ភ្នំពេញក្រោន ប៉ះ អង្គរថាយហ្គឺរ ល្ងាចនេះ Bata ថា នឹងតស៊ូដល់ទីបញ្ចប់!

មាស សុផាណារ៉ុង March 15, 2020


 

ភ្នំពេញ៖ ក្លឹបភ្នំពេញក្រោន នឹងត្រូវជួបប្រកួតជាមួយ ក្លឹបអង្គរថាយហ្គឺរ នាវេលាម៉ោង ៦ល្ងាចនេះ នៅកីឡដ្ឋានស្មាតអរអេសអិន ( Smart RSN ) ក្នុងសប្ដាហ៍ទី៥ នៃលីគកំពូលកម្ពុជា ស្របពេលខ្សែប្រយុទ្ធស្នូលរបស់ក្រុមមានមូលដ្ឋាននៅខេត្តសៀមរាប Dzarma Bata បានចាត់ទុកនេះ គឺជាជំនួបដ៏តានតឹង តែគេបានប្ដេជ្ញានឹងតស៊ូរហូតដល់ទីបញ្ចប់ ដើម្បីអ្នកគាំទ្រ និងក្រុមខ្លួន។

អតីសមាជិកក្លឹបភ្នំពេញក្រោនបានលើកឡើងថា ការជួបក្រុមចាស់ល្ងាចនេះ ពិតជាជំនួបដ៏ក្ដៅគគុក ព្រោះភ្នំពេញក្រោន គឺជាក្រុមខ្លាំងមួយ នៅកម្ពុជា ប៉ុន្ដែកីឡាករកំពុងរកបាន ៤គ្រាប់ក្នុងដៃ បានប្ដេជ្ញានឹងព្យាយាមរកគ្រាប់បាល់ឲ្យបានក្នុងការប្រកួតនេះ។ Bata បន្ដថា៖ «យើងនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីនាំយក ៣ពិន្ទុសម្រាប់ក្រុម ក៏ដូចជាអ្នកសៀមរាប។»

ខ្សែប្រយុទ្ធនីហ្សេរីយ៉ាបន្ដថា៖ «ទោះជាការរំពឹងទុករបស់ខ្ញុំព្យាយាមដណ្តើមយកពិន្ទុក្តី ប៉ុន្តែវាក៏ជារឿងដែលមិនងាយស្រួលប៉ុន្មានទេ ព្រោះក្លឹបភ្នំពេញក្រោន បណ្តុំទៅដោយកីឡាករល្អៗដូចគ្នា ប៉ុន្តែយើងនឹងតស៊ូរហូតដល់ទីបញ្ចប់ ហើយខ្ញុំនិងក្រុមអង្គរថាយហ្គឺរ នឹងប្រយុទ្ធដើម្បីអ្នកគាំទ្រយើង ដូចដែលពួកគេតែងតែនៅក្បែរយើងហើយផ្តល់ឱ្យយើងនូវការលើកទឹកចិត្ត និងស្នាមញញឹម ខ្ញុំស្រឡាញ់ពួកគេណាស់។»

យ៉ាងណាមិញលោក ស៊ុំ វណ្ណា គ្រូបង្វឹកភ្នំពេញក្រោន ក៏បានបញ្ជាក់ផងដែរថា ក្រុមលោកបានត្រៀមខ្លួនជាស្រេច ដើម្បីទទួលជំនួបដ៏តានតឹង ដែលលើកការប្រកួតពីខេត្តសៀមរាប មកកីឡដ្ឋាន Smart RSN នេះ ដ្បិតភ្នំពេញក្រោន កំពុងបន្ដភាពជោគជ័យ ហេតុនេះលោកនឹងព្យាយាមធ្វើឲ្យបានកាន់តែប្រសើរ ដើម្បីស្វែងរកលទ្ធផលល្អក្នុងសប្ដាហ៍ទី៥ ហើយលោកជឿជាក់ថា កូនក្រុមនឹងមានការប្ដេជ្ញាចិត្តខ្ពស់ដូចគ្នា ក្នុងជំនួបល្ងាចនេះ។

លោក ស៊ុំ វណ្ណា លើកឡើងយ៉ាងដូច្នេះថា៖ «នៅក្នុងទឹកដីរបស់យើង គឺព្យាយាមធ្វើឲ្យបានល្អ ដើម្បីទទួលបានលទ្ធផលល្អ និងរៀបចំក្រុមឲ្យបានល្អ និងការលើកទឹកចិត្តកីឡាករល្អ និងការវិលត្រលប់មកវិញនៃការកីឡាកររបួសមួយចំនួនធំ ហើយទាំងអស់នេះ នឹងក្លាយជាការជោគជ័យរបស់យើងសម្រាប់សប្តាហ៍ទី៥នេះ។ ភ្នំពេញក្រោន កំពុងបន្តភាពជោគជ័យ អញ្ចឹងយើងនឹងធ្វើឲ្យវាមានភាពប្រសើរឡើងវិញ។»

គួរដឹងថា ជំនួបរវាងក្រុមទាំងពីរ ដំបូងឡើយក្រោយធ្វើនៅកីឡដ្ឋាន SRU ខេត្តសៀមរាប តែដោយមានសំណើរពីក្លឹបអង្គរថាយហ្គឺរ សុំប្ដូរមកប្រកួតនៅកីឡដ្ឋាន Smart RSN រាជធានីភ្នំពេញ CNCC ក៏ឯកភាព ដ្បិតសំណើរនេះ ធ្វើឡើងក្នុងគោលបំណងបង្ការជំងឺឆ្លង Covid-19 ស្របពេលខេត្តសៀមរាប ទើបរកឃើញករណីឆ្លងលើបុរសខ្មែរលើកដំបូង កាលពីថ្មីៗកន្លងទៅ៕

 

រូបភាព៖ Angkor Tiger Football Club | Phnom Penh Crown FC

 អត្ថបទ៖ បុត្រា

មតិយោបល់