ពានសម្ដេចតេជោ (ថ្នាក់ខេត្ត) រកឃើញក្រុមឡើងវគ្គ ៨ក្រុមចុងក្រោយ

មាស សុផាណារ៉ុង March 12, 2020


 

ភ្នំពេញ៖ ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន-Hun Sen Cup (ថ្នាក់ខេត្ត) លើកទី១៤ បានបញ្ចប់ការប្រកួតជម្រុះ និងបានរកឃើញបេក្ខភាពឡើងវគ្គ ៨ក្រុមចុងក្រោយហើយ រួមមានខេត្ដកំពង់ឆ្នាំង ខេត្តសៀមរាប ខេត្តព្រៃវែង ខេត្តកំពង់ស្ពឺ ខេត្តកែប ដែលជាខេត្តឈរលេខ១ ក្នុងពូលទាំង៥ រួមទាំងក្រុមលេខ២ ល្អជាងគេ ៣ក្រុម រួមមានខេត្តត្បូងឃ្មុំ ខេត្តកោះកុង និងខេត្តកណ្ដាល។

ខេត្តកំពង់ឆ្នាំង ឈរលេខ១ ក្នុងពូល ‘ក’ រកបាន ១០ពិន្ទុក្នុងដៃ ជាមួយលទ្ធផល ៦ប្រកួតឈ្នះ២ និងស្មើ ៤ ខណៈប្រកួតចុងក្រោយ ពួកគេបានយកឈ្នះខេត្តបន្ទាយមានជ័យ ៥-០ កាលពីថ្ងៃពុធកន្លងទៅ។ ឯខេត្តសៀមរាប បានកក់កៅអីវគ្គបន្ដ តាំងពីសប្ដាហ៍មុន ក្រោយពួកគេបញ្ចប់ការប្រកួតក្នុងពូល ‘ខ’ ចំនួន ៤ប្រកួត ឈ្នះ៣ និងចាញ់ ១ រកបាន ៩ពិន្ទុ ឈរកំពូលតារាង។

ដោយឡែកខេត្តព្រៃវែង បានលត់ខេត្តរតនគិរី ក្នុងលទ្ធផល ១២-៣ ដើម្បីប្រជែងកៅអីកំពូលតារាងពូល ‘គ’ ដ្បិតមាន ៨ពិន្ទុស្មើក្រុមលេខ២ ខេត្តត្បូងឃ្មុំដែរ តែមានគ្រាប់ចំណេញច្រើនជាង។ ប៉ុន្ដែយ៉ាងណាក្រុមទាំងពីរ បានដឹកដៃគ្នាឡើងវគ្គបន្ដ ព្រោះត្បូងឃ្មុំ ធ្វើបានល្អក្នុងពូល ជាប់ជាក្រុមលេខ២ ល្អជាងគេ។

ចំណែកខេត្តកំពង់ស្ពឺ បានឈរលេខ១ ក្នុងពូល ‘ឃ’ ក្រោយបញ្ចប់ការប្រកួតរបស់ខ្លួន តាំងពីសប្ដាហ៍មុន ដោយរកបាន ៨ពិន្ទុ ជាមួយលទ្ធផល ៤ប្រកួតឈ្នះ២ និងស្មើ ២ នាំមុខខេត្តកណ្ដាល ដែលឈរលេខ២ និងមាន ៦ពិន្ទុ ក្រោយយកឈ្នះខេត្តតាកែវ ៦-១។ ដូច្នេះក្រុមទាំងពីរ ក៏បានដឹកដៃគ្នាឡើងវគ្គបន្ដផងដែរ។

រីឯខេត្តកែប ដ្បិតពួកគេបានកក់កៅអីវគ្គបន្ដ តែពួកគេបានបន្ដយកឈ្នះខេត្តកំពត ៧-២ ដើម្បីបញ្ចប់ក្ដីសង្ឃឹមក្រុមជាប់មាត់សមុទ្រដូចគ្នា ហើយកែប បានរក្សាកៅកីកំពូលតារាងពូល ‘ង’ ដោយមាន ១៣ពិន្ទុ ព្រមទាំងផ្ដល់ភាពកក់ក្ដៅឲ្យខេត្តកោះកុង បានឡើងវគ្គបន្ដ ក្រោយខេត្តកោះកុង យកឈ្នះខេត្តព្រះសីហនុ ២-០ បន្ដឈរលេខ២ និងមាន ៩ពិន្ទុ។

ខាងក្រោមជាតារាងចំណាត់ថ្នាក់សរុប៖

គួរបញ្ជាក់ថា ក្រោយរកឃើញបេក្ខភាព ៨ក្រុមចុងក្រោយ នៃពានសម្ដេចតេជោ ថ្នាក់ខេត្ត គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា(CNCC) នឹងរៀបចំកម្មវិធីចាប់គូប្រកួត នាថ្ងៃទី២០ ខែមីនាខាងមុខ ដើម្បីបន្ដការប្រកួត នាថ្ងៃទី៧-៨ ខែមេសា និងថ្ងៃទី២១-២២ ខែមេសា ពោលគឺប្រកួត ២ជើង (ផ្លាស់ប្ដូរទឹកដីគ្នា) ហើយក្រុមទទួលបានជ័យជម្នះ នឹងបានឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក៏ដូចជាក្លាយជាបេក្ខភាពពានសម្ដេចតេជោ ថ្នាក់ជាតិ ទៀតផង៕

 

រូបភាព៖ Hun Sen Cup – ពានរង្វាន់សម្តេច ហ៊ុន សែន

អត្ថបទ៖ បុត្រា

មតិយោបល់