Masaaki Ideguchi ជុំវិញការចាប់ផ្ដើមដ៏ល្អរបស់ភ្នំពេញក្រោន នៃលីគរដូវកាល២០២០ នេះ

មាស សុផាណារ៉ុង March 24, 2020


 

ភ្នំពេញ៖ ខ្សែបម្រើកណ្ដាល Masaaki Ideguchi ជឿជាក់ថាការចាប់ផ្តើមដ៏អស្ចារ្យរបស់ភ្នំពេញក្រោន ក្នុងពានរង្វាន់លីគកំពូលកម្ពុជា នារដូវកាលនេះ បានមកពីការខិតខំប្រឹងប្រែងរបស់ក្រុមយ៉ាងខ្លាំងទាំងផ្នែកការពារ និងការប្រយុទ្ធ។

ក្រុមរហស្សនាមសឹង្ហក្រហម មិនស្គាល់ពាក្យថាចាញ់សោះក្នុងការប្រកួត ៥ប្រកួតបើកឆាកដំបូងនៃលីគ ដោយឈ្នះ ៤លើក និងស្មើជាមួយក្រុមការពារតំណែងជើងឯក ព្រះខ័នរាជស្វាយរៀង។

ក្រុមរបស់ លោក ស៊ុំ វណ្ណា បានរកគ្រាប់បាល់ ១៧គ្រាប់ ហើយរក្សាសំណាញ់ទីមិនឲ្យរបូតគ្រាប់បាល់បានទាំង ៥ប្រកួតជាប់ៗគ្នាដែលអាចជាការចាប់ផ្តើមដ៏ល្អបំផុតក្នុងប្រវត្តិសាស្ត្ររបស់ក្លឹប។

ខ្សែបម្រើសញ្ជាតិជប៉ុនរូបនេះបានប្រាប់សារព័ត៌មាន camsports.org ថា៖ «យើងមានការចាប់ផ្តើមដ៏ល្អ ហើយខ្ញុំមានអារម្មណ៍ថាក្រុមរបស់យើងកំពុងតែរីកចម្រើនទៅមុខពីមួយប្រកួត ទៅមួយប្រកួត។ ខ្ញុំគិតថាការបង្ហាញទម្រង់របស់យើងគឺអស្ចារ្យ ហើយការសម្តែងរបស់ខ្ញុំក៏មិនអាក្រក់ដែរ។ ខ្ញុំក៏មិនដែលភ្លេចអ្នកគាំទ្ររបស់យើងដូចគ្នា ហើយខ្ញុំពិតជាកោតសរសើរចំពោះការគាំទ្រដ៏អស្ចារ្យរបស់ពួកគេទាំងអស់។»

«ជាលទ្ធផលនៃស្មារតីជាក្រុម និងការប្រកួតយ៉ាងស្វិតស្វាញជាមួយកីឡាករទាំងអស់នៅក្នុងក្រុម ខ្ញុំគិតថាយើងអាចការពារ និងប្រយុទ្ធជាមួយគ្នា។» អតីតសមាជិកវិសាខា រូបនេះបន្ថែម។

ពេលសួរនាំចង់ឲ្យក្លឹបបង្កើតកំណត់ត្រាថ្មីនៅរដូវកាលនេះ Masaaki Ideguchi បានបន្តទៀតថា៖ «ខ្ញុំមិនគិតអំពីកំណត់ត្រាទេ ប៉ុន្តែយើងត្រូវតែបន្តធ្វើឲ្យខ្លួនយើងកាន់តែរឹងមាំ។ ខ្ញុំសង្ឃឹមថានឹងមានការត្រៀមលក្ខណៈល្អសម្រាប់រាល់ការប្រកួតទាំងអស់ ប្រឹងប្រែងប្រយុទ្ធជាមួយនឹងមិត្តរួមក្រុម ហើយទីបំផុតនឹងទទួលបានតំណែងនេះ។»

សូមបញ្ជាក់ថា ភ្នំពេញក្រោន បច្ចុប្បន្នកំពុងឈរនៅលេខ១ មាន ១៣ពិន្ទុ ក្រោយប្រកួត ៥ដង ឈ្នះ៤ និងស្មើ១ មិនដែលចាញ់ ហើយរឹតតែធ្វើបានល្អនោះ គឺអាចរកគ្រាប់បាល់បានដល់ទៅ ១៧គ្រាប់ និងមិនទាន់របូតគ្រាប់បាល់វិញសូម្បីតែ ១គ្រាប់នៅឡើយ៕

 

អត្ថបទ៖ សុភ័ក្ត្រ

មតិយោបល់