ស្ថាបនិកក្លឹបបាល់ទាត់ភ្នំពេញក្រោន ចូលរួមឧបត្ថម្ភ ១០មុឺនដុល្លារ សម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នៅកម្ពុជា

នូ មករា March 21, 2020


 

ភ្នំពេញ៖ ស្ថាបនិកក្លឹបបាល់ទាត់ភ្នំពេញក្រោន ឯកឧត្តមអ្នកឧកញ៉ា កុក អាន រួមទាំងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ បានចូលរួមឧបត្ថម្ភថវិកាចំនួន ១០ម៉ឺនដុល្លារ ជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីចូលរួមសម្រាប់យុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ( COVID-19 ) នៅកម្ពុជា។

ការចូលរួមនេះ គឺតបតាមប្រសាសន៍ប្រធានគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ សម្តេចតេជោ ហ៊ុន សែន ដែលបានលើកឡើងថា ជំនួយដែលនឹងត្រូវបានផ្តល់ដល់រាជរដ្ឋាភិបាលគឺដើម្បីសង្គ្រោះ និងការពារអាយុជីវិតរបស់ប្រជាជនកម្ពុជា ពីការរាតត្បាតនៃវីរុសកូវីដ១៩ ដែលកំពុងតែគំរាមកំហែងនៅទូទាំងពិភពលោកនោះ។

ក្លឹបបាល់ទាត់ភ្នំពេញក្រោន អាចត្រូវបានចាត់ទុកថាជាក្លឹបបាល់ទាត់ឈានមុខមួយផងដែរនៅកម្ពុជា ក្នុងការចូលរួមចំណែកជាមួយកិច្ចការមនុស្សធម៌ ដូចជាការឧបត្ថម្ភដល់មន្ទីរពេទ្យគន្ធបុប្ផា ដល់កុមារកំព្រា និងជាពិសេសរួមចំណែកផ្ដល់ឱកាសដល់យុវជន យុវនារី តាមរយៈសកម្មភាពកីឡាជាមួយនឹងការបង្កើតយុវជនថ្នាល មានគុណភាព និងទទួលស្គាល់ពីមជ្ឈដ្ឋានផងដែរ។

សូមបញ្ជាក់ថា ក្រៅពី ឯកឧត្តមអ្នកឧកញ៉ា កុក អាន រួមទាំងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ក៏នៅមានថា្នក់ដឹកនាំស្ថាប័នរដ្ឋជាច្រើននាក់ទៀតចូលរួមឧបត្ថម្ភ​ក្នុងសកម្មភាពបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ នេះផងដែរ។

រាជរដ្ឋាភិបាលបានកំណត់ទីតាំងចំនួន ២កន្លែង សម្រាប់ទទួលស្វាគមន៍ជំនួសសប្បុរស៖ កន្លែងទី១៖ នៅគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ មានទីតាំងនៅក្រសួងសុខាភិបាល និងកន្លែងទី២៖ នៅខុទ្ទកាល័យនាយករដ្ឋមន្ត្រី​ ដែលមានឯកឧត្តម សេង ទៀង នាយករងខុទ្ទកាល័យ (០១២ ៩៦១ ៩៧១) និងមន្ត្រីមួយចំនួនទៀតជាអ្នករងចាំទទួល៕

មតិយោបល់