ពានបាល់ទាត់អាស៊ាន ចំនួន៤ ផ្អាកបណ្ដោះអាសន្ន ខណៈ ៥ទៀតបន្តតាមកាលវិភាគ និង ១លើកទៅឆ្នាំក្រោយ

មាស សុផាណារ៉ុង March 26, 2020


 

ម៉ាឡេស៊ី៖ សហព័ន្ធបាល់ទាត់អាស៊ីអាគ្នេយ៍ (The Asean Football Federation – AFF) បានសម្រេចកែសម្រួលកម្មវិធីប្រកួតពានប្រចាំតំបន់ច្រើនប្រភេទឡើងវិញ ដែលគ្រោងនឹងធ្វើឡើងក្នុងរយៈពេល ៤ខែខាងមុខទៀត បន្ទាប់ពីជំងឺកូវីដ១៩ (COVID-19) កំពុងរីករាលដាលពេញតំបន់ដែល​មាន​ ១​១ប្រទេសជាសមាជិក (និយាយក្នុងវិស័យកីឡា) មួយនេះ។ នេះបើតាមការប្រកាសដោយសហព័ន្ធផ្ទាល់កាលពីយប់មិញ។

តាមការប្រកាសដដែល ព្រឹត្តិការណ៍ចំនួន ៤នឹងត្រូវបានពន្យារពេលទៅកាលបរិច្ឆេទក្រោយៗទៀតនៅឆ្នាំនេះ ដោយចាប់ផ្តើមពីព្រឹត្តិការណ៍បាល់ទាត់នារីអាស៊ីអាគ្នេយ៍ (AFF Women’s Championship) ដែលគ្រោងធ្វើនៅប្រទេសហ្វីលីពីន នាខែឧសភា។

ជាមួយគ្នានេះ ព្រឹត្តិការណ៍យុវជន និងយុវនារី ៣ទៀតដែលត្រូវផ្លាស់ប្តូរផងដែរនោះ គឺការប្រកួតពានរង្វាន់បាល់ទាត់នារីអាយុក្រោម ១៨ឆ្នាំ, ពានយុវជនអាយុក្រោម ១៦ឆ្នាំ និងពានយុវជនអាយុក្រោម ១៩ឆ្នាំ (AFF U18 Women’s Championship, AFF U16 Boys Championship និង AFF U19 Boys Championship) ដែលគ្រោងធ្វើនៅប្រទេសឥណ្ឌូនេស៊ី ៣កម្មវិធី ក្នុងខែមិថុនា ខែកក្កដា និងសីហា បន្តបន្ទាប់គ្នា។

ដោយឡែកចំពោះព្រឹត្តិការណ៍ចំនួន ៤ផ្សេងទៀតរបស់សហព័ន្ធបាល់ទាត់អាស៊ីអាគ្នេយ៍ នឹងបន្តប្រព្រឹត្តទៅតាមការគ្រោងទុក គឺរួមមានការប្រកួតពានរង្វាន់បាល់ទាត់នារីអាយុក្រោម ១៥ឆ្នាំ (AFF U15 Girls ’Championship) នៅឥណ្ឌូនេស៊ី នាខែកញ្ញានេះ រួមជាមួយព្រឹត្តិការណ៍បាល់ទាត់ក្នុងសាល, ក្លឹបបាល់ទាត់ក្នុងសាល និងបាល់ទាត់លើឆ្នេរខ្សាច់ (AFF Futsal Championship, AFF Futsal Club Championship, AFF Beach Football Championship) ដែលធ្វើនៅប្រទេសថៃ នាចុងឆ្នាំនេះ។

ចំពោះពានរង្វាន់បាល់ទាត់ជើងឯកអាស៊ីអាគ្នេយ៍ (AFF Championship ឬនិយមហៅថា AFF Suzuki Cup) នឹងរក្សានៅដដែល ដែលតាមការគ្រោងទុកគឺចាប់ផ្ដើមនៅខែវិច្ឆិកា ឆ្នាំនេះ។

ទន្ទឹមនឹងនេះដែរការប្រកួតពានរង្វាន់ក្លឹបបាល់ទាត់អាស៊ីអាគ្នេយ៍ (Asean Club Championships – ACC) ដែលរំពឹងទុកថានឹងចាប់ផ្តើមលើកដំបូងនៅឆ្នាំនេះ ត្រូវបានលើកទៅរៀបចំនៅឆ្នាំ២០២១ វិញ ខណៈមូលហេតុគឺដោយសារតែ ពានរង្វាន់នេះត្រូវចំណាយរយៈពេលប្រកួតជាង ៥ខែ ប៉ុន្តែជាមួយនឹងលក្ខខណ្ឌនៅពេលនេះ ហើយការកែប្រែកម្មវិធីប្រកួតលីគតាមបណ្ដាប្រទេសក្នុងតំបន់ទាំង១១ និងពានរង្វាន់របស់ AFC មិនទាន់បានសម្រេចពេលវេលាច្បាស់លាស់នៅឡើយ ដើម្បីបញ្ចប់ការប្រកួតជើងឯកប្រចាំឆ្នាំ ផងដែរនោះ ក៏ជាកត្តាផងដែរ។

សូមបញ្ជាក់ថា សហព័ន្ធកីឡាបាល់ទាត់កម្ពុជា មានឈុតជម្រើសជាតិជាច្រើនដូចជា ជម្រើសជាតិឈុតធំ ( បុរស-នារី ), ជម្រើសជាតិយុវជន ( យុវជនអាយុក្រោម២២ឆ្នាំ, ១៩ឆ្នាំ និង១៦ឆ្នាំ – យុវនារីអាយុក្រោម ១៦ឆ្នាំ ), និងក្រុមជម្រើសជាតិហ្វូតសាល ខណៈកម្មវិធីប្រកួតខ្លះៗសហព័ន្ធកីឡាបាល់ទាត់កម្ពុជា អាចនឹងបញ្ជូនក្រុមទៅចូលរួមក្នុងឆ្នាំនេះ។

និយាយដោយឡែក វីរុស COVID-19 ដែលបានផ្ទុះឡើងកាលពីខែធ្នូ ឆ្នាំ២០១៩ នៅទីក្រុងវូហាន ប្រទេសចិន បាននាំឲ្យការប្រកួតបាល់ទាត់ស្ទើរជុំវិញពិភពលោកបានសម្រេចផ្អាក ក៏ដូចជាពន្យាពេលជាបន្តបន្ទាប់ ដើម្បីបង្ការការរីករាលដាលនៃវីរុសនេះ​៕

 

រូបភាព៖ The Asean Football Federation

អត្ថបទ៖ ណារ៉ុង

មតិយោបល់