វិសាខា ធ្វើតេស្តសារធាតុញៀនលើកីឡាករ ​គោល​បំ​ណង​ធានា​​​ភាព​ស្អាត​ស្អំ​​ក្នុងវិស័យ​កីឡា​បាល់​ទាត់ និង​សង្គម​ជាតិ

មាស សុផាណារ៉ុង March 13, 2020


 

ភ្នំពេញ៖ ក្លឹបបាល់ទាត់វិសាខា កាលថ្ងៃព្រហស្បត្តិ៍ ទី១២ ខែមីនា ឆ្នាំ២០២០ បាននាំក្រុមការងារ និងកីឡាករខ្លួនទៅធ្វើតេស្ដរកសារធាតុញៀន នៅកីឡដ្ឋានព្រីនស៍ ដែលសកម្មភាពនេះត្រូវបានចាត់ទុកជាការរួមចំណែកលុបបំបាត់ទង្វើមិនល្អក្នុងបាល់ទាត់កម្ពុជា។

ការធ្វើតេស្តនេះ គឺស្ថិតក្រោមកិច្ចសហការជាមួយការិយាល័យប្រឆាំង​គ្រឿង​ញៀន ដោយមាន​រៀប​ចំ​ការ​ធ្វើ​តេស្ដ​ឈាម និង​ពិនិត្យ​ទឹក​នោម​ កី​ឡា​ករ​គ្រប់​រូប រួម​ទាំង​ក្រុម​ការ​ងារ ដើម្បី​ពិនិត្យ​សុខ​ភាព និង​ស្វែង​រក​សារ​ធាតុ​ញៀន ក្នុង​គោល​បំ​ណង​ធានា​បាន​នូវ​ភាព​ស្អាត​ស្អំ​របស់​កី​ឡា​ករ​ទាំង​អស់ ក្នុង​វិស័យ​កីឡា​បាល់​ទាត់ និង​សង្គម​ជាតិ។

ចំពោះកីឡាករគ្រប់រូបដែលទទួលបានការធ្វើតេស្តរួមមាន តាំងពីឈុតថ្នាលយុវជន ( អាយុក្រោម១៥ និងអាយុក្រោម១៨ឆ្នាំ ) រហូតដល់ក្រុមធំ បូករួមទាំងគ្រូបង្វឹក សរុបជាង ១០០នាក់។

ការធ្វើតេស្តនេះ​ជា​កាតព្វកិច្ច​របស់​ក្លិប​ ដែល​ត្រូវ​តែ​ប្រកាន់ខ្ជាប់​ឲ្យ​បានដេីម្បី​ធានាឱ្យបាន​នូវ​ភាព​ស្អាត​ស្អំ​ របស់​កីឡាករ​ និង​ក្លិប​ផ្ទាល់​ ម៉្យាងវិញទៀត​​សកម្មភាព​នេះ​ប​ញ្ជាក់ឱ្យបាន​ ពី​ការ​ចូលរួម​ចំណែក​របស់ក្លិប​បាល់ទាត់​វិសាខា​​ក្នុង​សកម្មភាព​របស់​ CADA​ SEARADO និង​ WADA។ នេះបើតាមការបញ្ជាក់ដោយ លោក រ៉ានូ វិបុត្រ នាយកប្រតិបត្តិក្លឹប។

«ខ្ញុំ​បាទ​សូមជំរុញ​ និង​លេីកទឹកចិត្ត​ឱ្យ​ក្លិប​បាល់ទាត់​អាជីព​ផ្សេង​ៗ​ទៀត​ ចូលរួម​ចំណែក​ក្នុង​ទប់​ស្កាត់​ការ​ប្រើប្រាស់​គ្រឿងញៀន​ ក្នុង​វិស័យ​កីឡា​ ជាពិសេស​វិស័យ​បាល់ទាត់​។» នាយកប្រតិបត្តិដដែលរូបនេះបានបន្ថែម។

គួរដឹងដែរថា វិសាខា គឺជាក្លឹបបាល់ទាត់ទី២ ហើយនៅលីគកំពូលកម្ពុជា ដែលនាំកីឡាករ និងក្រុមការងារទៅធ្វើតេស្ដរកសារធាតុញៀន បន្ទាប់ពីក្លឹបអង្គរថាយហ្គឺរ បានធ្វើដូចគ្នានេះកាលពីដើមខែមីនា កន្លងទៅ៕

 

រូបភាព៖ Visakha Football Club

អត្ថបទ៖ ណារ៉ុង

មតិយោបល់