ពានរង្វាន់សម្តេចតេជោ (ថ្នាក់ខេត្ត) អាចនឹងរកឃើញ ៣ក្រុមបន្ថែមឡើង វគ្គ៨ក្រុមចុងក្រោយ ល្ងាចនេះ

មាស សុផាណារ៉ុង March 10, 2020


 

ភ្នំពេញ៖ ការប្រកួតពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន (Hun Sen Cup) ថ្នាក់ខេត្ត លើកទី១៤ ឆ្នាំ២០២០ បានឈានដល់ការប្រកួតបញ្ចប់វគ្គជម្រុះតាមពូល នៅសប្ដាហ៍នេះហើយ ខណៈនៅថ្ងៃទី១០ ខែមីនា នេះនឹងបញ្ចប់ចំនួន ៣ពូល រវាងពូល ក ដល់ពូល គ ហើយក៏អាចនឹងរកឃើញ ៣ក្រុមបន្ថែមឡើងវគ្គ ៨ក្រុមចុងក្រោយផងដែរ។

យោងតាមកម្មវិធីប្រកួតរបស់គណៈកម្មការប្រកួតបាល់ទាត់កម្ពុជា នៅថ្ងៃអង្គារនេះ គឺមានគូ ៤ ក្នុងនោះពូល ‘ក’ រួមមាន ខេត្តបាត់ដំបង ប៉ះ ខេត្តពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង ជួប ខេត្តបន្ទាយមានជ័យ។ រីឯពូល ‘ខ’ ខេត្តព្រះវិហារ ជួបក្រុមភ្ញៀវខេត្តកំពង់ធំ និងពូល ‘គ’ ខេត្តព្រៃវែង ត្រូវជួប ខេត្តរតនគិរី។

  • ពូល ‘ក’

ពូល ក គឺជាពូលដែលកំពុងមានភាពតានតឹងជាងគេ ដោយគិតត្រឹមប្រកួតចុងក្រោយនេះ ក្រុមដែលទៅ៣ ក្នុងចំណោម ៤ក្រុមអាចមានលទ្ធភាពឡើងវគ្គបន្ត ដោយអាស្រ័យលើប្រកួតបិទពូលនេះផ្ទាល់តែម្ដង ពោលគឺ ពោធិ៍សាត់, បាត់ដំបង, កំពង់ឆ្នាំង​ ដែលនៅមានឱកាសសុទ្ធតែអាចមានភាគរយឡើងវគ្គបន្ត។

ក្រៅតែពីក្រុមទទួលបានចំណាត់ថ្នាក់លេខ១ ឡើងវគ្គបន្ត យ៉ាងណាមិញ ពូល​ ‘ក’ នេះក៏នឹងមាន ១ក្រុមទទួលបានកៅអីឡើងវគ្គបន្តផងដែរក្នុងនាមជាក្រុមលេខ២ល្អ ដ្បិតប្រកួតចុងក្រោយអាចនឹងក្រុមមានលទ្ធផល ប្រមូលបានលើសពី ៨ពិន្ទុ។

  • ពូល ‘ខ’

ការប្រកួតបិទពូល រវាងព្រះវិហារ ជាមួយ កំពង់ធំ ទោះបីមានលទ្ធផលឈ្នះ ចាញ់ ឬស្មើ យ៉ាងណាក៏ដោយ ក៏មិនអាចមានឱកាសឡើងវគ្គបន្តបានឡើយដ្បិតពិន្ទុប្រៀបធៀបតិចជាងក្រុមកំពូលតារាង ខេត្តសៀមរាប ស្របពេលឱកាសក្រុមលេខ ២ល្អ ក្នុងពូលនេះ ក៏ពុំមានដូចគ្នា ដ្បិតអាចរកបានត្រឹម ៦ពិន្ទុបើមានលទ្ធផលឈ្នះ ចាញ់ នៅប្រកួតនេះ។

  • ពូល ‘គ’

ពូល ‘គ’ ឯណោះវិញ ត្បូងឃ្មុំ ដែលអស់ការប្រកួតកំពុងឈរនៅកំពូលតារាងនៅមានទាន់ប្រាកដកៅអី ១០០ភាគរយនៅឡើយទេ ដ្បិតបើយោងតាមពិន្ទុ ព្រៃវែង ដែលនៅសល់មួយប្រកួតក្នុងដៃ អាចនឹងមានឱកាសឡើងមកកំពូលតារាងវិញ បើសិនជាយកឈ្នះរតនគីរី ជាមួយគ្រាប់បាល់លើសពី ២គ្រាប់។

យ៉ាងណាមិញ ត្បូងឃ្មុំ អាចនឹងមានឱកាសឡើងវគ្គបន្តផងដែរ ក្នុងនាមជាក្រុមលេខ២ ល្អ ដែលមានដល់ទៅ ៨ពិន្ទុក្នុងដៃនាពេលបច្ចុប្បន្ន។

ដូច្នេះចំពោះ ៣ក្រុមដែលអាចត្រូវបានសន្និដា្ឋនអាចកក់កៅអីវគ្គ ៨ក្រុមចុងក្រោយបន្ថែមនៅថ្ងៃនេះ គឺរវាង ២ក្រុមពីពូល ‘ក’ លេខ១ និងលេខ២ល្អ និងក្រុមពូល ‘គ’ អាចរកឃើញតែ ១ក្រុមបើខេត្តព្រៃវែង ចាញ់ រតនគីរី តែអាចរកបាន ២ក្រុមបើ ខេត្តព្រៃវែង ឈ្នះ រតនគីរី និងមានឱកាសឡើងក្នុងនាមជាក្រុមកំពូលតារាង ឬលេខ២ល្អប្រចាំពូលនេះ។

សូមរំឭកថា ក្រុម ៤ដែលធានាកៅអី ១០០ភាគរយ ទោះប្រកួតចុងក្រោយ ឬលទ្ធផលរបស់គូប្រកួតរួមពូលប្រែប្រួលយ៉ាងណាក៏ដោយ ក៏ទាំង ៤ក្រុមនេះ នៅតែមានឱកាសឡើងទៅវគ្គ ៨ក្រុមចុងក្រោយរួមមាន ខេត្តសៀមរាប ( ពូល ខ ) ខេត្តកំពង់ស្ពឺ ( ពូល ឃ ) និងខេត្តកែប ( ពូល ង ) ដែលបច្ចុប្បន្នកំពុងឈរនៅកំពូលតារាង ស្របពេលដែលខេត្តត្បូងឃ្មុំ ( ពូល គ ) អាចឡើងក្នុងនាមជាក្រុមកំពូលតារាង ឬក៏ជាក្រុមលេខ ២ល្អ។

បញ្ជាក់​ជាថ្មី​ថា ក្រុម​លេខ​១ ប្រចាំ​ពូ​ល​ទាំង​៥ នឹង​បាន​កៅអី​ឡើង​វគ្គ ៨​ក្រុម​ចុងក្រោយ បូក​នឹង​ក្រុម​លេខ ២​ល្អ ចំនួន ៣​ក្រុម​បន្ថែមទៀត ហើយនឹង​ចាប់ផ្ដើម​ប្រកួត​ពីថ្ងៃ​ទី​០៧ ខែមេសា រហូតដល់​ថ្ងៃទី​២០ ខែឧសភា ដែលជា​ការប្រកួត​ផ្ដាច់ព្រ័ត្រ វគ្គ​ថ្នាក់​ខេត្ត​​៕

 

រូបភាព៖ Hun Sen Cup – ពានរង្វាន់សម្តេច ហ៊ុន សែន

អត្ថបទ៖ ណារ៉ុង

មតិយោបល់