របៀបដែលកីឡាបាល់ទាត់ក្នុងសាល «Futsal» បានចូលមកដល់កម្ពុជា

មាស សុផាណារ៉ុង March 21, 2020


 

ភ្នំពេញ៖ កីឡាបាល់ទាត់ Futsal ត្រូវបានដឹងថាមានការពេញនិយមច្រើនក្នុងស្រទាប់អ្នកស្នេហាវិស័យកីឡាបាល់ទាត់ ទាំងការចូលរួមទស្សនា ជាពិសេសការចូលរួមលេងដោយផ្ទាល់ ខណៈថាតើកីឡាប្រភេទនេះបានចូលមកកម្ពុជា នៅឆ្នាំណានោះ ក៏នឹងមានលើកមកបង្ហាញក្នុងអត្ថបទនេះផងដែរ។

ការប្រកួតបាល់ទាត់ Futsal គេឃើញមានតាំងពីឆ្នាំ១៩៣០ មកម្ល៉េះ ពោលគឺនៅទីក្រុង Monte Video នៃប្រទេសអ៊ុយរ៉ាហ្កាយ ហើយវាជាប្រភេទល្បែងមួយដែលប្រជាជននៅតំបន់អាមេរិកខាងត្បូង និយមចូលចិត្តខ្លាំង ពិសេសគឺនៅប្រទេសប្រេស៊ីល តែម្តងដែលជនជាតិមួយនេះមានបច្ចេកទេស និងសមត្ថភាពផ្ទាល់ខ្លួនខ្ពស់បំផុតនៅលើពិភពលោក ផ្នែកកីឡានេះ ហើយសូម្បីតែកីឡាល្បីៗរបស់ប្រទេសប្រេស៊ីល ភាគច្រើនក៏មានប្រភពចេញមកពី Futsal នេះដែរ។

មានកំណើតតាំងពីឆ្នាំ១៩៣០ ប៉ុន្តែតាមពិតទៅកីឡាបាល់ទាត់ដែលលេងក្នុងតារាងដោយមានគ្នាម្ខាង ៥នាក់ នេះទើបតែចូលមកកម្ពុជា នៅអំឡុងឆ្នាំ២០០០ ប៉ុណ្ណោះ។ នេះបើតាមការបញ្ជាក់របស់លោក ទុយ ប៊ុនហឿន អតីតមន្រ្តីប្រចាំសហព័ន្ធកីឡាបាល់ទាតលកម្ពុជា ដែលជាជនជាតិខ្មែរមួយរូបធ្លាប់បានទទួលការបណ្ដុះបណ្ដាលពាក់ព័ន្ធនឹងកីឡានេះមុនគេជាមួយ លោក កែវ សារិន ក្នុងឆ្នាំ២០០០ ជាមួយវគ្គមានឈ្មោះថា «Futsal Development Course South East Asia» នៅប្រទេសថៃ។

បើតាមការរៀបរាប់របស់លោក ទុយ ប៊ុនហឿន បានឱ្យដឹងថា Futsal ឬបាល់ទាត់ក្នុងបន្ទប់នេះ មានប្រភពមកពីតំបន់អាមេរិកខាងត្បូង។ កាលនោះនៅក្នុងពិភពលោកជួបគ្រោះធម្មជាតិដោយសារការធ្លាក់ទឹកកក ហើយបាតុភូតធម្មជាតិនេះបានបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ការប្រកួតកីឡាបាល់ទាត់។ ស្ថានភាពបែបនេះ ទើបនាំឲ្យមានការលើកការប្រកួតនោះមកលេងក្នុងបន្ទប់វិញ ហើយការប្រកួតនោះគេហៅថា «Futsal» ទៅគឺមានន័យថាបាល់ទាត់លេងក្នុងសាល ឬបន្ទប់។ ដោយសារក្នុងបន្ទប់វាមានស្ថានភាពចង្អៀត ទើបគេមិនលេងម្ខាង ១១នាក់ដូចបាល់ទាត់នៅទីវាលដោយកំណត់ឲ្យលេងម្ខាងតែ ៥នាក់ប៉ុណ្ណោះ។

ពាក្យ Futsal មកពីពាក្យអេស្ប៉ាញ រីឯភាសាប៉ទុយហ្គាល់ ហៅថា Futbol ឬ Futtebol បើតាមភាសាបារាំង ឬភាសាអេស្ប៉ាញ Sale ឬ Salon មានន័យថា បន្ទប់ ឬម្លប់ ដូច្នេះ Futsal មានន័យថា ជាប្រភេទបាល់ទាត់ក្នុងបន្ទប់ ឬក្នុងម្លប់។ មានការពន្យល់មួយទៀតដែរថា Futsal គឺជាការលេងបាល់លើទីលានតូចនៅក្នុងសាលហើយក៏មានពាក្យមួយទៀតដែលគេ ហៅជំនួសថា Five a Side ឬ បាល់ទាត់ម្ខាង ៥នាក់។

បាល់ទាត់ គឺជាកីឡាដ៏ធំដែលគេនិយមចូលចិត្ត ព្រោះជាប្រភេទកីឡាស្រួលទស្សនា ស្រួលគាំទ្រ ពិសេសកីឡាបាល់ទាត់មានសមាជិកម្ខាង ១១នាក់ ប៉ុន្តែសព្វថ្ងៃនេះ Futsal ក៏មានការនិយមទស្សនាមិនចាញ់បាល់ទាត់ ១១នាក់ដែរ។ កីឡា Futsal នេះ ត្រូវបានគេនិយាយតៗគ្នាថាមានវត្តមាននៅប្រទេសកម្ពុជា ជាយូរណាស់មកហើយ ប៉ុន្តែសកម្មភាពបង្ហាត់ ឬប្រកួត ពុំដែលឃើញមានឯកសារណាបញ្ជាក់ឡើយ។

លុះដល់ឆ្នាំ២០០០ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដែលកាលនោះមានលោក ខែក រ៉ាវី ជាប្រធានបានបញ្ជូនលោក កែវ សារិន ដែលជាអនុប្រធានសហព័ន្ធ និងលោក ទុយ ប៊ុនហឿន ទៅបណ្ដុះបណ្ដាលនៅប្រទេសថៃ ផ្នែក Futsal។ ការបណ្ដុះបណ្ដាលនោះ គឺសម្រាប់តំបន់អាស៊ីអាគ្នេយ៍ ដែលគេប្រសិទ្ធិនាមថា «Futsal Development Course South East Asia ។ ក្រោយមកនៅឆ្នាំ២០០១ ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយទូរទស្សន៍កងយោធពលខេមរភូមិន្ទប៉ុស្តិ៍លេខ៥ រៀបចំការប្រកួត Futsal ក្របខណ្ឌនិស្សិតឧត្តមសិក្សា ហើយក្នុងឆ្នាំដដែលនោះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក៏បានរៀបចំឱ្យមានគណៈកម្មាធិការ Futsal ឡើងដោយមានលោក កែវ សារិន ជាប្រធាន, លោក ម៉ៃ តុលា ជាអនុប្រធាន, លោក ទុយ ប៊ុនហឿន និង លោក ជា ប៊ុនតៃ ជាសមាជិក។

បន្ទាប់មកនាឆ្នាំ២០០៣ កម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះរៀបចំវគ្គគ្រូបង្វឹក និងអាជ្ញាកណ្ដាល Futsal ក្រោមការឧបត្ថម្ភរបស់ FIFA និងសហព័ន្ធបាល់ទាត់អាស៊ាន AFF ដែលមានប្រទេសចំនួន ១៣ ចូលរួម។ នៅឆ្នាំដដែលនោះ កម្ពុជាក៏បានទទួលធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតជើងឯកអាស៊ីអាគ្នេយ៍ ប្រចាំឆ្នាំ២០០៣ (Asean Futsal Championship 2003) ផងដែរ។

ជាអកុសលកាលនោះពហុកីឡដ្ឋានជាតិអូឡាំពិក ស្ថិតក្នុងការជួសជុល ដូច្នេះកម្ពុជាមិនរៀបចំបាននោះទេ និងបានផ្ទេរការប្រកួតនេះទៅប្រទេសម៉ាឡេស៊ីវិញ ហើយក្រុមតំណាងកម្ពុជា ក៏បានធ្វើដំណើរទៅចូលរួមប្រកួតនៅម៉ាឡេស៊ី ផងដែរ ដោយមានការចូលរួមពីប្រទេសប្រ៊ុយណេ, កម្ពុជា, ហ្វីលីពីន, ថៃ និងប្រទេសឥណ្ឌូនេស៊ី។

ក្រោយៗមកទៀត កម្ពុជាបានបង្កើតឱ្យមានការប្រកួត Futsal ប្រចាំឆ្នាំ បន្ទាប់ពី ឯកឧត្តម សៅ សុខា បានក្លាយជាប្រធានសហព័ន្ធកីឡាបាល់ទាត់ បន្តពីលោក ខែក រ៉ាវី នាឆ្នាំ២០០៦ នោះ៕

 

អត្ថបទ៖ ជីង ឡុង

មតិយោបល់