លីគ និងពានសម្ដេច ស្ថិតក្នុងតម្រុយនៃការផ្អាក ខណៈពាន U16 និង U18 ត្រូវផ្អាកប្រកួតបណ្ដោះអាសន្ន

មាស សុផាណារ៉ុង March 19, 2020


 

ភ្នំពេញ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ( FFC ) បានសម្រេចផ្អាកការប្រកួតជម្រើសជើងឯកយុវជនអាយុក្រោម ១៦ឆ្នាំ និងយុវជនអាយុក្រោម ១៨ឆ្នាំ ឆ្នាំ២០២០ ជាបណ្ដោះអាសន្នហើយ ដើម្បីទប់ស្កាត់ការរាតត្បាត នៃជំងឺ Covid-19។ ចំណែកលីគកំពូលកម្ពុជា និងពានសម្ដេចតេជោ ហ៊ុន សែន ក៏មានតម្រុយអាចនឹងផ្អាកការប្រកួតបណ្ដោះអាសន្នដូចគ្នា។

ជុំវិញការផ្អាកខាងលើ គឺសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ពិសេសតបតាមសេចក្ដីណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីបញ្ចៀសការជួបជុំមនុស្សច្រើន ក្នុងន័យបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺ Covid-19។

ដូច្នេះពាន U16 និងពាន U18 នឹងដំណើរការប្រកួតធម្មតាវិញ លុះត្រាមានការជូនដំណឹងថ្មីពីសហព័ន្ធ។

ក្រឡេកមកចាប់អារម្មណ៍ការប្រកួតដ៏សំខាន់ពីរ គឺលីគកំពូលកម្ពុជា និងពានសម្ដេចតេជោ ហ៊ុន សែន វិញ បច្ចុប្បន្នកំពុងមានភាពស្រពិចស្រពិលនៅឡើយ។ បើតាមការបង្ហើបរបស់មន្ដ្រីសហព័ន្ធ គឺបានចេញលិខិតមួយ ទៅកាន់គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) ក្នុងការផ្អាក ឬពន្យាពេលការប្រកួតហើយ នៅឡើយរង់ចាំការសម្រេចពី CNCC ប៉ុណ្ណោះ ហើយមន្ដ្រី CNCC ក៏បានបង្ហើបកំពុងធ្វើការងារនេះផងដែរ។

គួរដឹងថា ការប្រកួតជម្រើសជើងឯកយុវជនអាយុក្រោម ១៦ឆ្នាំ និងយុវជនអាយុក្រោម ១៨ឆ្នាំ មុនផ្អាកការប្រកួតបណ្ដោះអាសន្ន គឺបានឈានដល់ការប្រកួតជុំទី២ ហើយ ដោយពាន U16 បានរកឃើញក្រុមមួយចំនួន ដែលបានកក់កៅអីជុំទី៣ ខណៈពាន U18 ទើបដំណើរការប្រកួតបាន ១ប្រកួតៗប៉ុណ្ណោះ នៅក្នុងពូលទាំង ៤ ដែលមាន ១៦ក្រុមចូលរួម៕

 

រូបភាព៖ Phnom Penh Crown Academy

អត្ថបទ៖ បុត្រា

មតិយោបល់