ទាត់ចូល ២ប្រកួតជាប់ៗគ្នាខ្សែប្រយុទ្ធ Than Quang Ninh៖ «ខ្ញុំក៏នឹងទាត់ចូលទៀតនៅកម្ពុជា»

មាស សុផាណារ៉ុង March 11, 2020


 

ភ្នំពេញ៖ ខ្សែប្រយុទ្ធជួរមុខរបស់ក្លឹប Than Quang Ninh កីឡាករសញ្ជាតិចាម៉ៃកា Jeremie Lynch បានសង្កត់ធ្ងន់ថា រូបគេនឹងបន្តរកគ្រាប់បាល់បានសម្រាប់ការប្រកួតទី៣ នៃពូល G ពានរង្វាន់ AFC Cup 2020 នេះ លើទឹកដីកម្ពុជា។

ការអះអាងបែបនេះ គឺបន្ទាប់ពី Jeremie Lynch បានទាត់បាល់បញ្ចូលទី ២ប្រកួតជាប់ៗគ្នាក្នុងការប្រកួតពានដដែលខាងលើនេះ ពោលគឹរកបានមួយគ្រាប់ពេលចាញ់ Bali United ៤ទល់១ និងបន្តរកបានមួយគ្រាប់ទៀត ពេលស្មើជាមួយ Ceres Negros ២ទល់២ និងសុទ្ធសឹងតែជាការប្រកួតក្រៅដី។

នៅពេលដែលមានសំណួរចោទសួរថា តើអ្នកមានភាពពិបាកដែរឬទេសម្រាប់ការប្រកួតលើកដំបូងនៅលើទឹកដីកម្ពុជា? Jeremie Lynch បានឆ្លើយតបយ៉ាងដូច្នេះថា៖ «សម្រាប់ខ្ញុំលើកដំបូងនៅកម្ពុជា! វាក៏ជាលើកដំបូងរបស់ខ្ញុំនៅ Bali ហើយខ្ញុំអាចទាត់ចូលនៅ Bali ជាមួយនឹងលើកដំបូងរបស់ខ្ញុំនៅហ្វីលីពីន ខ្ញុំក៏ទាត់ចូលនៅហ្វីលីពីន ខ្ញុំដឹងថានេះគឺជាលើកដំបូងរបស់ខ្ញុំនៅកម្ពុជា ដូច្នេះវាងាយស្រួលសម្រាប់អ្នក ខ្ញុំក៏នឹងទាត់ចូលទៀតនៅកម្ពុជា (សើច)។»

ជុំវិញការប្រកួត Jeremie Lynch បានបន្ថែមថា៖ «យើងមកទីនេះ ដើម្បីលេងជាមួយក្រុមដែលខ្លាំង ដូចដែលបានដឹងពួកគេព្យាយាមដើម្បីឈ្នះ យើងខកចិត្តកាលពីប្រកួតជាមួយ Bali ដូច្នេះយើងព្យាយាមរកពិន្ទុឲ្យបាននៅទីនេះ ដើម្បីត្រលប់ទៅផ្ទះវិញជាមួយភាពសប្បាយរីករាយ។»

សម្រាប់ការប្រកួតទី៣ ក្នុងពូល G រវាងក្រុមជើងឯកលីគកំពូលកម្ពុជា និង Than Quang Ninh នឹងចាប់ផ្ដើមនាម៉ោង ៦ល្ងាច ថ្ងៃទី១១ ខែមីនា នេះ នៅពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ ហើយនឹងមានការផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ BTV News ផងដែរ៕

 

រូបភាព៖ Than Quảng Ninh Football Club

អត្ថបទ៖ ណារ៉ុង

មតិយោបល់