កត្ដាសំខាន់ ២ចំណុច ជំរុញឲ្យទ័ព ដណ្ដើមបាន ៣ពិន្ទុពីម្ចាស់ផ្ទះវិសាខា

មាស សុផាណារ៉ុង March 16, 2020


 

ភ្នំពេញ៖ លោក ទេព ឡុងរចនា គ្រូបង្វឹកសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ (ទ័ព) បានសម្ដែងការពេញចិត្ត ចំពោះកូនក្រុមខ្លួន ដែលរក្សាសាមគ្គីក្រុមបានល្អ ក្នុងការតតាំងជាមួយក្រុមខ្លាំងវិសាខា រហូតដណ្ដើមបានជ័យជម្នះ ១ទល់០ ក្នុងជំនួបសប្ដាហ៍ទី៥ នៃលីគកំពូលកម្ពុជា កាលពីយប់មិញ។ លោកថា ជោគជ័យនេះ កើតឡើងដោយសារកត្ដាសំខាន់ ២ចំណុច។

អតីតគ្រូបង្វឹកក្រុមគិរីវង់សុខសែនជ័យ រូបនេះ បានថ្លែងក្នុងសន្និសីទក្រោយចប់ការប្រកួតថា៖ «អ្វីក៏ដោយ ជ័យជម្នះ វាស្ថិតលើការរៀបចំ បើយើងរៀបចំល្អ វាជោគជ័យ នេះចំណុចទី១ ហើយចំណុចទី២ វាកើតចេញពីកីឡាករយើង មានឆន្ទៈចង់ឈ្នះ លេងពីកម្លាំងចិត្ត ដែលជាចំណុចពិបាកបង្ហាត់ណាស់។ ចឹងមានតែកីឡាករ ដែលមានការប្ដេជ្ញា និងលេងដោយកម្លាំងចិត្ត ទើបអាចដណ្ដើមជ័យជម្នះបាន។»

ក្រឡេកទៅមើលលោក Colum Curtis គ្រូបង្វឹកក្រុមវិសាខា បានសម្ដែងការសោកស្ដាយជាខ្លាំង ចំពោះការបរាជ័យក្នុងដី ដ្បិតលោកថា វិសាខាមានឱកាសច្រើនដែរ តែដោយសារកូនក្រុមលេងប្រយ័ត្នពេក ទើបមិនអាចស្វែងរកលទ្ធផលល្អ។

គួរដឹងថា បច្ចុប្បន្នវិសាខា បានបរាជ័យលើកទី២ ក្នុងចំណោម ៥ប្រកួត ដោយរកបាន ៩ពិន្ទុ ឈរលេខ៣ បណ្ដោះអាសន្ន ស្របពេលទ័ព បានប្រដេញពិន្ទុតាមក្រោយ ដោយឈរលេខ ៧ និងមាន ៨ពិន្ទុ ក្រោយឆ្លងកាត់ ៥ប្រកួតឈ្នះ ២ ស្មើ២ និងចាញ់ ១៕

 

អត្ថបទ៖ បុត្រា

មតិយោបល់