ការប្រកួត AFC Cup 2020 ត្រូវបានសម្រេចផ្អាកជាផ្លូវការ ដោយសារ COVID-19

មាស សុផាណារ៉ុង March 18, 2020


 

គូឡាឡាំពួរ៖ សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី ( AFC ) បានពន្យារពេលជាផ្លូវការនៃការប្រកួតពានរង្វាន់ក្លឹបបាល់ទាត់លំដាប់ទី២ ប្រចាំទ្វីបអាស៊ី ( AFC Cup 2020 ) ជាផ្លូវការហើយ ដោយសាររីករាលដាលនៃការផ្ទុះវីរុស COVID-19។ នេះបើតាមការចេញផ្សាយដោយសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ីផ្ទាល់ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ នេះ។

ការចេញផ្សាយដោយសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី ដដែលបានបញ្ជាក់ថា បន្ទាប់ពីការដាក់ចេញនូវវិធានការណ៍បង្ការ និងការរឹតបន្តឹងការធ្វើដំណើររបស់រដ្ឋាភិបាលនៃប្រទេសមួយចំនួនដោយសារតែការរីករាលដាលនៃជម្ងឺកូវីដ១៩​ ( COVID-19 ) សហព័ន្ធបាល់ទាត់អាស៊ី (AFC) បានសម្រេចនៅថ្ងៃនេះ ដើម្បីពន្យាពេលរាល់ការប្រកួត AFC Cup 2020 រហូតដល់មានការជូនដំណឹងបន្ថែម។

ទន្ទឹមនឹងនេះ AFC ក៏នឹងបន្តតាមដានស្ថានការណ៍នេះឲ្យបានដិតដល់ មុនពេលសម្រេចចិត្តថានឹងត្រូវផ្តល់យោបល់ជាថ្មី នៃពានរង្វាន់ ( AFC Cup 2020 ) រដូវកាល​២០២០។

ករណីនេះបានសេចក្ដីថា ក្លឹបបាល់ទាត់តំណាងឲ្យកម្ពុជា ព្រះខ័នរាជស្វាយរៀង ដែលចូលរួមប្រកួតក្នុងពានរង្វាន់នេះផងដែរនោះ ចំពោះការប្រកួតចំនួន ៣ប្រកួតដែលនៅសេសសល់គឺស្ថិតក្នុងបញ្ចីនៃការផ្អាកដូចគ្នា រួមមានដូចជា៖

  • ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ ប្រកួតជាមួយ Than Quang Ninh ( ផ្អាក )
  • ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ ប្រកួតជាមួយ Ceres-Negros ( ផ្អាក )
  • ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ ប្រកួតជាមួយ Bali United ( ផ្អាក )

គួរដឹងដែរថា កាលពីពេលថ្មីៗនេះសហព័ន្ធកីឡាបាល់ទាត់ពិភពលោក ( FIFA ) ក៏បានប្រកាសពីការផ្អាកការប្រកួត ជុំទី២ វគ្គជម្រុះបាល់ទាត់ពិភពលោក ( 2022 FIFA World Cup ) ឆ្នាំ២០២២ ផងដែរ ស្ថិតក្នុងហេតុផលដូចគ្នានេះ។

សូមបញ្ជាក់ថា វីរុស COVID-19 ដែលមានឈ្មោះដើមថា វីរុសកូរ៉ូណា បានផ្ទុះឡើងកាលពីខែធ្នូ ឆ្នាំ២០១៩ នៅទីក្រុងវូហាន ប្រទេសចិន ខណៈការប្រកួតបាល់ទាត់មួយចំនួនធំនៅជុំវិញពិភពលោកបានសម្រេចផ្អាក ក៏ដូចជាពន្យាពេលដើម្បីបង្ការការរីករាលដាលនៃវីរុសខាងផ្លូវដង្ហើមដ៏អាក្រក់នេះ គ្រាដែលនៅកម្ពុជា បច្ចុប្បន្នកំពុងមាន ៣៥ករណី៕

 

រូបភាព៖ The AFC

អត្ថបទ៖ ណារ៉ុង

មតិយោបល់