ្ឋាភិបាលនីមួយៗ អាចធ្វើការបានលុះត្រាតែយើងទាំងអស់គ្នាចូលរួមចំណែក ដើម្បីកាត់បន្ថយទំនាក់ទំនងសង្គមតាមដែលអាចធ្វើទៅបាន។» ឯកឧត្តម បានសង្កត់ធ្ងន់។

សូមរំឭកថា សហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ បានសម្រេចលើកពានរង្វាន់ ៤នឹងត្រូវបានពន្យារពេលទៅកាលបរិច្ឆេទក្រោយៗទៀតនៅឆ្នាំនេះ ដោយចាប់ផ្តើមពីព្រឹត្តិការណ៍បាល់ទាត់នារីអាស៊ីអាគ្នេយ៍ ព្រឹត្តិការណ៍យុវជន និងយុវនារី ៣ទៀតដែលត្រូវផ្លាស់ប្តូរផងដែរនោះ គឺការប្រកួតពានរង្វាន់បាល់ទាត់នារីអាយុក្រោម ១៨ឆ្នាំ, ពានយុវជនអាយុក្រោម ១៦ឆ្នាំ និងពានយុវជនអាយុក្រោម ១៩ឆ្នាំ ដែលគ្រោងធ្វើនៅក្នុងខែមិថុនា ខែកក្កដា និងសីហា បន្តបន្ទាប់គ្នា ស្របពេលដែលព្រឹត្តិការណ៍ចំនួន ៥ផ្សេងទៀតរបស់សហព័ន្ធបាល់ទាត់អាស៊ីអាគ្នេយ៍ នឹងបន្តប្រព្រឹត្តទៅតាមការគ្រោងទុក គឺរួមមានការប្រកួតពានរង្វាន់បាល់ទាត់នារីអាយុក្រោម ១៥ឆ្នាំ, បាល់ទាត់ក្នុងសាល, ក្លឹបបាល់ទាត់ក្នុងសាស, បាល់ទាត់លើឆ្នេរខ្សាច់ និងពានរង្វាន់បាល់ទាត់ជើងឯកអាស៊ីអាគ្នេយ៍ (AFF Championship ឬនិយមហៅថា AFF Suzuki Cup) ខណៈពានរង្វាន់ក្លឹបបាល់ទាត់អាស៊ីអាគ្នេយ៍ (Asean Club Championships – ACC) ត្រូវលើកទៅឆ្នាំ២០២១ វិញ។

គួរបញ្ជាក់ថា វីរុស COVID-19 ដែលបានផ្ទុះឡើងកាលពីខែធ្នូ ឆ្នាំ២០១៩ នៅទីក្រុងវូហាន ប្រទេសចិន បាននាំឲ្យការប្រកួតបាល់ទាត់ស្ទើរជុំវិញពិភពលោកបានសម្រេចផ្អាក ក៏ដូចជាពន្យាពេលជាបន្តបន្ទាប់ ដើម្បីបង្ការការរីករាលដាលនៃវីរុសនេះ​៕

 

អានផងដែរ៖ ឯកឧត្តម ខៀវ សាម៉េត បុរសកម្ពុជាដំបូងគេ ជាប់ជាប្រធានសហព័ន្ធបាល់ទាត់អាស៊ីអាគ្នេយ៍ អាណត្តិទី៥

អានផងដែរ៖ ឯកឧត្តម ខៀវ សាម៉េត និយាយអ្វីខ្លះ ក្រោយឡើងធ្វើប្រធានសហព័ន្ធបាល់ទាត់អាស៊ាន?

អានផងដែរ៖ ពានបាល់ទាត់អាស៊ាន ចំនួន៤ ផ្អាកបណ្ដោះអាសន្ន ខណៈ ៥ទៀតបន្តតាមកាលវិភាគ និង ១លើកទៅឆ្នាំក្រោយ

 

រូបភាព៖ The Asean Football Federation – AFF

អត្ថបទ៖ ណារ៉ុង

មតិយោបល់