លោក Conor ថាកូនក្រុមធ្វើបានល្អនៅវគ្គទី១ ខណៈនៅវគ្គទី២ ធ្វើមិនបានល្អក្រោយទទួលនូវភាពនឿយហត់ខ្លាំង

មាស សុផាណារ៉ុង March 12, 2020


 

ភ្នំពេញ៖ ក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានប្រកួតចាញ់ ក្រុមរបស់វៀតណាម Than Quang Ninh ដោយលទ្ធផល ១ទល់៤ ក្នុងជំនួបទី៣ ប្រចាំពូល G នៃពានរង្វាន់លំដាប់ទី២ សម្រាប់ក្លឹបបាល់ទាត់ប្រចាំទ្វីបអាស៊ី ( AFC Cup 2020 ) នាល្ងាចថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ ខណៈ លោក Conor Nestor ថា ការប្រកួតកូនក្រុមធ្វើបានល្អនៅវគ្គទី១ ស្របពេលដែលនៅវគ្គទី២ ទទួលនូវភាពនឿយហត់។

ថ្លែងក្នុងសន្និសីទសារព័ត៌មានក្រោយចប់ការប្រកួត គ្រូបង្វឹកក្លឹបព្រះខ័នរាជស្វាយរៀង បាននិយាយ៖ «ខ្ញុំគិតថា ក្រុមដែលធ្វើបានល្អនៅវគ្គទី១ គឺស្វាយរៀង…យើងដឹងថា យើងគួរតែល្អជាងនេះនៅវគ្គទី២ ហើយយើងក៏ដឹងថាយើងនឿយហត់នៅវគ្គទី២ យើងពិតជានឿយហត់ ក្រុមដែលធ្វើបានល្អវិញនៅវគ្គទី២ គឺជាគូប្រកួតរបស់យើង ពួកគេនឹងត្រលប់ទៅវៀតណាម វិញជាមួយ ៣ពិន្ទុ ដូច្នេះសូមអបអរចំពោះពួកគេ។»

នៅពេលដែលចោទសួរថា តើភាពនឿយហត់អាចបណ្ដាលមកពីការប្រកួតចុងសប្ដាហ៍កន្លងទៅជាមួយភ្នំពេញក្រោន ឬយ៉ាងណា? គ្រូបង្វឹកសញ្ជាតិអៀរឡង់ដដែលរូបនេះបានឆ្លើយតបថា៖ «ខ្ញុំមិនដឹងទេ! យើងដឹងថា​យើងមានពេលសម្រាកតិចជាងគូប្រកួតរបស់យើង ហើយពិតណាស់ វាជាកត្តាមួយ ប៉ុន្តែកាលពីថ្ងៃអាទិត្យយើងលេងនៅម៉ោង ៣:៣០នាទីរសៀល មិនមែន ៦:០០ឡើយ ដូច្នេះយើងមានពេល ២ម៉ោងកន្លះពីលើដើម្បីប្រមូលកម្លាំងមកវិញ ដូច្នេះយើងអរគុណដល់គូប្រកួតរបស់យើងកាលពីថ្ងៃអាទិត្យ ដែលអនុញ្ញាតិឲ្យយើងបានសម្រាកលើស ២ម៉ោងកន្លះ។»

គួរដឹងថា ការប្រកួតដែលព្រះខ័នរាជស្វាយរៀង ចាញ់ Than Quang Ninh ១ទល់៤ គឺ ១គ្រាប់របស់ម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀង រកបានដោយកីឡាករ Mbarga Privat នៅនាទី៤៤ ខណៈក្រុមភ្ញៀវ Than Quang Ninh រកបានដោយកីឡាករ Nguyen Hai Huy, Neven Lastro, Jeremie Lynch និង Dao Nhat Minh ម្នាក់១គ្រាប់។

លទ្ធផលឈ្នះនេះផងដែរ បានធ្វើឲ្យព្រះខ័នរាជស្វាយរៀង ធ្លាក់មកឈរនៅលេខ៣ ក្នុងពូល G បណ្ដោះអាសន្ន ដោយគិតលើរូបមន្ត Head to Head និងបន្ទាប់ពីមួយគូទៀតដែលជាក្រុមរួមពូលជាមួយគ្នា ការប្រកួតរវាង Ceres Negros បានយកឈ្នះ Bali United ៤ទល់០៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់