Clean-Sheet ៥ប្រកួតជាប់ៗគ្នាគ្រូភ្នំពេញក្រោន ថានៅមិនទាន់ល្អ ខណៈគ្រូថាយហ្គឺរ ថាឱកាសមានសម្រាប់ក្រុមលោកដូចគ្នា

មាស សុផាណារ៉ុង March 16, 2020


 

ភ្នំពេញ៖ ក្លឹបបាល់ទាត់ភ្នំពេញក្រោន បានប្រកួតឈ្នះ ក្លឹបបាល់ទាត់អង្គរថាយហ្គឺរ ដោយលទ្ធផល ១ទល់០ ក្នុងជំនួបសប្ដាហ៍ទី៥ នៃលីគកំពូលកម្ពុជា កាលពីល្ងាចថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ នៅកីឡដ្ឋានស្មាតអអេសអិន។

គ្រាប់បាល់មួយគ្រាប់គត់របស់ Paulo Victor គ្រប់គ្រាន់នឹងឲ្យក្រុមមានមូលដ្ឋានក្នុងរាជធានីភ្នំពេញ មួយនេះ ទទួលបាន ៣ពិន្ទុបន្ថែមយ៉ាងមានសារៈសំខាន់ ហើយរឹតតែពិសេសគឺការបន្តរក្សាសំណាញ់ទីខ្លួន មិនឲ្យរបូតគ្រាប់បាល់ ៥ប្រកួតជាប់ៗគ្នាផងដែរ ចាប់តាំងពីលីគចាប់ផ្ដើម។

បែបនេះក្ដីថ្លែងក្រោយចប់ការប្រកួតដ៏ស្វិតស្វាញ គ្រូបង្វឹកក្លឹបបាល់ទាត់ភ្នំពេញក្រោន លោក ស៊ុំ វណ្ណា ( គ្រូភ្នំពេញក្រោន ) លើកឡើងថាកូនក្រុមមិនទាន់ធ្វើបានល្អ ១០០ភាគរយនៅឡើយទេ ស្របពេល លោក Oriol Mohedano ( គ្រូអង្គរថាយហ្គឺរ ) ថា គ្រាប់បាល់របស់ Paulo Victor គឺបានធ្វើឲ្យផ្លាស់ប្ដូរការប្រកួត ប៉ុន្តែឱកាសក៏មានសម្រាប់ក្រុមលោកដូចគ្នា។

លោក ស៊ុំ វណ្ណា បានលើកឡើងថា៖

«យើងដឹងហើយថា អង្គរថាយហ្គឺរ ជាក្រុមមួយដែលល្អ ស្ថិតនៅក្នុង Top 5 កាលពីរដូវកាលមុនដែរ។ ការរៀបចំរបស់ពួកគេក៏ល្អ ហើយយើងដឹងតាំងពីមុនថាវាមិនមែនជាការងាយក្នុងការដណ្តើមជោគជ័យ។ យើងឃើញស្រាប់ក្រុមទាំងពីរមានឱកាសទៅវិញទៅមករហូត ពួកគេក៏មានឱកាស យើងក៏មានឱកាស ប៉ុន្តែទីបញ្ចប់យើងមានឱកាសច្បាស់មួយជាមួយ Paulo។»

និយាយអំពី ៥ប្រកួតកន្លងមកមិនទាន់របូតគ្រាប់បាល់ គ្រូបង្វឹកដដែលរូបនេះបានបន្តថា៖ «និយាយរួម គឺចាប់តាំងផ្តើមរដូវកាលមកប្រព័ន្ធការពាររបស់យើងគឺមិនទាន់ល្អប៉ុន្មានទេ ដែលអាចនិយាយបានថាត្រឹម ៨០ភាគរយ។ ដូច្នេះយើងបានសម្រេចផ្លាស់ប្តូរកីឡាករមួយចំនួនដើម្បីលេង និងបានយល់ពីប្រព័ន្ធការពាររបស់យើង។»

លោក Oriol Mohedano បានលើកឡើងផងដែរថា៖

«នេះគឺជាលទ្ធផលដែលធ្វើឲ្យ ក្រោន រីករាយ ហើយវាគឺពិតជាសំខាន់ដែលជ័យជម្នះកើតចេញពីគ្រាប់បាល់របស់ Paulo Victor វាល្អសម្រាប់ពួកគេ ពិតណាស់! មិនមែនសម្រាប់ខ្ញុំ ប៉ុន្តែជុំវិញឱកាស យើងមានឱកាសច្រើន យើងស្ទើរតែទាត់ចូល មានទាំង Yudai ទាត់ Free-kick ជាថ្មីម្ដងទៀតវាពិតជាពិបាកសម្រាប់គ្រូបង្វឹកក្នុងការនិយាយបែបនេះ ប៉ុន្តែគ្រាប់បាល់របស់ Paulo Victor គឺបានធ្វើឲ្យផ្លាស់ប្ដូរការប្រកួត ប៉ុន្តែឱកាសខ្ញុំគិតថាក៏មានសម្រាប់ក្រុមខ្ញុំដូចគ្នា។»

សូមបញ្ជាក់ថា លទ្ធផលឈ្នះរបស់ភ្នំពេញក្រោន បានធ្វើឲ្យក្រុមនេះបន្តឈរនៅលេខ១ មាន ១៣ពិន្ទុ ក្រោយប្រកួត ៥ដង ឈ្នះ៤ និងស្មើ១ មិនដែលចាញ់ ខណៈអង្គរថាយហ្គឺរ នៅលេខ៤ ក្រោយប្រកួត ៥ដងដូចគ្នា ឈ្នះ៣ ស្មើ១ និងចាញ់១ មាន​ ១០ពិន្ទុ៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់