Conor គោរពគូប្រកួត Than Quang Ninh ប៉ុន្តែមានទំនុកចិត្តដោយទើបតែចាញ់ ៣ដង ក្នុងចំណោម ៤៣ប្រកួតចុងក្រោយ

មាស សុផាណារ៉ុង March 10, 2020


 

ភ្នំពេញ៖ លោក Conor Nestor ផ្តោតលើជ័យជម្នះផ្សេងទៀតក្នុងពានរង្វាន់ AFC Cup ប្រចាំពូល G ខណៈព្រះខ័នរាជស្វាយរៀង នឹងទទួលស្វាគមន៍ Than Quang Ninh នៅពហុកីឡដ្ឋានជាតិ ថ្ងៃពុធស្អែកនេះ។

ក្រុមម្ចាស់ជើងឯកលីគកំពូលកម្ពុជា បានប្រឹងប្រែងយ៉ាងខ្លាំងក្នុងលទ្ធផលស្មើ ០ទល់០ ជាមួយក្លឹបភ្នំពេញក្រោន កាលពីថ្ងៃអាទិត្យ ហើយ លោក Conor Nestor មានការព្រួយបារម្ភអំពីភាពនឿយហត់របស់ក្រុមលោកនៅមុនការប្រកួត AFC Cup នៅថ្ងៃពុធ ទល់នឹងក្រុមរបស់វៀតណាម។

គ្រូបង្វឹកក្លឹបព្រះខ័នរាជស្វាយរៀង បានប្រាប់សារព័ត៌មាន camsports.org ថា៖ «វាជាការពិតដែលយើងមានពេលសម្រាកតិចជាងគូប្រកួតរបស់យើង ២ថ្ងៃ ហើយគ្មានការបដិសេធណាមួយដែលធ្វើឲ្យយើងស្ថិតក្នុងគុណវិបត្តិនោះទេ។ ខ្ញុំបានលើកឡើងពីចំណុចនេះ នៅពេលដែលយើងបានទៅចូលរួមចាប់ឆ្នោតកម្មវិធីប្រកួតនៃលីគ នៅដើមរដូវកាល។ ការប្រកួតខ្លះគួរតែត្រូវបានផ្លាស់ប្តូរមួយថ្ងៃមុន ហើយនេះផ្តល់ឲ្យក្រុមកម្ពុជា ទទួលបាននូវឱកាសកាន់តែប្រសើរ។»

«នៅចុងបញ្ចប់ ប្រសិនបើយើងឈ្នះការប្រកួតខ្លះៗនៅក្នុងព្រឹត្តិការណ៍នេះ វាមានន័យថានឹងមានក្រុមច្រើនពីកម្ពុជា ចូលរួមនៅឆ្នាំក្រោយៗ ប៉ុន្តែយើងត្រូវតែប្រឹងប្រែងឲ្យអស់ពីសមត្ថភាព។ យើងចង់ធ្វើឱ្យអ្នកគាំទ្ររបស់យើងមានមោទកភាព ដូច្នេះនោះជាការលើកទឹកចិត្តរបស់យើង មិនថាការប្រកួតប្រជែង ឬគូប្រជែងនៅថ្ងៃពុធបែបណានោះទេ។» លោក Conor បានបន្ថែម។

គ្រូបង្វឹកសញ្ជាតិអៀរឡង់ដដែលរូបនេះបានបន្តថា៖ «ពិតណាស់វានឹងពិបាក។ យើងគោរពគូប្រជែងរបស់យើង ប៉ុន្តែយើងក៏មានទំនុកចិត្តថាយើងទើបតែចាញ់តែ ៣ដងប៉ុណ្ណោះ នៅក្នុងការប្រកួត ៤៣លើកចុងក្រោយរបស់យើង ហើយមាន១ ក្នុងបាល់ ១១ម៉ែត្រកាត់សេចក្ដី វគ្គផ្តាច់ព្រ័ត្រ និងម្ដងទៀតដែលជាការប្រកួតចុងក្រោយនៃលីគរដូវកាលមុន គ្រាដែលនៅពេលនោះយើងឈ្នះលីគរួចទៅហើយ និងចុងក្រោយទល់នឹងក្រុមឈរចំណាត់ថ្នាក់លេខ១ នៅអាស៊ីអាគ្នេយ៍ Ceres Negros។»

ការប្រកួតស្អែកនេះ ផងដែរ ព្រះខ័នរាជស្វាយរៀង នឹងត្រូវអវត្តមានខ្សែបម្រើជម្រើសជាតិកម្ពុជា ប្រាក់ មុន្នីឧត្តម ដោយសារបញ្ហារបួសក្បាលដែលរូបគេបានប៉ះទង្គិចអំឡុងការប្រកួតលីគកំពូលកម្ពុជា កាលពីថ្ងៃអាទិត្យ ជាមួយភ្នំពេញក្រោន។

លោក Conor Nestor បាននិយាយថា៖ «យើងនឹងមិនមាន ប្រាក់ មុន្នីឧត្តម ទេ ពីព្រោះយើងត្រូវផ្តល់ឲ្យគាត់នូវការសម្រាក ៤ថ្ងៃដោយសារតែរបួសក្បាល ដែលគាត់បានប៉ះទង្គិចកាលពីថ្ងៃអាទិត្យ។ យើងនឹងបាត់បង់គាត់ ប៉ុន្តែយើងនឹងតស៊ូដើម្បីធ្វើឱ្យយើងមានជំហរល្អនៅពេលគាត់ត្រឡប់មកវិញ។»

 

អត្ថបទ៖ សុភ័ក្ត្រ

មតិយោបល់