អ្នកចាត់ការទូទៅក្លឹបវិសាខា៖ «…ក្រុមការងារបានត្រៀម ឧបករណ៍ ទឹកលាងដៃ ម៉ាស ដល់ក្រុមការងារ និងទស្សនិកជនរួចហើយ…»

មាស សុផាណារ៉ុង March 15, 2020


 

ភ្នំពេញ៖ នាល្ងាចថ្ងៃទី១៥ ខែមីនា នេះ ជំនួបប្រកួតដ៏ធំរវាងក្លឹបបាល់ទាត់វិសាខា ត្រូវប្រកួតជាមួយនឹង សមាគមកីឡាបាល់ទាត់ ខ.ភ.ម ( អតីតក្រសួងការពារជាតិ ) នាកីឡដ្ឋានព្រីនស៍ របស់ក្លឹបវិសាខា ខណៈ លោក ហុក សុចិត្រា អ្នកចាត់ការទូទៅក្លឹបវិសាខា បានបញ្ជាក់ថាក្រុមការងារបានត្រៀម ឧបករណ៍ ទឹកលាងដៃ ម៉ាស សម្រាប់ទស្សនិកជនរួចរាល់ ដើម្បីបង្ការវីរុសកូវីដ-១៩ ( COVID-19 ) ដែលកំពុងរីករាលដាល ជាមួយនឹងការយល់ឃើញថាចំនួនទស្សនិកជនក៏អាចនឹងថមថយខ្លះៗផងដែរ។

លោក ហុក សុចិត្រា អ្នកចាត់ការទូទៅក្លឹបបាល់ទាត់វិសាខា បានមានប្រសាសន៍ទាក់ទងជាមួយនឹងបញ្ហានេះថា៖ «ចំពោះខ្ញុំគិតថាមិនសូវច្រើនប៉ុន្មានទេ តែក្រុមការងារបានត្រៀម ឧបករណ៍ ទឹកលាងដៃ ម៉ាស ដល់ក្រុមការងារ និងទស្សនិកជនរួចហើយ អញ្ចឹងសូមបងប្អូនកុំបារម្មណ៍ និងសូមបងប្អូនចូលរួមទស្សនាអោយបានច្រើនកុះករផង។»

ជាមួយគ្នានេះដែរ គណៈកម្មការប្រកួតបាល់ទាត់ជាតិ ( CNCC ) ក៏បានចេញសេចក្តីប្រកាសជូនដល់ ក្លឹបទាំង១៣ ឲ្យចូលរួមការពារ និងបង្ការវីរុសកូវីដ-១៩ ផងដែរ។ នៅក្នុងសេចក្តីប្រកាសនោះបានបញ្ជាក់ថា៖ «ជាការចូលរួមចំណែកដើម្បីបង្ការហានិភ័យនៃការឆ្លងវីរុសកូវីដ ១៩ ជុំវិញកីឡដ្ឋាន និងធ្វើឲ្យការប្រកួតទាំងមូលមានសុវត្ថិភាពដល់កីឡាករក៏ដូចជាអ្នកគាំទ្រ CNCC បានណែនាំឲ្យមន្ត្រីស្នងការប្រកួតសម្រាប់ការប្រកួត និងផ្តល់ឧបករណ៍វាស់កម្តៅដល់ស្នងការនីមួយៗ ដើម្បីត្រួតពិនិត្យកីឡាករគ្រប់រូបមុនពេលប្រកួតទាំងក្រុមម្ចាស់ផ្ទះ និងក្រុមភ្ញៀវនាថ្ងៃប្រកួតនីមួយៗ»។

គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា បានធ្វើការណែនាំគ្រប់បណ្ដាលក្លឹប រៀបចំសម្ភារៈបរិក្ខា និងត្រូវអនុវត្តតាមវិធីរាល់គ្រប់ការប្រកួតដូចជា៖

  • មានអាល់កុល ឬជេលសម្រាប់លាងដៃ នៅក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់កីឡាករទាំងពីរ និងតាមច្រកចេញចូលអ្នកទស្សនា និងសាប៊ូលាងដៃ នៅក្នុងគ្រប់បន្ទប់ទឹកកីឡដ្ឋាន
  • បិទខិតបណ្ណអំពីការបង្ការ និងការការពារវីរុសកូរ៉ូណា តាមច្រកចេញចូលនៃកីឡដ្ឋាន
  • មានឧបករណ៍វាស់កម្ដៅសម្រាប់ត្រួតពិនិត្យអ្នកចូលរួមទស្សនាទាំងអស់
  • ករណីមានអ្នកទស្សនាណាម្នាក់មានកម្ដៅខ្ពស់ នឹងមិនត្រូវបានអនុញ្ញាតិឲ្យចូលទស្សនាឡើយ
  • ករណីមានការសង្ស័យ ត្រូវផ្ដល់ព័ត៌មានមកគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា និងទំនាក់ទំនងទូរស័ព្ទទាន់ហេតុការណ៍ ក្រសួងសុខភិបាល លេខ ១១៥ ជាបន្ទាន់

វិសាខា បច្ចុប្បន្នកំពុងឈរនៅលេខ៣ មាន ៩ពិន្ទុ ខណៈដែលទ័ព ឈរនៅលេខ៧ មាន ៥ពិន្ទុ ប៉ុន្តែក្រុមដែលទើបទទួលបានការឧបត្ថម្ភពីស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥ ក្នុងរង្វាន់ទឹកប្រាក់ ៣០ម៉ឺនដុល្លារ ក្នុង ១ឆ្នាំមួយនេះពិតជាចង់ឈ្នះវិសាខា ខ្លាំងបំផុត ដើម្បីឈានទៅសម្រេចបំណងរបស់ម្ចាស់ឧបត្ថម្ភ និងថ្នាក់ដឹកនាំក្លិបដែលចង់ក្លាយជាក្លិបមានចំណាត់ថ្នាក់ជួរមុខ។

លោក ខូវ ឆាយ ជាអគ្គលេខាធិការក្លិបរបស់ ទ័ពបានមានប្រសាសន៍ថា៖ «យើងទាំងអស់គ្នាប្តេជ្ញារៀបចំផែនការហ្វឹកហ្វឺន និងប្រកួតឲ្យទទួលលទ្ធផលល្អដោយក្នុងនោះយើងចង់ប្រជែងយកចំណាត់ថ្នាក់ល្អក្នុងប្រទេស និងឈានទៅលំដាប់ប្រកួតប្រជែងកម្រិតអន្តរជាតិ ដើម្បីធ្វើឲ្យក្រុមរបស់យើងមានចំណាត់ថ្នាក់ជួរមុខ។»

សូមបញ្ជាក់ថា កាលពីឆ្នាំកន្លងទៅជំនួបរវាង វិសាខា ជាមួយ សមាគមកីឡាបាល់ទាត់ ខ.ភ.ម ( ទ័ព ) ទាំងពីរជើងបញ្ចប់ទៅដោយមានលទ្ធផលឈ្នះ ចាញ់ ទៅវិញទៅមក ពោលគឺជើងទី១ នៅកីឡដ្ឋានស្តាតចាស់ ទ័ព ឈ្នះ ១ទល់០ ខណៈនៅជើងទី២ នាកីឡដ្ឋានព្រីនស៍ វិញ វិសាខា បានយកឈ្នះវិញម្ដងដោយលទ្ធផល ៣ទល់០៕

 

អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់