គ្រូ Than Qung Ninh រំពឹងឈ្នះស្វាយរៀង ដើម្បីផលចំណេញ ៣ប្រកួតចុងក្រោយក្នុងដី

មាស សុផាណារ៉ុង March 11, 2020


 

ភ្នំពេញ៖ លោក Phan Thanh Hung គ្រូបង្វឹកក្រុម Than Quang Ninh របស់ប្រទេសវៀតណាម បានដាក់ក្ដីរំពឹងដណ្ដើម ៣ពិន្ទុពីក្រុមម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀងឲ្យខានតែបាន ដើម្បីជាផលចំណេញសម្រាប់ ៣ប្រកួតចុងក្រោយក្នុងដីរបស់ខ្លួន។

បុរសវ័យ ៥៩ឆ្នាំរូបនេះ បាននិយាយថា៖ «សម្រាប់ ២ប្រកួតក្នុងពូលកន្លងមក យើងបានស្មើ១ និងចាញ់ ១ ហើយការប្រកួតនេះ គឺយើងត្រូវការឈ្នះ ដើម្បីរក្សាឱកាសពេលយើងលេងក្នុងដី ៣ប្រកួតចុងក្រោយ ពោលគឺជាផលចំណេញសម្រាប់ពួកយើងត្រៀមលេងក្នុងដីវិញ។»

ប៉ុន្ដែយ៉ាងណាលោកថា ការប្រកួតល្ងាចនេះ ក៏នឹងពិបាកដូចការប្រកួតមុនដែរ ព្រោះព្រះខ័នរាជស្វាយរៀង គឺជាក្រុមដ៏ខ្លាំងមួយ ដែលមានកីឡាករល្អៗច្រើន ពិសេសកីឡាករបរទេស ដូចជា Privat, Thiago, Campbell និង Daisuke ជាដើម។ ដូច្នេះឱកាសឈ្នះរវាងក្រុមទាំងពីរ គឺមាន ៥០/៥០ ដូចគ្នា។

សម្រាប់ការប្រកួតទី៣ ក្នុងពូល G រវាងក្រុមជើងឯកលីគកំពូលកម្ពុជា និង Than Quang Ninh នឹងចាប់ផ្ដើមនាម៉ោង ៦ល្ងាច ថ្ងៃទី១១ ខែមីនា នេះ នៅពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ ហើយនឹងមានការផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ BTV News ផងដែរ។ ប្រកួតចុងក្រោយរបស់ក្រុមទាំងពីរ ក្រុមព្រះខ័នរាជស្វាយរៀង បានយកឈ្នះក្រុម Bali United ២-១ ក្នុងដី រីឯក្រុមមកពីវៀតណាម បានប្រកួតស្មើក្រុមកំពូលតារាង Ceres Negros ២-២ កាលពីប៉ុន្មានសប្ដាហ៍កន្លងទៅ ៕

 

អត្ថបទ៖ បុត្រា

មតិយោបល់