គ្រូវិសាខា ថា ទ័ពខ្លាំងទៅៗ តែលោក ទេព ឡុងរចនា ថាឆ្នាំមុន ឈ្នះវិសាខាដោយចៃដន្យ

មាស សុផាណារ៉ុង March 15, 2020


 

ភ្នំពេញ៖ លោក Colum Curtis គ្រូបង្វឹកវិសាខា បានបង្ហាញការការត្រៀមខ្លួនរួចរាល់ ដើម្បីជួបក្រុមភ្ញៀវសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ (ទ័ព) ល្ងាចនេះ ដ្បិតលោកទទួលស្គាល់ក្រុមភ្ញៀវ កំពុងរីកចម្រើនខ្លាំងទៅៗ ខណៈលោក ទេព ឡុងរចនា គ្រូបង្វឹកក្រុមទ័ព បានបង្ហាញនូវក្ដីបារម្ភមុនការប្រកួត ហើយលោកថា ការយកឈ្នះវិសាខា ១-០ ក្នុងជើងទី១ ឆ្នាំមុន គឺជារឿងចៃដន្យ។

គ្រូបង្វឹកជនជាតិអៀរឡង់ បានបញ្ជាក់ក្នុងសន្និសីទមុនការប្រកួត កាលពីល្ងាចថ្ងៃសៅរ៍ថា៖ «យើងបានដឹងហើយ ពីមួយប្រកួតទៅមួយប្រកួត ទ័ពគាត់លេងល្អទៅៗ ចឹងពួកយើងបានត្រៀមខ្លួនរួចរាល់ ដើម្បីជួបពួកគេថ្ងៃអាទិត្យនេះ…។ យើងដឹង យើងមានកីឡាករល្អៗ ធ្លាប់លេងនៅទ័ព តែយើងមិនផ្ដោតសំខាន់នោះទេ ព្រោះអ្វីដែលសំខាន់ គឺយើងខិតខំធ្វើការងារជាក្រុម ដើម្បីស្វែងរក ៣ពិន្ទុឲ្យបានស្អែកនេះ។»

ដោយឡែកលោក ទេព ឡុងរចនា បានលើកឡើងថា ពីមួយឆ្នាំទៅមួយឆ្នាំ វិសាខាមានការរៀបចំកាន់តែល្អ និងមានការផ្លាស់ប្ដូរច្រើនទាំងកីឡាករ ក៏ដូចជាគ្រូបង្វឹក។ ផ្អែកលើកត្ដានេះ បានធ្វើឲ្យលោកមានការបារម្ភ ទោះបីក្រុមខ្លួនធ្លាប់យកឈ្នះវិសាខា កាលពីជើងទី១ ឆ្នាំមុនក្នុងដី។ តែយ៉ាងណាលោកថា បាល់ទាត់មានការប្រែប្រួលគ្រប់ពេល ទោះបីមានការរៀបចំល្អ ឬមិនល្អ តែបើប្រហែសតែបន្ដិច នឹងជួបរឿងមិនល្អភ្លាម ។

លោកបានលើកឡើងថា៖ «រដូវកាលមុន អ្វីដែលយើងឈ្នះគាត់ គឺឈ្នះដោយចៃដន្យ ឬឈ្នះដោយសំណាង ដែលយើងលេងរបៀបការពារវាយបក ហើយក្រុមគាត់បង្កើតការប្រយុទ្ធខ្លាំងពេក ភ្លេចការពារ…។ តែឆ្នាំនេះខុសគ្នា ដោយសារពីមួយឆ្នាំទៅមួយ ការដឹកនាំបាល់ទាត់ខុសគ្នា ជាក់ស្ដែងវិសាខា ឆ្នាំមុនលោក ហុក សុជីវ័ន ដឹកនាំ តែឆ្នាំនេះ មានគ្រូបរទេសផ្សេងដឹកនាំ ចឹងចរឹក នៃការដឹកនាំខុសគ្នា ហើយរបៀបលេងក៏ខុសគ្នាដែរ យើងមិនអាចទស្សន៍ទាយលទ្ធផលទុកមុនបានឡើយ។»

សម្រាប់ជំនួបជើងទី១ ក្នុងក្របខណ្ឌលីគកំពូលកម្ពុជា ឆ្នាំ២០២០ រវាងវិសាខា និង ទ័ព ល្ងាចនេះ នឹងចាប់ផ្ដើមការប្រកួតនាម៉ោង ៦ល្ងាច នៅកីឡដ្ឋានព្រីនស៍។ ចំពោះឆ្នាំមុន ជើងទី១ គឺប្រកួតនៅកីឡដ្ឋានស្ដាតចាស់ ដោយក្រុមម្ចាស់ផ្ទះទ័ព បានយកឈ្នះ ១-០ តែជើងទី២ លេងនៅកីឡដ្ឋានវិសាខា ក្រុមម្ចាស់ផ្ទះបានយកឈ្នះវិញ ជាមួយលទ្ធផល ៣-០៕

 

អត្ថបទ៖ បុត្រា

មតិយោបល់