គ្រូអង្គរថាយហ្គឺរ ជុំវិញការចាញ់លើកដំបូងក្នុងលីគ៖ «វាគឺជារឿងដ៏ឈឺចាប់ ដែលក្រុមរងបរាជ័យ»

មាស សុផាណារ៉ុង March 17, 2020


 

ភ្នំពេញ៖ អង្គរថាយហ្គឺរ បានរងបរាជ័យលើកដំបូងក្នុងរដូវកាលនេះបន្ទាប់ពីពួកគេបានចាញ់ ភ្នំពេញក្រោន ១ទល់០ នៅកីឡដ្ឋានស្មាតអរអេសអិន ( Smart RSN ) កាលពីថ្ងៃអាទិត្យកន្លងទៅ។

គ្រាប់បាល់របស់ Paulo Victor តែមួយគត់ក្នុងការប្រកួតគឺជួយឲ្យក្រុមម្ចាស់ផ្ទះទទួលបាន ៣ពិន្ទុ និងបញ្ចប់ភាពមិនស្គាល់ពាក្យថាចាញ់របស់ អង្គរថាយហ្គឺរ ក្នុងការប្រកួតលីគកំពូលកម្ពុជារដូវកាលនេះ។

ជាមួយគ្នានេះ លោក Oriol Segura គ្រូបង្វឹកអង្គរថាយហ្គឺរ បានសារភាពថា វាពិតជាឈឺចាប់ណាស់ដែលក្រុមរងបរាជ័យ ដោយសារក្រុមមកពីសៀមរាបមួយនេះ បានព្យាយាមប្រកួតយ៉ាងស្វិតស្វាញ និងបង្កើតឱកាសល្អៗជាច្រើន ប៉ុន្តែមិនអាចទាញផលចំណេញពីឱកាសរបស់ពួកគេបាន។

លោក Oriol Segura បានប្រាប់សារព័ត៌មាន camsports.org ថា៖ «ខ្ញុំបានដឹកនាំការប្រកួតដ៏រស់រវើកមួយនៅកីឡដ្ឋាន Smart RSN ហើយវាពិតជាកម្រិតមួយដ៏ល្អសម្រាប់ពានរង្វាន់លីគកំពូលកម្ពុជា។ នោះជាអ្វីដែលខ្ញុំរំពឹងថានឹងឃើញ និងមាននៅក្នុងការប្រកួតណាមួយផ្សេងទៀត។»

«យើងបានរងបរាជ័យនៅក្នុងការប្រកួតនោះ ប៉ុន្តែវាជាបាល់ទាត់ពិតប្រាកដ។ វាពិតជាល្អមែន ប៉ុន្តែវាពិតជាឈឺចាប់ណាស់ក្នុងការបរាជ័យ។ យើងនឹងប្រតិកម្មដោយមិនរាប់ការចាញ់នោះទេ ប៉ុន្តែរាប់ការឈ្នះ។ ជាមួយនឹងការបង្ហាញរបស់ក្រុមខ្ញុំ យើងអាចឃើញថារាល់ការប្រកួតជាមួយក្រុមធំនៅក្នុងលីគយើងមានឪកាសរបស់យើង។ អបអរសាទរដល់ក្រុម សឹង្ហក្រហម។ យើងបានបង្កើតឱកាសរបស់យើង ដូច្នេះវាគ្រាន់តែជាផលវិបាកដើម្បីធ្វើឲ្យយើងប្រសើរឡើងប៉ុណ្ណោះ។» គ្រូបង្វឹកសញ្ជាតិអេស៉្បាញរូបនេះបន្ត។

គួរដឹងដែរថា ក្រោយរងបរាជ័យជាលើកដំបូងក្នុងលីគរដូវកាល២០២០នេះ បច្ចុប្បន្នត្រឹមសប្ដាហ៍ទី៥ អង្គរថាយហ្គឺរ កំបុងឈរលេខ៤ ក្រោយប្រកួត ៥ដងដូចគ្នា ឈ្នះ៣ ស្មើ១ និងចាញ់១ មាន​ ១០ពិន្ទុ៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់