Yudai Ogawa ជុំវិញមូលហេតុនៃការប្រើក្បាលបុកទៅលើខ្សែបម្រើរបស់ភ្នំពេញក្រោន Andres Nieto

មាស សុផាណារ៉ុង March 18, 2020


 

ភ្នំពេញ៖ កីឡាករ Yudai Ogawa បានបង្ហើបរឿងដ៏គួរឱ្យកត់សម្គាល់របស់ខ្លួនក្នុងការប៉ះទង្គិច ជាមួយកីឡាករ Andres Nieto ក្នុងអំឡុងពេលដែលក្លឹបបាល់ទាត់អង្គរថាយហ្គឺរ បានចាញ់ ក្លឹបបាល់ទាត់ភ្នំពេញក្រោន ១ទល់០ កាលពីចុងសប្តាហ៍មុន។

កីឡាករសញ្ជាតិជប៉ុន បានស្តីបន្ទោសអាជ្ញាកណ្តាល លើការព្រងើយកន្តើយចំពោះ Andres Nieto ដែលបានស្លាយលើរូបគេ មុនពេលដែលរូបគេបានប្រើក្បាលបុកទៅលើខ្សែបំរើរបស់ក្លឹបភ្នំពេញក្រោន នៅក្នុងម៉ោងបន្ថែម។ បន្ទាប់មកខ្សែបម្រើ អង្គរថាយហ្គឺរ រូបនេះត្រូវបានបណ្តេញចេញ ហើយបន្ទាប់ពីការប្រកួតគាត់មានអារម្មណ៍សោកស្តាយចំពោះឧប្បត្តិហេតុដែលគាត់គិតថាជាការធ្វើខុស។

Yudai Ogawa បានប្រាប់សារព័ត៌មាន camsports.org ថា៖ «ខ្ញុំបានទទួលការប្រជែងខ្លាំងៗខ្លះពីគាត់មុន ប៉ុន្តែអាជ្ញាកណ្តាលមិនបានផ្លុំកញ្ចែទេ។ ប្រាកដណាស់ ខ្ញុំមានភាពតានតឹង ប៉ុន្តែសកម្មភាពនោះគឺខុស ហើយនោះមិនល្អសម្រាប់ខ្ញុំ និងក្រុម។»

«យើងបានដឹងថាវានឹងក្លាយជាការប្រកួតដ៏ស្វិតស្វាញមួយ ពីព្រោះភ្នំពេញក្រោន គឺជាក្រុមដ៏ល្អមួយ ហើយកីឡដ្ឋានស្មាតអរអេសអិន គឺជាកន្លែងដ៏លំបាកមួយ។ ទោះយ៉ាងណា យើងនៅតែមានឱកាសឈ្នះ។ យើងបានបង្កើតឱកាសជាច្រើន ប៉ុន្តែយើងត្រូវការគុណភាព និងភាពស្ងប់ស្ងាត់នៅមុខប្រអប់ទី។» កីឡាករជប៉ុនដដែលរូបនេះបន្តអំពីការប្រកួតជាមួយភ្នំពេញក្រោន។

Yudai Ogawa បានបន្ថែម៖ «ជាការពិតវាមិនមែនជាការចាប់ផ្តើមល្អបំផុតទេ ប៉ុន្តែក៏មិនមែនជាការចាប់ផ្តើមអាក្រក់ដែរ។ យើងអាចប្រសើរជាងមុន ហើយត្រូវបន្ថយកំហុសតូចតាច។ ខ្ញុំជឿជាក់ថា យើងជាក្រុមដ៏ល្អ ដូច្នេះខ្ញុំនៅតែមើលទៅឆ្ងាយពីការលេងឲ្យក្រុមរបស់យើងនៅរដូវកាលនេះ។»

គួរដឹងដែរថា ក្រោយរងបរាជ័យជាលើកដំបូងក្នុងលីគរដូវកាល២០២០នេះ បច្ចុប្បន្នត្រឹមសប្ដាហ៍ទី៥ អង្គរថាយហ្គឺរ កំពុងឈរលេខ៤ ក្រោយប្រកួត ៥ដងដូចគ្នា ឈ្នះ២ ស្មើ២ និងចាញ់១ មាន​ ៨ពិន្ទុ៕

 

អត្ថបទ៖ សុភ័ក្ត្រ

មតិយោបល់