ធារី ចន្ថាប៊ីន រកគ្រាប់បាល់ទី២ នៅលីគកំពូលម៉ាឡេស៊ី ថែមទាំងជួយក្រុមឲ្យឈរនៅលេខ២ ក្នុងលីគ

មាស សុផាណារ៉ុង March 11, 2020


 

ម៉ាឡេស៊ី៖ ខ្សែបម្រើការពារជម្រើសជាតិកម្ពុជា កីឡាករ ធារី ចន្ថាប៊ីន បានរកគ្រាប់បាល់ទី២ របស់ខ្លួននៅលីគកំពូលម៉ាឡេស៊ី ( Malaysia Super League ) បន្ទាប់ពីរកបាន ១គ្រាប់ឲ្យក្លឹបថ្មី Perak FA មុននេះ ក្នុងជំនួបសប្ដាហ៍ទី៣ ទល់នឹង Petaling Jaya City FC។

ការប្រកួតដែលធ្វើឡើងនៅកីឡដ្ឋាន Perak Stadium បានបញ្ចប់ទៅដោយម្ចាស់ផ្ទះ បានយកឈ្នះ Petaling Jaya City FC ២ទល់០ ខណៈ ធារី ចន្ថាប៊ីន បានទាត់បាល់បញ្ចូលទីគ្រាប់ទី២​ យ៉ាងអស្ចារ្យតាមរាយៈបាល់ពិន័យ ( Free-kick ) នៅនាទី៦៣ នាំឲ្យក្រុមឡើងទៅឈរលេខ២ ក្នុងលីគគិតត្រឹមសប្ដាហ៍ទី៣ នេះ ជាមួយនឹងការមិនទាន់ស្គាល់ពាក្យថាចាញ់ ពោលគឺឈ្នះ២ និងស្មើ១ ក្នុងចំណោមនៃការបង្ហាញខ្លួន ៣លើកក្នុងលីគ។

ចំពោះគ្រាប់បាល់នេះផងដែរ គឺត្រូវបានចាត់ទុកថាជាគ្រាប់បាល់ទី២ របស់ ធារី ចន្ថាប៊ីន ក្នុងអាជីពបាល់ទាត់នៅប្រទេសម៉ាឡេស៊ី ដ្បិតកាលពីរួមរស់ជាមួយ Terengganu FC កីឡាករកូនកាត់ខ្មែរបារាំង រូបនេះ ធ្លាប់រកគ្រាប់បាល់បាន ១គ្រាប់ផងដែរ ក្នុងចំណោមនៃការបង្ហាញខ្លួន ៥០លើក នាមជាខ្សែបម្រើការពារ។

គួររំលឹកផងដែរថា កីឡាករកូនកាត់ខ្មែរ-បារាំង ធារី ចន្ថាប៊ីន បានត្រឡប់មកប្រកបអាជីពនៅលីគកំពូលម៉ាឡេស៊ីវិញ ដោយចុះកុងត្រាលេងឲ្យក្លឹប Perak FA នៅក្នុងរដូវកាលឆ្នាំ២០២០ កាលពីចុងខែមករា បន្ទាប់ពីរួមរស់ជាមួយក្លឹបលីគកំពូលថៃ Sukhothai FC បានប្រមាណមួយខែកន្លះ គ្រាដែលពីមុនមករូបគេធ្លាប់ប្រកបអាជីពជាមួយ Terengganu FC បាន ២រដូវកាលផងដែរ៕

 

រូបភាព៖ Perak

អត្ថបទ៖ ណារ៉ុង

មតិយោបល់