ទ័ព គ្រោងនាំគ្រូមានបទពិសោធន៍ដឹកនាំក្លឹប ឬជម្រើសជាតិថៃ មកដឹកនាំក្រុមឆាប់ៗខាងមុខ

មាស សុផាណារ៉ុង March 9, 2020


 

ភ្នំពេញ៖ បន្ទាប់ពីបង្កើតគណៈកម្មគ្រប់គ្រង និងទ្រទ្រង់ ក៏ដូចជាប្រកាសនូវដៃគូឧបត្ថម្ភដ៏រឹងមាំ កាលពីពេលថ្មីៗ សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ (ទ័ព) បានបង្ហើបនូវគម្រោងនាំគ្រូបង្វឹក ដែលមានបទពិសោធន៍ដឹកនាំក្លឹប នៅលីគថៃ ឬក្រុមជម្រើសជាតិថៃ មកដឹកនាំក្រុមខ្លួននាពេលឆាប់ៗខាងមុខ។ នេះបើតាមការបញ្ជាក់របស់ លោក ខូវ ឆាយ អគ្គលេខាធិការសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ។

លោក ខូវ ឆាយ (​ ពាក់អាវខាងក្នុងព៌ណក្រហម លេខ៣៥ )

ការបង្ហើបខាងលើ ក្រោយពេលសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ បានប្រកាសតែងតាំងលោក ស៊ុប៉ាឆៃ វីរៈពូជុង អគ្គនាយកស្ថានីយ៍ទូរទស្សន៍កងយោធពលខេមរភូមិន្ទប៉ុស្ដិ៍លេខ៥ ( TV5 ) ជាប្រធានគណៈកម្មការគ្រប់គ្រង និងទ្រទ្រង់សមាគម ហើយក៏ជាដៃគូឧបត្ថម្ភរបស់អតីតក្លឹបក្រសួងការពារជាតិនេះ ដោយ ១ឆ្នាំលោកឧបត្ថម្ភទឹកប្រាក់ ៣០ម៉ឺនដុល្លារ សម្រាប់រយៈពេល ១០ឆ្នាំ ទៀតផង។

លោក ខូវ ឆាយ បាននិយាយយ៉ាងដូច្នេះថា៖ «ជាគោលដៅ! លោក ស៊ុប៉ាឆៃ ឆន្ទៈរបស់គាត់ចង់បង្កើតសមត្ថភាពក្រុម។ ដូច្នេះយើងនឹងមានមធ្យោបាយច្រើន ដើម្បីបង្កើន តាមរយៈការបង្កើនសមត្ថភាពកីឡាករ ក៏ដូចជាការនាំយកគ្រូមានបទពិសោធន៍ និងមានចំណេះដឹងខ្ពស់ ដែលគាត់អាចនាំពីថៃ ព្រោះគាត់ជាជនជាតិថៃស្រាប់។ នេះជាផែនការមួយ យើងនឹងនាំគ្រូមកថៃ ដែលមានបទពិសោធន៍ដឹកនាំក្រុមលីគនៅថៃ ឬក្រុមជម្រើសជាតិ សម្រាប់មកធ្វើការជាមួយគ្រូក្នុងស្រុករបស់យើង។»

លោក ស៊ុប៉ាឆៃ វីរៈពូជុង ( ខាងស្ដាំ )

ជុំវិញការស្វែងរកគ្រូបង្គោល មកជំនួសតំណែង លោក ភា សុភ័ក្ដ្រា ដែលបានចាកចេញកាលពីជើងទី១ នៃលីគកំពូលកម្ពុជា ឆ្នាំ២០១៩ នេះ លោក ខូវ ឆាយ បានបង្ហើបទៀតថា កំពុងស្ថិតក្នុងដំណាក់កាលចរចា តែក៏មានសញ្ញាណវិជ្ជមានផងដែរ។ លោកបន្ថែមថា៖ «យើងកំពុងទាក់ទាងខាងគាត់ហើយ តាមរយៈលោក ស៊ុប៉ាឆៃ គាត់កំពុងទំនាក់ទំនងគ្រូមានបទពិសោធន៍នៅថៃ តែមិនទាន់ឈានដល់ការព្រមព្រៀង ប៉ុន្ដែប្រហែលជាអាចឆាប់ៗខាងមុខនេះហើយ។»

គួរដឹងថា តាំងពី លោក ភា សុភ័ក្ដ្រា បានចាកចេញ ក្រុមទើបប្ដូរឈ្មោះថ្មីនេះ គឺដឹកនាំដោយ លោក ទេព ឡុងរចនា តាំងពីពាក់កណ្ដាលរដូវកាលមុន ( ២០១៩ ) រហូតដល់បច្ចុប្បន្ន រដូវកាល២០២០ ហើយឆ្លងកាត់ការប្រកួត ៤លើកដំបូង សម្រាប់រដូវកាលថ្មីនេះ សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ បានបញ្ចប់ជាមួយលទ្ធផលឈ្នះ១ ស្មើ២ និងចាញ់១ មាន ៥ពិន្ទុក្នុងដៃ ឈរលេខ ៧ បណ្ដោះអាសន្ន។

បើសិនជាការចរចា សម្រេចជោគជ័យនោះបានសេចក្ដីថា សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ (ទ័ព) នឹងក្លាយជាក្លឹបទី៣ នៅរដូវកាល២០២០ នេះ ដែលមានគ្រូបង្វឹកជាជនជាតិថៃ បន្ទាប់ពី ក្លឹបគីរីវង់សុខសែនជ័យ និងក្លឹបបឹងកេត៕

 

អត្ថបទ៖ បុត្រា

មតិយោបល់