គ្រូណាហ្គាថា ភ្នំពេញក្រោន ស្មើស្វាយរៀង ផ្ដល់ផលចំណេញដល់ក្រុម Top-6

មាស សុផាណារ៉ុង March 11, 2020


 

ភ្នំពេញ៖ លោក មាស ចាន់ណា គ្រូបង្វឹកក្រុមណាហ្គាវើលដ៏ បានលើកឡើងថា ការចែកគ្នា ១ពិន្ទុម្នាក់ រវាងភ្នំពេញក្រោន និងក្រុមការពារតំណែងជើងឯកព្រះខ័នរាជស្វាយរៀង គឺជាផលល្អសម្រាប់ក្រុម Top-6 ដែលកំពុងមានការប្រកួតប្រជែងខ្លាំង ក្នុងក្របខណ្ឌលីគកំពូលកម្ពុជា ឆ្នាំ២០២០ នេះ។

ប្រាប់សារព័ត៌មាន Camsports.org ជុំវិញការប្រកួតស្មើគ្នា ០ទល់០ រវាងភ្នំពេញក្រោន និងព្រះខ័នរាជស្វាយរៀង កាលពីថ្ងៃអាទិត្យកន្លងទៅ លោក មាស ចាន់ណា និយាយថា៖ «និយាយដោយស្មោះត្រង់ ពេលក្រុមធំៗជួបគ្នា ហើយស្មើគ្នា គឺល្អ ព្រោះធម្មតាបើក្រុមមួយឈ្នះ ពិតណាស់ ដឹងតែទៅឆ្ងាយ ចឹងបើស្មើយ៉ាងហោចបាន ១ពិន្ទុប៉ុណ្ណោះ។»

«ស្មើគ្នានេះ មិនមែនចំណេញតែក្រុមខ្ញុំទេ គឺចំណេញទាំងក្រុមបឹងកេត វិសាខា ថាយហ្គឺរ និយាយរួមក្រុមក្នុង Top-6 ដែលធ្វើឲ្យគម្លាតពិន្ទុមិនដាច់ឆ្ងាយ ហើយខ្ញុំជឿថា ក្រុមផ្សេងៗ ក៏គិតដូចខ្ញុំដែរ។ ម្យ៉ាងយើងនៅសល់ ១ប្រកួតក្នុងដៃ ចឹងខ្ញុំគិតថា វាល្អ តែយើងក៏គិតដែលថា ការរកជ័យជម្នះ មិនមែនជារឿងងាយស្រួលទេក្នុងរដូវកាលថ្មីនេះ។» លោក មាស ចាន់ណា បានបន្ថែម។

យ៉ាងណាមិញលោកបានទទួលស្គាល់ការលេងរបស់ភ្នំពេញក្រោន និងព្រះខ័នរាជស្វាយរៀង ពិតជាមានការប្រកួតប្រជែងខ្លាំង រហូតទាក់ទាញអ្នកគាំទ្រយ៉ាងច្រើន។ មិនតែប៉ុណ្ណោះ ការប្រកួតនេះ ក៏ជំរុញឲ្យក្រុមផ្សេងៗ ត្រូវមានការរៀបចំ និងត្រៀមខ្លួនបានខ្ពស់ ដើម្បីត្រៀមជួបក្រុមទាំងពីរផងដែរ។

គួរបញ្ជាក់ថា បច្ចុប្បន្នក្រុមលោក ស៊ុំ វណ្ណា និងក្រុមលោក Conor Nestor កំពុងឈរលំដាប់កំពូលតារាង ដោយមាន ១០ពិន្ទុស្មើគ្នា ជាមួយលទ្ធផល ៤ប្រកួតឈ្នះ ៣ និងស្មើ ១។ រីឯក្រុមណាហ្គាវើលដ៏ ទោះបីទើបរកបាន ៧ពិន្ទុឈរលេខ៦ បណ្ដោះអាសន្ន តែពួកគេចំណេញ ១ប្រកួតក្នុងដៃ ដ្បិតក្រុមលោក មាស ចាន់ណា ទើបឆ្លងកាត់ ៣ប្រកួតឈ្នះ ២ និងស្មើ ១ មិនទាន់ស្គាល់ចាញ់ដូចគ្នា៕

 

រូបភាព៖ NagaWorld FC

អត្ថបទ៖ បុត្រា

មតិយោបល់