២ប្រកួតនៃលីគកំពូលកម្ពុជា នៅខេត្តសៀមរាប ចុងសប្ដាហ៍នេះត្រូវលើកមកប្រកួតនៅភ្នំពេញ ទាំងអស់

មាស សុផាណារ៉ុង March 12, 2020


 

ភ្នំពេញ៖ យោងតាមគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា ( CNCC ) បានបញ្ជាក់ថា កម្មវិធីប្រកួត ២គូ នៅកីឡដ្ឋាន SRU នាខេត្តសៀមរាប ដែលមានក្លឹបសូលទីឡូអង្គរ និងក្លឹបអង្គរថាយហ្គឺរ ធ្វើជាម្ចាស់ផ្ទះ ត្រូវបានលើកមកប្រកួតនៅរាជធានីភ្នំពេញ វិញហើយ ដើម្បីបង្ការជំងឺឆ្លង Covid-19។

ការសម្រេចលើកបានប្រកួតមកធ្វើនៅភ្នំពេញនេះ ធ្វើតាមសំណើររបស់ក្លឹបនគរបាលជាតិ និងក្លឹបអង្គរថាយហ្គឺរ ស្របពេលខេត្តសៀមរាប ទើបរកឃើញករណីឆ្លងជំងឺផ្លូវដង្ហើមថ្មី Covid-19 លើបុរសជនជាតិខ្មែរលើកដំបូងកាលពីពេលថ្មីៗ។ ហេតុនេះទើបក្លឹបទាំងពីរ ស្នើសុំ CNCC លើកការប្រកួត ដើម្បីបញ្ចៀសការជួបជុំមនុស្ស និងការពារហានិភ័យដោយសារជំងឺ កំពុងរាតត្បាតលើពិភពលោកនេះ ។

ចំពោះកម្មវិធីចាស់ និងកម្មវិធីប្រកួតថ្មី ដែលត្រូវបានផ្លាស់ប្ដរូរួមមាន៖ ក្លឹបសូលទីឡូអង្គរ គ្រោងជួប ក្លឹបនគរបាលជាតិ នាថ្ងៃទី១៤-មីនា នៅកីឡដ្ឋាន SRU ត្រូវលើកមកប្រកួតនៅកីឡដ្ឋាន AEU Sport Park នាម៉ោង ៣៖៣០នាទីរសៀល ថ្ងៃទី១៥-មីនា វិញ។ ឯក្លឹបអង្គរថាយហ្គឺរ គ្រោងជួប ក្លឹបភ្នំពេញក្រោន នាថ្ងៃទី១៥-មីនា នៅកីឡដ្ឋាន SRU បានលើកមកប្រកួតនៅកីឡដ្ឋាន Smart RSN ដោយរក្សាថ្ងៃប្រកួតដដែល តែប្ដូរមកប្រកួតម៉ោង ៦ល្ងាចវិញ៕

 

រូបភាព៖ SRU Stadium

អត្ថបទ៖ បុត្រា

មតិយោបល់