Timothy Okereke៖ «ខ្ញុំមិនលំបាកក្នុងការរកគ្រាប់បាល់ជាមួយក្រុមខ្លាំងៗនោះទេ»

មាស សុផាណារ៉ុង March 10, 2020


 

ភ្នំពេញ៖ ខ្សែប្រយុទ្ធភ្នំពេញក្រោន កីឡាករ Timothy Okereke បានទទូចថាគាត់មិនលំបាកនៅក្នុងការរកគ្រាប់បាល់ជាមួយក្រុមធំៗទេ បន្ទាប់ពីភ្នំពេញក្រោន ប្រកួតស្មើ ០ទល់០ ជាមួយក្រុមការពារតំណែងជើងឯក ព្រះខ័នរាជស្វាយរៀង នៅកីឡដ្ឋានស្មាតអរអេសអិន Smart RSN កាលពីថ្ងៃអាទិត្យកន្លងទៅ។

កីឡាករសញ្ជាតិនីហ្សេរីយ៉ារូបនេះ បានរកគ្រាប់បាល់បាន ៧គ្រាប់ហើយ ក្នុងការបង្ហាញខ្លួន ៣ប្រកួតជាប់ៗគ្នា សម្រាប់ក្លឹបបាល់ទាត់ភ្នំពេញក្រោន ប៉ុន្តែបានខកខានក្នុងការរកគ្រាប់បាល់លើក្រុមមានមូលដ្ឋាននៅខេត្តស្វាយរៀង កាលពីចុសងប្ដាហ៍។ គាត់បានជះឥទ្ធិពលយ៉ាងខ្លាំងដល់តំបន់ប្រយុទ្ធសម្រាប់ក្រុមរហស្សនាមសឹង្ហក្រហម នៅពេលគាត់ត្រូវបានគេនាំទៅក្លឹបដើម្បីជួយប្រជែងជើងឯកលីគកំពូលកម្ពុជា នៅរដូវកាលនេះ។

អតីតខ្សែប្រយុទ្ធអង្គរថាយហ្គឺរ រូបនេះបានប្រាប់សារព័ត៌មាន camsports.org ថា៖ «ខ្ញុំមិនលំបាកក្នុងការរកគ្រាប់ [នឹងក្រុមធំ] នោះទេ វាដោយសារតែស្ថានភាពពេលនៅគឺតម្រូវឲ្យអ៊ីចឹង។»

«ខ្ញុំធ្លាប់ទាត់បាល់បញ្ចូលទីលើក្រុមខ្លាំងៗ ហើយខ្ញុំនឹងបន្តធ្វើដូច្នេះ។ ខ្ញុំមិនអស់សង្ឃឹមក្នុងការឈ្នះស្បែកជើងមាសទេ ប៉ុន្តែរដូវកាលនេះពិតជាល្អសម្រាប់ភ្នំពេញក្រោន ខ្ញុំ និងអ្នកគាំទ្រ។» Timothy បន្ថែម។

និយាយអំពីលទ្ធផលស្មើជាមួយ ព្រះខ័នរាជស្វាយរៀង Timothy បានបរំឭកថា៖ «ការស្មើនេះគឺជាលទ្ធផលដ៏ល្អ ទោះជាមិនអស្ចារ្យក៏ដោយ។ វាជាការប្រកួតដ៏ស្វិតស្វាញសម្រាប់ក្រុមទាំងសងខាង។ មិនមានអ្នកណាល្អជាងអ្នកណាឡើយ ហើយព្រះខ័នរាជស្វាយរៀង តាមការគិតរបស់ខ្ញុំនៅតែជាក្រុមដែលមានកីឡាករក្នុងស្រុកល្អៗ និងមានបទពិសោធន៍ច្រើនក្នុងលីគ ដូច្នេះវាជារឿងដ៏ល្អសម្រាប់យើង។»

ភ្នំពេញក្រោន មិនស្គាល់ចាញ់ក្នុងលីគរដូវកាលនេះ ដោយឈ្នះ៣ និងស្មើ១  ធ្វើឲ្យពួកគេឈរនៅលើកំពូលតារាងក្រោយការប្រកួត ៤លើក ហើយ Timothy Okereke ពេញចិត្តនឹងការចាប់ផ្តើមដ៏អស្ចារ្យរបស់ក្រុមខ្លួន។

គេបានបន្ថែមទៀតថា៖ «កំណត់ត្រា គឺល្អឥតខ្ចោះសម្រាប់ពួកយើងបើប្រៀបធៀបទៅនឹងរដូវកាលមុន ដែលភ្នំពេញក្រោន ស្ថិតក្នុងចំណាត់ថ្នាក់ទាបជាងនៅពេលនេះ ដូច្នេះខ្ញុំពិតជារំភើបជាមួយនឹងកំណត់ត្រានេះ ពីព្រោះវាជាសញ្ញាដ៏ល្អមួយដែលបង្ហាញថាក្រុមនេះកាន់តែប្រសើរឡើង និងខ្លាំងជាងមុន រួមជាមួយកីឡាករបរទេសថ្មីទាំងអស់។»

សូមបញ្ជាក់ថា លទ្ធផលស្មើរវាងភ្នំពេញក្រោន ជាមួយព្រះខ័នរាជស្វាយរៀង កាលពីចុងសប្ដាហ៍ បានធ្វើឲ្យភ្នំពេញក្រោន បន្តឈរនៅលេខ១ មាន ១០ពិន្ទុ ក្រោយប្រកួត ៤ដង ឈ្នះ៣ និងស្មើ១ តាមពីក្រោយដោយព្រះខ័នរាជស្វាយរៀង នៅលេខ២ ក្រោយប្រកួត ៤ដងដូចគ្នា ឈ្នះ៣ និងស្មើ១ មាន​ ១០ពិន្ទុ និងខុសគ្នាត្រង់គ្រាប់បាល់ចំណេញ៕

 

រូបភាព៖ Phnom Penh Crown FC

អត្ថបទ៖ សុភ័ក្ត្រ

មតិយោបល់