Andres Nieto បានបង្ហើបថា ខ្លួនបានបំភ្លេចរឿងដែលបានកើតឡើងជាមួយ Yudai Ogawa រួចទៅហើយ

មាស សុផាណារ៉ុង March 19, 2020


 

ភ្នំពេញ៖ កីឡាករ Andres Nieto ហាក់ដូចជាអភ័យទោសដល់ខ្សែបម្រើអង្គរថាយហ្គឺរ Yudai Ogawa ដែលបានប្រើក្បាលបុកមកលើរូបគេ បន្ទាប់ពីខ្សែបម្រើភ្នំពេញក្រោនបាននិយាយថាខ្លួនបានភ្លេចនូវឧប្បត្តិហេតុដែលបានកើតឡើងក្នុងកំឡុងពេលដែលភ្នំពេញក្រោនឈ្នះ ១ទល់០ លើអង្គរថាយហ្គឺរ កាលពីសប្តាហ៍កន្លងទៅថ្មីៗនេះ។

កីឡាករ Yudai Ogawa បានបាត់បង់ការគ្រប់គ្រងអារម្មណ៍ និងប្រើក្បាលបុកលើ Anded Nieto បន្ទាប់ពីកីឡាករកូឡុំប៊ីរូបនេះ បានព្យាយាមរារាំងដណ្ដើមបាល់ពីខ្លួន ហើយពេលនោះកីឡាកជប៉ុនរូបនេះ ត្រូវបានបណ្តេញចេញ ( កាតក្រហម ) ខណៈដែលក្រុមរហស្សនាមសឹង្ហក្រហម ទទួលបាន ៣ពិន្ទុយ៉ាងលំបាក។

Andres Nieto បានប្រាប់សារព័ត៌មាន camsports.org ថា៖ «ខ្ញុំគិតថា នេះគឺជាផ្នែកមួយនៃបាល់ទាត់។ យើងដឹងថាមានពេលខ្លះក្នុងការប្រកួត នៅពេលដែលយើងនឿយហត់ ឬនៅពេលដែលដឹងថាលទ្ធផលជិតចប់ ហើយយើងអាចអាក់អន់ចិត្ត ដូច្នេះវានាំឱ្យយើងមានប្រតិកម្ម ប៉ុន្តែយើងទាំងអស់គ្នាមិនមានប្រតិកម្មដូចគ្នាទេ។»

«ខ្ញុំមិនដឹងពីមូលហេតុទេ។ ប្រហែលជាគាត់បានធ្វើវាសម្រាប់ហេតុផលដូចជាការមិនសប្បាយចិត្ត ឬផ្សេងៗទៀត។ ខ្ញុំជាកីឡាករអាជីព ហើយខ្ញុំដឹងថានេះជាផ្នែកមួយនៃបាល់ទាត់។ ជាការពិត ខ្ញុំបានភ្លេចរឿងនេះរួចទៅហើយ នូវអ្វីដែលបានកើតឡើងនៅលើទីលាន។» កីឡាករសញ្ជាតិកូឡុំប៊ីរូបនេះបន្ថែម។

និយាយអំពីសមិទ្ធផលរបស់ខ្លួនក្នុងលីគនាពេលបច្ចុប្បន្នវិញ Andres Nieto បានលើកឡើងថា៖ «ខ្ញុំពិតជារីករាយណាស់ដែលអ្វីៗដំណើរការទៅបានយ៉ាងល្អ ហើយខ្ញុំមានអារម្មណ៍កាន់តែខ្លាំងព្រោះវាជារដូវកាលទី១ របស់ខ្ញុំក្នុងលីគកំពូលកម្ពុជា។ ខ្ញុំសង្ឃឹមថាក្រុមរបស់ខ្ញុំនឹងបន្តបែបនេះទៀតពេញមួយរដូវកាល ដូច្នេះយើងនឹងសំរេចគោលដៅក្លាយជាជើងឯក។»

«ចាប់តាំងពីពេលដែលខ្ញុំចុះកុងត្រាជាមួយភ្នំពេញក្រោន មក ចិត្តគំនិតរបស់ខ្ញុំ គឺដើម្បីក្លាយជាម្ចាស់ជើងឯក ហើយខ្ញុំដឹងច្បាស់ហើយគ្រប់គ្នានៅក្នុងក្រុមរបស់ខ្ញុំក៏ដូចគ្នាដែរ។ យើងកំពុងខិតខំដើម្បីសម្រេចវា។» Nieto សង្កត់ធ្ងន់។

សូមបញ្ជាក់ថា ភ្នំពេញក្រោន បច្ចុប្បន្នកំពុងឈរនៅលេខ១ មាន ១៣ពិន្ទុ ក្រោយប្រកួត ៥ដង ឈ្នះ៤ និងស្មើ១ មិនដែលចាញ់ ហើយរឹតតែធ្វើបានល្អនោះ គឺអាចរកគ្រាប់បាល់បានដល់ទៅ ១៧គ្រាប់ និងមិនទាន់របូតគ្រាប់បាល់វិញសូម្បីតែ ១គ្រាប់នៅឡើយ៕

 

អត្ថបទ៖ សុភ័ក្ត្រ

មតិយោបល់