MCL មិនមានការផ្អាក ប៉ុន្តែ CNCC ណែនាំគ្រប់ក្លឹបមានវិធានការការពារ COVID-19

មាស សុផាណារ៉ុង March 13, 2020


 

ភ្នំពេញ៖ ការប្រកួតលីគកំពូលកម្ពុជា សប្ដាហ៍ទី៥ នឹងបន្តការប្រកួតនៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យនេះ បើទោះបីជាប្រទេសជិតខាងក្នុងតំបន់មានការផ្អាក ក៏ដូចជាប្រកួតបិទទ្វារលីគតាមប្រទេសរៀងៗខ្លួនក៏ដោយ ដ្បិតគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា ( CNCC ) ណែនាំគ្រប់ក្លឹបមានវិធានការការពារ COVID-19។

គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) បានចេញសេចក្ដីណែនាំដល់ក្លិបបាល់ទាត់ទាំង ១៣នៃលីគកំពូលកម្ពុជា ​ស្ដីពីការបង្ការ និងកាត់បន្ថយហានិភ័យនៃការឆ្លងវីរុសកូរ៉ូណាថ្មី (COVID-19) ដែលកំពុងតែរីករាលដាលនៅជុំវិញពិភពលោក ដោយនៅជុំវិញកីឡដ្ឋាន ​និងធ្វើឲ្យការប្រកួតទាំងមូលមានសុវត្ថិភាពដល់កីឡាករ ក៏ដូចជាអ្នកទស្សនា គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា បានណែនាំមន្ត្រីស្នងការប្រកួតសម្រាប់ការប្រកួត និងផ្ដល់ឧបករណ៍វាស់កម្ដៅ ដល់ស្នងការប្រកួតនីមួយៗ ដើម្បីត្រួតពិនិត្យកីឡាករគ្រប់រូបមុនពេលប្រកួត ទាំងក្រុមម្ចាស់ផ្ទះ និងក្រុមភ្ញៀវនាថ្ងៃប្រកួតនីមួយៗ។

ជាមួយគ្នាផងដែរ គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា បានធ្វើការណែនាំគ្រប់បណ្ដាលក្លឹប រៀបចំសម្ភារៈបរិក្ខា​ និងត្រូវអនុវត្តតាមវិធីរាល់គ្រប់ការប្រកួតដូចជា៖

  • មានអាល់កុល ឬជេលសម្រាប់លាងដៃ នៅក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់កីឡាករទាំងពីរ និងតាមច្រកចេញចូលអ្នកទស្សនា និងសាប៊ូលាងដៃ នៅក្នុងគ្រប់បន្ទប់ទឹកកីឡដ្ឋាន
  • បិទខិតបណ្ណអំពីការបង្ការ និងការការពារវីរុសកូរ៉ូណា តាមច្រកចេញចូលនៃកីឡដ្ឋាន
  • មានឧបករណ៍វាស់កម្ដៅសម្រាប់ត្រួតពិនិត្យអ្នកចូលរួមទស្សនាទាំងអស់
  • ករណីមានអ្នកទស្សនាណាម្នាក់មានកម្ដៅខ្ពស់ នឹងមិនត្រូវបានអនុញ្ញាតិឲ្យចូលទស្សនាឡើយ
  • ករណីមានការសង្ស័យ ត្រូវផ្ដល់ព័ត៌មានមកគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា និងទំនាក់ទំនងទូរស័ព្ទទាន់ហេតុការណ៍ ក្រសួងសុខភិបាល លេខ ១១៥ ជាបន្ទាន់

យ៉ាងណាមិញ បើទោះបីការប្រកួតសប្ដាហ៍នេះនឹងនៅតែបន្តការប្រកួត នៅសប្ដាហ៍ក្រោយវិញ ពោលគឺសប្ដាហ៍ទី៦ លីគនឹងត្រូវសម្រាកផងដែរ យោងតាមកាលវិភាគដោយសារចំថ្ងៃ FIFA Day ដែលក្រុមជម្រើសជាតិកម្ពុជា ត្រូវប្រកួតជម្រុះបាល់ទាត់ពិភពលោក ប៉ុន្តែដោយសារការរីករាលដាលនៃវីរុសខាងផ្លូវដង្ហើមដ៏អាក្រក់នេះ ទើបការប្រកួត​​ ៣​ប្រកួត​ចុងក្រោយ​ ដែល​នៅ​សេសសល់​របស់​ក្រុមបាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា ត្រូវបាន​សម្រេច​ពន្យារ​ពេល​ជា​ផ្លូវការ ​ផងដែរ ខណៈចន្លោះពេលនេះលីគក៏នឹងសម្រាកដូចគ្នា មិនមានការប្រកួតបន្តឡើយ នេះបើយោងតាមកិច្ចប្រជុំពិភាក្សា និងការឆ្លើយតបទៅនឹងស្ថានភាពបច្ចុប្បន្នពាក់ព័ន្ធនឹង FIFA’s Day ដែលត្រូវបានបញ្ជាក់អំពីការពន្យាពេលភ្លាមៗនេះ កាលពីថ្ងៃទី០៩ ខែមីនា ដោយគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា។

សូមបញ្ជាក់ថា វីរុស COVID-19 ដែលមានឈ្មោះដើមថា វីរុសកូរ៉ូណា បានផ្ទុះឡើងកាលពីខែធ្នូ ឆ្នាំ២០១៩ នៅទីក្រុងវូហាន ប្រទេសចិន ខណៈការប្រកួតបាល់ទាត់មួយចំនួនធំនៅជុំវិញពិភពលោកបានសម្រេចផ្អាក ក៏ដូចជាពន្យាពេលដើម្បីបង្ការការរីករាលដាលនៃវីរុសខាងផ្លូវដង្ហើមដ៏អាក្រក់នេះ៕

 

រូបភាព៖ CNCC – គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា

អត្ថបទ៖ ណារ៉ុង

មតិយោបល់