បុរសវ័យ៣០ឆ្នាំ រាយ​រាប់បទពិសោធន៍ធ្វើជាជំនួយការគ្រូល្បីៗនៅកម្ពុជា ៨រូបផ្សេងគ្នាក្នុងរយៈពេល ៥ឆ្នាំចុងក្រោយ

មាស សុផាណារ៉ុង March 25, 2020


 

ភ្នំពេញ៖ រយៈពេលជាង ៥ឆ្នាំកន្លងមកហើយ អ្នកតាមដានវិស័យបាល់ទាត់កម្ពុជា ទំនងប្រហែលជានឹងចាប់អារម្មណ៍បុរសវ័យ ៣០ឆ្នាំគត់ម្នាក់ដែលតែងតែមានមុខជាមួយក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ស្ទើរគ្រប់ឈុត ( ​ពីយុវជនរហូតដល់ឈុតធំ ) ក្នុងនាមជាជំនួយការគ្រូបង្វឹក ខណៈចាប់តាំងពីក្លាយជាគ្រូជំនួយមក លោកត្រូវបានគេដឹងថាបានធ្វើការជាមួយគ្រូល្បីៗជាច្រើននៅកម្ពុជា សរុបដល់ទៅ ៨នាក់ ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ។

សារព័ត៌មាន camsports.org សូមណែនាំឲ្យស្គាល់ លោក សាប៊ូន វិនតា បច្ចុប្បន្នមានវ័យ ៣០ឆ្នាំ ជាគ្រូបង្វឹកដែលមានប្រភពមកពីខេត្តបន្ទាយមានជ័យ បានប្រឡូកក្នុងអាជីពជាគ្រូបង្វឹកលើកដំបូងកាលពីឆ្នាំ២០០៩ ដោយចាប់ផ្ដើមជាគ្រូយុវជនក្រុមស្ម័គ្រចិត្ត ( មិនអាជីព ) នៅខេត្តបន្ទាយមាន មុនចូលសិក្សាវគ្គ D License នៅឆ្នាំ២០១០ ក្រោមការបង្រៀនដោយគ្រូឧទ្ទេស គឺលោក ប្រាក់ សុវណ្ណារ៉ា និងបានបន្តជាបន្តបន្ទាប់វគ្គ C License និង B License ជាមួយ លោក ប្រាក់ សុវណ្ណារ៉ា ដដែល និងឆ្នាំកន្លងទៅបានបញ្ចប់ និងទទួលបាន​ A License ជាមួយគ្រូមកពីហ្វីលីពីន។

រយៈពេលដែលលោកបានកំពុងរៀនសូត្របណ្ដើរ ធ្វើជាគ្រូជំនួយបណ្ដើរ ពោលគឺចាប់តាំងពីឆ្នាំ២០១៥ មក លោកបានចំណាយពេលរៀនសូត្រ និងធ្វើការជាមួយបុរសខ្លាំងជាច្រើនដែលមានឈ្មោះល្បីក្នុងបាល់ទាត់កម្ពុជា ពោលគឺចាប់ផ្ដើមដំបូងជាមួយ លោក ប្រាក់ សុវណ្ណារ៉ា ( ដែលជាគ្រូជោគជ័យជាមួយបឹងកេត ), លោក មាស សំអឿន ( គ្រូមានបទពិសោធន៍នៅកម្ពុជា ), លោក Lee Tae Hoon ( អតីតគ្រូបង្វឹកជម្រើសជាតិកម្ពុជា ពីឆ្នាំ២០១៣-២០១៧ ), លោក Inoue Kazunori ( គ្រូ U-16 កម្ពុជា ), លោក Musashi Mizushima ( គ្រូ U-19 កម្ពុជា ),​ លោក Gyotoku-Koji ( គ្រូ U-19 កម្ពុជា បច្ចុប្បន្ន) និង លោក Felix G.Dalmas ជាមួយ​លោក Keisuke Honda គ្រូបង្វឹក និងជាអ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា ឈុតធំ។

ជាមួយគ្នាផងដែរ ក្នុងរយៈពេល ៥ឆ្នាំលោកបានទទួលស្គាល់ថាបានរៀនសូត្រច្រើនពីគ្រូនីមួយៗ ដោយលោកបានរាយរាប់បទពិសោធន៍ដែលទទួលបានពីគ្រូនីមួយៗដូចខាងក្រោម៖

  • លោក ប្រាក់ សុវណ្ណារ៉ា៖

«តាមពិតគាត់ជាគ្រូម្នាក់ដែលខ្ញុំបានរៀនសូត្រ ចូលរួមវគ្គបណ្ដុះបណ្ដាល ដែលគាត់បានបណ្ដុះបណ្ដាលវគ្គអាជីពគ្រូបង្វឹក តាំងពីវគ្គ ​D វគ្គ C និងវគ្គ B រហូតដល់ចប់វគ្គ A គឺខ្ញុំរៀនជាមួយគ្រូហ្វីលីពីន ហើយនោចុងឆ្នាំ២០១៥ ខ្ញុំត្រូវបានលោកគ្រូ ប្រាក់ សុវណ្ណារ៉ា កោះហៅខ្ញុំធ្វើជាគ្រូជំនួយនៅក្នុងព្រឹត្តិការណ៍ Cambodia All Stars លេងជាមួយ Muangthong ចុងឆ្នាំ២០១៥ រហូតដល់២០១៦ ចប់ពី All Stars ៣ប្រកួត បន្ទាប់មកខ្ញុំក៏ចូលរួមធ្វើជំនួយការនៅបឹងកេត ជាមួយគាត់រយៈពេលខ្លី។»

«លោកគ្រូ ប្រាក់ សុវណ្ណារ៉ា គាត់ប្រៀបដូចជាគ្រូចំបងរបស់ខ្ញុំអ៊ីចឹង គាត់បណ្ដុះបណ្ដាលខ្ញុំច្រើនអំពីអាជីពហ្នឹង ទាំងចំនេះដឹងបាល់ទាត់ ទាំងការរៀបចំក្រុម ខ្ញុំរៀនសូត្រពីគាត់បានច្រើន។»

លោក ប្រាក់ សុវណ្ណារ៉ា
  • លោក មាស សំអឿន៖

«កាលពីឆ្នាំ២០១៦ គឺនៅសាលាបាល់ទាត់ជាតិបាទីគេបង្កើតក្រុមមួយទៀតគឺ ​U-14 កាលនោះគឺ លោកគ្រូ មាស សំអឿន គាត់ត្រូវបានជ្រើសរើសជាគ្រូបង្គោល ហើយមានខ្ញុំជាគ្រូជំនួយ ហើយខ្ញុំបាននៅធ្វើការបង្ហាត់ជាមួយគាត់បានមួយរយៈដែរ មុននឹងផ្លាស់ប្ដូរមកគ្រូកូរ៉េ វិញ។»

លោកធ្វើជាជំនួយការលោក មាស សំអឿន ដែលជាគ្រូបង្វឹកក្រុម U-14 សាលាបាល់ទាត់ជាតិបាទី ក៏ដូចជាក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម ១៤ឆ្នាំ មុនលោក Lee Tae Hoon ចូលមកដឹកនាំបន្ត។

លោក មាស សំអឿន 
  • លោក Lee Tae Hoon៖

«ហើយចំពោះលោកគ្រូ Lee Tae Hoon ខ្ញុំបានរៀនសូត្របន្ថែមកាន់តែខ្លាំងមួយទៀត ដែលថ្វើឲ្យខ្ញុំស្គាល់ពីអាជីពបាល់ទាត់កាន់តែច្បាស់ជាងមុន ខ្ញុំបានរៀនសូត្រពីគាត់ច្រើនមែនទែន គាត់បានផ្ដល់ឱកាសដល់ខ្ញុំ គាត់បានបង្រៀនខ្ញុំពីការរៀបចំក្រុម ការដឹកនាំការប្រកួត និងកលល្បិចក្រុមនៃការលេង បច្ចេកទេសបាល់ទាត់ជាច្រើន និយាយរួមគាត់បង្ហាញពីភាពជាគ្រូបង្វឹកអាជីពទៅកាន់ខ្ញុំបានច្រើន ខ្ញុំសប្បាយចិត្តដែលខ្ញុំបង្កើនចំណេះដឹងបន្ថែមទៀតជាមួយនឹងលោកគ្រូ Lee Tae Hoon។»

លោកធ្វើជាជំនួយការលោក Lee Tae Hoon ដែលជាគ្រូបង្វឹកក្រុម U-15 សាលាបាល់ទាត់ជាតិបាទី ក៏ដូចជាក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម ១៥ឆ្នាំផងដែរ ខណៈលោកគឺជាគ្រូដែលចំណាយពេលនៅជាមួយគ្នាយូរជាងគេ ដល់ទៅជិត ២ឆ្នាំ។

លោក Lee Tae Hoon
  • គ្រូជប៉ុន ៣រូប នៅសាលាបាល់ទាត់ជាតិបាទី៖

«ហើយបន្ទាប់ពីគ្រូកូរ៉េមក ខ្ញុំក៏បានរៀនសូត្រពីគ្រូជប៉ុនមួយចំនួនខ្លះៗដែរ ដែលគាត់នៅរយៈពេលខ្លី ខ្ញុំការងារគាត់រយៈពេលខ្លីដូចជា លោកគ្រូ Inoue ក៏ខ្ញុំបានធ្វើការជាមួយគាត់រយៈពេលខ្លីដែរ ខ្ញុមបានរៀនសូត្រមួយចំនួនអំពីការគ្រប់គ្រងក្រុមរបស់គាត់ដែរ ដូចជាវិន័យក្នុងក្រុមដូចគ្នា គាត់មានការរៀបចំវិន័យបានល្អក្នុងក្រុម ហើយបន្ទាប់មក លោក Mussashi ខ្ញុំរៀនសូតពីគាត់បានមួយចំនួនទៀត ដែលគាត់មានបទពិសោធន៍ច្រើនបែបខាងប្រេស៊ីល គាត់បានយកបទពិសោធន៍នៃការបង្ហាត់មួយចំនួនតាមស្ទាយប្រេស៊ីល ក៏ដូចជាជប៉ុនខ្លះដែរ អ៊ីចឹងយើងបានបទពិសោធរបៀបបង្ហាត់ស្ទាយប្រទេសមួយៗចឹងដែរ។»

លោក Inuoe Kazunori គ្រូ U-16 សាលាបាល់ទាត់ជាតិបាទី និងជាគ្រូ កម្ពុជា ខណៈលោក Musashi Mizushima គ្រូ U-18 សាលាបាល់ទាត់ជាតិបាទី និងជាគ្រូ U-19 ជម្រើសជាតិកម្ពុជា ( ឆ្នាំ២០១៨ )។

លោក ​Inoue Kazunori

លោក Musashi Mizushima

«បច្ចុប្បន្នភាពរបស់ខ្ញុំ ខ្ញុំនៅធ្វើការជាគ្រូជំនួយយុវជនជាមួយលោកគ្រូ ​Koji ដែលគាត់ទើបតែផ្លាស់ប្ដូរមកកាលពីឆ្នាំទៅមិញ ខ្ញុំបានរៀនសូត្រពីគាត់ច្រើន គាត់ជាគ្រូមួយកម្រិតខ្ពស់ ទៅលើការគ្រប់គ្រង ការដឹកនាំក្រុម ក៏ដូចជាការរៀបចំការហ្វឹកហាត់របៀបមួយថ្មីមួយទៀត ចឹងបានន័យថាគ្រូទាំងអស់ គឺខ្ញុំបានរៀនសូត្រផ្នែកខុសៗគ្នាមួយៗ នៃការដឹកនាំរបស់គ្រូមួយៗ។»

លោក Gyotoku-Koji បច្ចុប្បន្នជាគ្រូ​ U18 នៃសាលាបាល់ទាត់ជាតិបាទី និងជាគ្រូជម្រើជាតិកម្ពុជា អាយុក្រោម ១៩ឆ្នាំផងដែរ។

លោក Gyotoku-Koji

«ហើយមួយទៀតហ្នឹង ជម្រើសជាតិឈុតធំក៏បានផ្ដល់ឱកាសឲ្យខ្ញុំផងដែរ ក្នុងនាមជាគ្រូជំនួយ របស់​លោក Felix ជាមួយ Honda ខ្ញុំបានផ្លាស់ប្ដូរបន្ថែមថ្មីមួយទៀត ក្នុុងអាជីពគ្រូបង្វឹកបាល់ទាត់ ការដឹកនាំ ក៏ដូចជាការគ្រប់គ្រងក្នុងបាល់ទាត់សម័យទំនើប តាមការហ្វឹកហាត់ ក៏ដូចជាបច្ចេកវិទ្យាជាមួយកីឡាករ ទាំងក្នុងក្រុមជាលក្ខណៈអាជីពតាមផ្នែកនីមួយៗ ខ្ញុំបានរៀនសូត្រអំពីភាពជាអាជីពកីឡាករ មួយរយៈដែលខ្ញុំនៅក្រុមឈុតធំនេះ។»

ទន្ទឹមជាមួយការទទួលបានឱកាសធ្វើការជាមួយ ​លោក Felix និង លោក Honda លោកក៏ទទួលបានឱកាសធ្វើការជាមួយ លោក ភា សុភ័ក្ត្រា ដែលជាគ្រូមានបទពិសោធក្នុងលីគកំពូលកម្ពុជា ខណៈលោកបានរំឭកយ៉ាងដូច្នេះថា៖ «បាទ ជាការងារដំបូងដែលខ្ញុំបានធ្វើការជាមួយគាត់ ខ្ញុំបានរៀនសូត្រមួយចំនួនពីគាត់ ពីព្រោះគាត់ជាគ្រូមួយដែលមានបទពិសោធន៍ការងារជាមួយនឹងក្លឹបផងដែរ ហើយជាគ្រូម្នាក់ដែលយើងមើលឃើញថាគាត់មានសមត្ថភាព ខ្ញុំបានស្វែងយល់ពីគាត់ផងដែរ គាត់បានចែករំលែកអំពីបទពិសោធន៍នៃការដឹកនាំក្រុមគាត់ ការរៀបចំក្រុមរបស់គាត់។»

និយាយអំពីបទពិសោធន៍ដែលទទួលបានពីគ្រូនីមួយៗ លោក សាប៊ូន វិនតា បានសង្គត់ធ្ងន់ថា៖ «អ៊ីចឹងដូចខ្ញុំនិយាយ គ្រូបង្វឹកទាំងអស់គាត់មានផ្នត់គំនិតនៃការដឹកនាំរបស់ នៃការរៀបចំលេងនិងការបង្ហាត់អីហ្នឹង គឺគាត់មានស្តាយរៀងៗខ្លួន អ៊ីចឹងអ្វីដែលខ្ញុំបានរៀនសូត្រពីគាត់គឺច្រើនអំពីផ្នែកតូចៗ គឺអ្វីដែលខ្ញុំចាប់បាននូវចំនុចខ្លាំងរបស់ពួកគាត់មួយៗ ធ្វើជោគជ័យជាមួយកីឡាករ យើងរៀនសូត្រពីពួកគាត់ ហើយវាជាចំនុនដែលវាអភិវឌ្ឍន៍បន្ថែមទៅលើអាជីពរបស់ខ្ញុំ។»

សូមបញ្ជាក់ថា លោក សាប៊ូន វិនតា បច្ចុប្បន្នជាគ្រូជំនួយនៅសាលាបាល់ទាត់ជាតិបាទី ឈុតយុវជនអាយុក្រោម ១៨ឆ្នាំ ដែលមានលោក Gyotoku-Koji ជាគ្រូធំ ដឹកនាំក្រុមប្រកួតក្នុងលីគកំពូលកម្ពុជា ផងដែរ៕

 

សូមរង់ចាំអានអត្ថបទបន្ទាប់ ដែលនឹងនិយាយពីជីវប្រវត្តិសង្ខេប បូករួមជាមួយដើមចងដែលនាំឲ្យចាប់អាជីពជាគ្រូបង្វឹកបាល់ទាត់ និងគោលដៅទៅថ្ងៃអនាគត!

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់