ជួយ សូលទីឡូអង្គរ ឲ្យទទួលជ័យជម្នះលើកដំបូង Matheus Souza រំពឹងចង់ឈ្នះច្រើនជាងនេះបន្តទៀត

មាស សុផាណារ៉ុង March 17, 2020


 

ភ្នំពេញ៖ កីឡាករ Matheus Souza កំណត់គោលដៅរកជ័យជំនះបន្ថែមទៀត បន្ទាប់ពីជួយឲ្យ សូលទីឡូអង្គរ ទទួលបានជ័យជម្នះលើកដំបូងរបស់ពួកគេនៅក្នុងពានរង្វាន់លីគកំពូលកម្ពុជា រដូវកាលនេះ។

ក្រុមមានមូលដ្ឋាននៅខេត្តសៀមរាប បានរងបរាជ័យ ៤លើកជាប់ៗគ្នាក្នុងលីគ មុនពេលពួកគេបានយកឈ្នះ ក្លឹបនគរបាលជាតិ ៤ទល់២ កាលពីសប្តាហ៍មុន ដោយកីឡាករ Matheus Souza បានទាត់បាល់បញ្ចូលទីបាន ២គ្រាប់ក្នុងការប្រកួតនេះ ខណៈកីឡាករសញ្ជាតិប្រេស៊ីលរូបនេះ សង្ឃឹមថាការទទួលបានជ័យជំនះលើប៉ូលីស អាចជួយបង្កើនស្មារតីក្រុមរបស់ខ្លួន និងកែប្រែការខកចិត្តជាយូរមកហើយ។

Matheus Souza បានប្រាប់សារព័ត៌មាន camsports.org ថា៖ «ខ្ញុំមានអារម្មណ៍ធូរស្បើយ ពីព្រោះការចាប់ផ្តើមដ៏លំបាកយើងអាចរង្គោះរង្គើ និងបន្តចាញ់ ប៉ុន្តែយើងមិនឈប់ ឬបោះបង់ ដើម្បីទទួលបានជ័យជម្នះលើកដំបូងរបស់យើង។ សារៈសំខាន់ គឺយើងផ្តល់ទំនុកចិត្តដល់ក្រុមមុនការប្រកួតបន្ទាប់។»

«ដោយសារតែខ្ញុំបានទាត់បាល់បញ្ចូលទីទាំង ២គ្រាប់ក្នុងវគ្គទី១ ដូច្នេះក្រុមហាក់មានភាពធូរស្បើយ និងមានទំនុកចិត្តក្នុងការប្រកួត ហើយខ្ញុំចង់ឆ្លៀតយកឱកាសបន្ថែមទៀតដើម្បីរកគ្រាប់បាល់បន្ថែមទៀតនៅក្នុងការប្រកួតបន្ទាប់។» Matheus Souza បានបន្ថែម។

អតីតសមាជិកក្លឹបនគរបាលជាតិ រូបនេះបានសង្កត់ធ្ងន់ថា៖ «យើងនឹងព្យាយាម ដើម្បីស្តារឡើងវិញបន្ទាប់ពីការចាញ់ ៤លើកកន្លងមក ហើយឥឡូវនេះយើងត្រូវហ្វឹកហាត់បន្ថែមទៀត ក្នុងនាមជាក្រុមមួយដើម្បីឈ្នះការប្រកួតបន្ទាប់។ ទោះបីខ្ញុំមិនអាចរកគ្រាប់បាល់បានក៏ដោយ ខ្ញុំនឹងនៅតែរីករាយក្នុងការឈ្នះ។ អ្វីដែលសំខាន់គឺត្រូវជំនះស្ថានការណ៍នេះជាមួយក្រុមគ្រួសារសូលទីឡូអង្គរ។»

គួរបញ្ជាក់ថា សូលទីឡូអង្គរ ក្រោយទទួលបានជ័យជម្នះកាលពីចុងសប្ដាហ៍នេះ នាំឲ្យក្រុមមកពីខេត្តសៀមរាបមួយនេះឡើងមកឈរនៅលេខ១០ បន្ទាប់ពី ៤សប្ដាហ៍កន្លងមកឈរនៅបាតតារាង៕

 

រូបភាព៖ Metfone Cambodian League

អត្ថបទ៖ សុភ័ក្ត្រ

មតិយោបល់