ណាហ្គាវើលដ៏ សម្រាកហាត់ ក្រោយលីគផ្អាកប្រកួតបណ្ដោះអាសន្ន

មាស សុផាណារ៉ុង March 20, 2020


 

ភ្នំពេញ៖ ក្រុមណាហ្គាវើលដ៏ បានអនុញ្ញាតឲ្យកីឡាករសម្រាកការប្រមូលផ្ដុំហ្វឹកហាត់ជាបណ្ដោះអាសន្នហើយ បន្ទាប់ពីគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) ប្រកាសផ្អាកការប្រកួតក្របខណ្ឌលីគកំពូលកម្ពុជា បណ្ដោះអាសន្ន កាលពីម្សិលមិញ។ នេះបើតាមការបញ្ជាក់របស់គ្រូបង្វឹកលោក មាស ចាន់ណា។

លោក មាស ចាន់ណា ឲ្យដឹងនៅព្រឹកថ្ងៃសុក្រនេះថា អំឡុងពេលជំងឺផ្លូវដង្ហើមប្រភេទថ្មី Covid-19 កំពុងរាតត្បាតខ្លាំង ស្របពេល CNCC ប្រកាសផ្អាកការប្រកួតលីគបណ្ដោះអាសន្ន ក្រុមខ្លួនក៏សម្រេចផ្អាកហ្វឹកហាត់ដែរ ដើម្បីទប់ស្កាត់ និងបង្ការជំងឺឆ្លងនេះ។ លោកថា៖ «ពេលនេះ ក្រុមខ្ញុំសម្រាកហើយ តែយើងឲ្យកីឡាករហាត់រៀងខ្លួន ព្រោះកីឡាករខ្ញុំទាំងអស់ មានទំនួលខុសត្រូវខ្ពស់ ចឹងយើងអត់សូវបារម្ភពីកម្លាំងទេ។»

បន្ថែមលើនេះ លោកក៏កំពុងស្វែងរកដំណោះស្រាយ ដើម្បីហ្វឹកហាត់ឲ្យបានសមស្រប ក្នុងស្ថានការណ៍បែបនេះវិញ។ លោកបន្ដថា៖ «ឥលូវយើងកំពុងពិចារណាជាមួយថ្នាក់ដឹកនាំ តើយើងគួរបន្ដសម្រាករហូត អំឡុងពេលមានការផ្ទុះខ្លាំង (Covid-19) ហ្នឹង។ មួយទៀត តាមគំនិតខ្ញុំ លីគមិនអាចចាប់ផ្ដើមុនចូលឆ្នាំខ្មែរទេ ខ្ញុំជឿថា អាចនឹងក្រោយចូលឆ្នាំខ្មែរ ចឹងខ្ញុំក៏អាចនឹងចូលហាត់វិញ នៅក្រោយចូលឆ្នាំដែរ។»

យ៉ាងណាមិញគ្រូបង្វឹក A-License ដដែល បានសម្ដែងការគាំទ្រពេញទំហឹង ចំពោះចំណាត់ការរបស់ CNCC។ «ការផ្អាកនេះ គឺជាការល្អ! មែនទែនទៅ ខ្ញុំគិតថា គួរតែផ្អាកតាំងពីមុនប្រកួតសប្ដាហ៍ទី៥ តែផ្អាកឥលូវក៏មិនបញ្ហាដែរ ព្រោះអីកីឡាករ ទោះគាត់មកហាត់ ក៏អារម្មណ៍គាត់អត់ល្អ ភាពស្និទ្ធស្នាលរវាងកីឡាករគ្នាឯង ក៏មិនសូវមាន អញ្ចឹងយើងពិបាកមែនទែន។ ចឹង CNCC និងសហព័ន្ធពន្យារពេលប្រកួតអញ្ចឹង គឺវាល្អសម្រាប់ក្រុមនីមួយៗ។» លោក មាស ចាន់ណា សង្កត់ធ្ងន់។

គួរបញ្ជាក់ថា មុនផ្អាកការប្រកួតបណ្ដោះអាសន្ន លីគកំពូលកម្ពុជា បានដំណើរការប្រកួតចំនួន ៥ សប្ដាហ៍មកហើយ ស្របពេលក្រុមណាហ្គាវើលដ៏ ទើបបញ្ចប់ការប្រកួត ៤លើក ឈ្នះ ២ និងស្មើ ២ រកបាន ៨ពិន្ទុឈរលេខរៀងទី ៦ បណ្ដោះអាសន្ន គ្រាដែលភ្នំពេញក្រោន និងព្រះខ័នរាជស្វាយរៀង បានឈរលំដាប់កំពូលតារាង ដោយមាន ១៣ពិន្ទុស្មើគ្នា៕

 

រូបភាព៖ Nagaworld FC

អត្ថបទ៖ បុត្រា

មតិយោបល់