Keisuke Honda រកគ្រាប់បាល់ទី១០០ ជាមួយក្លឹបអាជីពចំនួន៨ ដែលខ្លួនលេងឲ្យ គិតចាប់តាំងពីឆ្នាំ២០០៤ មក

មាស សុផាណារ៉ុង March 16, 2020


 

ប្រេស៊ីល៖ អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា Keisuke Honda បានរកគ្រាបបាល់ទី១០០ ជាមួយក្លឹបអាជីពហើយកាលពីយប់មិញ ( ម៉ោងនៅប្រទេសប្រេស៊ីល ) បន្ទាប់រកគ្រាប់បាល់បាន ១គ្រាប់ឲ្យក្លឹបថ្មីរបស់ខ្លួន Botafogo ក្នុងពានរង្វាន់ Copa do Brasil ( ជាពានកម្រិតទី២ ប្រចាំប្រទេសប្រេស៊ីល )។

ស្ថិតក្នុងជំនួបទី៣ ប្រចាំពូល A អតីតសមាជិកក្រុមជម្រើសជាតិជប៉ុន រូបនេះ មានឱកាសចូលរួមបង្ហាញខ្លួនជាលើកដំបូងជាមួយ Botafogo ចាប់តាំងពីបានផ្ទេរចូលរួមកាលពីចុងខែមករា ឆ្នាំ២០២០ និងថែមទាំងអាចរកគ្រាប់បាល់ដំបូងជាមួយក្លឹបផងដែរ តាមរយៈបាល់ពិន័យ ១១ម៉ែត្រ ជួយឲ្យក្រុមបានបញ្ចប់ក្នុងការប្រកួតស្មើគ្នា ១ទល់១ ជាមួយ ក្លឹប Bangu Atlético Clube។

លើសពីនេះទៅទៀត ការរកគ្រាប់បាល់បាន ១គ្រាប់នេះផងដែរ បានធ្វើឲ្យអ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា Keisuke Honda ឈានទៅសម្រេចការរកគ្រាប់បាលបញ្ចូលទី គ្រាប់ទី១០០ ក្នុងអាជីពរបស់ខ្លួនជាមួយក្លឹប ចំនួន ៨ដែលធ្លាប់ប្រកបអាជីពជាមួយចាប់តាំងពីឆ្នាំ២០០៤។

ជាទិន្នន័យក្លឹបអាជីពទាំង៨ ដែល Keisuke Honda រកគ្រាប់បាល់បានក្នុងនាមជាខ្សែបម្រើ រួមមាន៖

  • ២០០៤ – ២០០៧ : Nagoya Grampus ( លីគជប៉ុន ) រកបាន ១៣គ្រាប់
  • ២០០៧ – ២០១០ : VVV-Venlo ( លីគហុឡង់ ) រកបាន ២៦គ្រាប់
  • ២០១០ – ២០១៤ : CSKA Moscow ( លីគរុស្ស៊ី ) រកបាន ២៨គ្រាប់
  • ២០១៤ – ២០១៧ : AC Milan ( លីគអ៊ីតាលី ) រកបាន ១១គ្រាប់
  • ២០១៧ ​- ២០១៨ : C.F. Pachuca ( លីគម៊ិកសីកូ ) រកបាន ១៣គ្រាប់
  • ២០១៨ – ២០១៩ : Melbourne Victory ( លីគអូស្ត្រាលី ) រកបាន ៨គ្រាប់
  • ២០១៩ – ២០២០ : SBV Vitesse ( លីគហូឡង់​ ) ពុំរកគ្រាប់បាល់បាន
  • ២០២០ – បច្ចុប្បន្ន ​: Botafogo ( លីគប្រេស៊ីល ) រកបាន ១គ្រាប់ ( អាចមានបន្ត )

និយាយដោយលែកជាមួយ ក្រុមបាល់ទាត់ជម្រើសជាតិជប៉ុន Keisuke Honda ធ្លាប់រកគ្រាប់បាល់បាន ៣៧គ្រាប់ ក្នុងចំណោមនៃការបង្ហាញខ្លួន ៩៨ដង គ្រប់កម្មវិធីទាំងអស់។

សូមបញ្ជាក់ថា Honda បានចូលរួមជាមួយ ក្លឹប Botafogo ដោយគ្មានតម្លៃខ្លួនកាលពីខែមុន បន្ទាប់ពីយល់ព្រមលើកិច្ចសន្យារយៈពេល ១១ខែ ជាមួយនឹងជម្រើសចាកចេញ បន្ទាប់ពីព្រឹត្តិការណ៍អូឡាំពិក ទីក្រុងតូក្យូ ( 2020 Tokyo Olympics ) នៅខែសីហា ឆ្នាំ២០២០ ខាងមុខ ប៉ុន្តែចាប់តាំងពីចូលរួមមកនៅមិនទាន់មានឱកាសបង្ហាញខ្លួនជាមួយក្រុមនៅឡើយទេ ទើបតែប្រកួតយប់មិញ ជាការបង្ហាញខ្លួនលើកដំបូង និងរកគ្រាប់បាល់បានតែម្ដង៕

 

រូបភាព៖ Botafogo de Futebol e Regatas

អត្ថបទ៖​ ណារ៉ុង

មតិយោបល់